website_news:2017210704

រដ្ឋមន្រ្តីក្រសួងការងារ ឲ្យក្រុមហ៊ុននាំពលករ ធ្វើការនៅថៃ ការពារសិទ្ធិ និងផលប្រយោជន៍

http://www.daem-ampil-news.html ព្រហស្បតិ៍, ២០ កក្កដា ២០១៧ 17:46 ដោយ: អេង ប៊ូឆេង ID:049

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យក្រុមហ៊ុននាំពលករមកធ្វើការនៅប្រទេសថៃ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោករដ្ឋមន្រ្តីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ លោកបានដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសពលករឯកជនប្រចាំនៅប្រទេសថៃ នៅស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក។ លោកបានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំថា លោកជំរុញឲ្យក្រុមហ៊ុននាំពលករ ការពារសិទ្ធិនេះ ដើម្បីជៀសវាងការប្រព្រឹត្តិ អំពើល្មើសច្បាប់ផ្សេងៗរបស់ប្រទេសថៃ ដែលនាំទៅដល់ការចាប់ខ្លួន បញ្ជូនទៅកម្ពុជាវិញ។ ទន្ទឹមនោះ ក្រសួងនឹងចាត់វិធានការតឹងរឹង ចំពោះក្រុមហ៊ុនណាដែលអនុវត្តខុសច្បាប់ ឬប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់ ផលប្រយោជន៍ពលករ។

ក្នុងឱកាសនោះលោកក៏បានធ្វើការលើកឡើងពីបញ្ហារសើប មួយចំនួនដែលទាក់ទងទៅនឹង ពលករខ្មែរនៅថៃ ជាពិសេសពលករខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទំរង់ច្បាប់រឹតបន្តឹង ដល់និយោជក និងកម្មករខុសច្បាប់ ។ បញ្ហានេះនាំឲ្យពួកគាត់និងក្រុមគ្រួសារ មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថភាព និងជីវភាពរបស់ពួកគាត់ ជាពិសេស ការបណ្តេញចេញពលករខុសច្បាប់ពីប្រទេសថៃដែលធ្លាប់បានកើតឡើង ម្តងរួចមកហើយកាលពីឆ្នាំ២០១៤។ ដោយសារកត្តាទាំងនេះ ក្នុងកិច្ចទប់ស្កាត់ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ទើបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឲ្យមានក្រុមហ៊ុនជ្រើសរើស គ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការរំលោភបំពាន ការជួញដូរមនុស្ស និងការរស់នៅខុសច្បាប់។

បន្ថែមពីលើនេះលោកថា ការធ្វើចំណាកស្រុកជាបញ្ហាសាកល ដែលប្រទេសជាច្រើនបាននឹងកំពុងផ្តល់ លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឲ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបានបន្ទាប់ពីការ វិលត្រឡប់មកប្រទេសខ្លួនវិញ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា នៅតំបន់អាស៊ីមានប្រទេសចំនួន ៧ ក្នុងចំណោម ១០ ប្រទេសដែលបានបញ្ជូនពលករទៅ ធ្វើការនៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សិង្ហបូរី និងម៉ាឡេស៊ី។

សូមបញ្ជាក់ថា ការឧស្សាហ៍អញ្ជើញទៅប្រទេសថៃនេះ ក្រោយពីអាជ្ញាធរបានបញ្ជូនពលករខ្មែរ មកវិញជាបន្តបន្ទាប់។ ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅប្រទេសថៃមានចំនួន១លាន៥ម៉ឺននាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ ជាពលករស្របច្បាប់ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាព ស្របច្បាប់នៅឡើយ៕

website_news/2017210704.txt · Last modified: 2017/07/21 11:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki