website_news:2017210708

អ្នកនាំពាក្យ ក្រសួងការងារបកស្រាយ ការបង់ប្រាក់ ៩៥០បាត ចំពោះចែកលិខិតឆ្លងដែន សេសសល់ ដល់ពលករខ្មែរ នៅថៃ

http://www.daem-ampil-news.html សុក្រ, ២១ កក្កដា ២០១៧ 11:54 ដោយ: អេង គឹមជាង ID:012

ភ្នំពេញ ៖ លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបកស្រាយ ចំពោះការ ចែកលិខិតឆ្លងដែន ដល់ពលករខ្មែរ នៅសេសសល់ចំនួន១៦ម៉ឺននាក់ នៅប្រទេសថៃ ដែលតម្រូវឲ្យពួកគាត់បង់ ប្រាក់ចំនួន៩៥០បាត។

ក្រោយពីចុះត្រួតពិនិត្យស្ថានភាព ពលករខ្មែរនៅថៃ បន្ទាប់ពីមានការបញ្ជូនមកវិញជាបន្តបន្ទាប់នៅថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារបានប្រកាសថា កម្ពុជានឹងបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីផ្តល់លិខិតឆ្លងដែន ដែលនៅសេសសល់ ជូនពលករចំនួន១៦ម៉ឺននាក់ ដែលកំពុងធ្វើការងារនៅថៃ ព្រម ទាំង ធ្វើលិខិតឆ្លងដែនថ្មី ជូនពលករ ដែលមិនទាន់មានលិខិតឆ្លងដែន។

កាលពីឆ្នាំ២០១៥ ក្រសួងការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ ដល់ប្រទេស ថៃ ដើម្បីឲ្យពួកគេក្លាយជាពលករស្របច្បាប់។ កាលនោះ បានចំនួន ២៣ម៉ឺននាក់ ហើយប្រគល់បានតែ ៧ម៉ឺន នាក់ប៉ុណ្ណោះ ចំណែក១៦ម៉ឺននាក់ផ្សេងទៀត មិនទាន់បានប្រគល់ជូន។ ដើម្បីឲ្យការងារសម្រេចបាន ក្រសួង ដាក់ចេញយុទ្ធនាការ ១០០ថ្ងៃ ផ្តល់លិខិតឆ្លងដែន ជូនពលករដែលមិនទាន់ទទួលប័ណ្ណ និងបង្កើតក្រុមការងារ ចល័តចំនួន៤ក្រុម ចុះទៅដល់រោងចក្រចំនួន៥០ ដើម្បីជួបជាមួយនិយោជក និងពលកររៀបចំ ចែកប័ណ្ណជូន ដោយផ្ទាល់ និងធ្វើលិខិតឆ្លងដែនថ្មីជូន ។

លោក ហេង សួគ៌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ថា ចំពោះការតម្រូវឲ្យបង់ប្រាក់នេះ មិនមែនខាងស្ថានទូតកម្ពុជាទាមទារឲ្យបង់នោះទេ ប៉ុន្តែជាការតម្រូវពីរដ្ឋាភិបាលថៃទៅវិញទេ ។ លោកថា នៅសប្តាហ៍ក្រោយ ថៃនឹងចេញសេចក្តីជូនដំណឹងអំពីការបង់ប្រាក់នេះ ដើម្បីផ្សព្វផ្សាយដល់ពលករខ្មែរធ្វើការនៅថៃ។ លោកបន្តថា ចំពោះនៅថ្ងៃទី២១ កក្កដា នេះដែរ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោកផ្ទាល់ចុះជួបសំណេះសំណាលជាមួយពលករខ្មែរ៥០០នាក់ ធ្វើការនៅក្រុមហ៊ុន GFPT ដែលជាក្រុមហ៊ុនផលិតសាច់មាន់ ហើយក៏នឹងផ្សព្វផ្សាយចំពោះការបង់ប្រាក់នេះដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ ដោយធ្វើការរឹតបន្តឹងខ្លាំង ទៅលើពលករបរទេស មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែ ដែលទៅធ្វើការងារ នៅប្រទេសថៃខុសច្បាប់ ឬ ទទួលយកពលករ បរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត។ យ៉ាងណាច្បាប់នេះ ត្រូវពន្យាពេលអនុវត្តន៍ រហូតដល់ទៅ៦ខែ ដើម្បីទុកឱកាស ឲ្យពលករបរទេស ទៅបំពេញឯកសារ និងធ្វើប័ណ្ណឲ្យបានត្រឹមត្រូវគ្រប់គ្នាៗ៕

website_news/2017210708.txt · Last modified: 2017/07/21 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki