website_news:2017210709

ស្ថានតំណាងកម្ពុជា នៅវៀតណាម និងចិន ជួយពលករខ្មែរ ៨នាក់

http://www.daem-ampil-news.html សុក្រ, ២១ កក្កដា ២០១៧ 10:29 ដោយ: ស៊ាន កុសល ID:039

ភ្នំពេញ៖ ស្ថានតំណាងកម្ពុជា នៅវៀតណាម និងចិន បានជួយពលរដ្ឋខ្មែរ ៨នាក់ ដែលឆ្លងដែនដោយខុសច្បាប់ និងចាញ់បោកមេខ្យល់ឲ្យ បានវិលមកមាតុភូមិវិញ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលទទួលបាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ។

បើតាមលោក ជុំ សុន្ទរី ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានសហការជាមួយ នគរបាលខេត្តឡាក់សឺន ជួយសង្រ្គោះនារីខ្មែរ២នាក់ ឈ្មោះ យ.ស្រ.ល អាយុ២៧ឆ្នាំ និងឈ្មោះ ហ.ស្រ.ន អាយុ១៦ឆ្នាំ មកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់ បញ្ឆោតនាំយកទៅ ជួញដូរនៅប្រទេសចិន ដោយ ធ្វើដំណើរឆ្លងកាត់តាម ប្រទេសវៀតណាម ។

នារីទាំងពីរនាក់ បានចេញដំណើរ ពីកម្ពុជានៅថ្ងៃទី១៥ កក្កដា ២០១៧ ទៅដល់ខេត្តឡាក់សឺន នៅថ្ងៃទី១៨ កក្កដា ដោយមានមេខ្យល់ជនជាតិ វៀតណាមពីរនាក់ប្តី-ប្រពន្ធ រង់ចាំទទួលនៅចំណតរថយន្ត ដើម្បីឆ្លងដែនទៅប្រទេសចិន ប៉ុន្តែត្រូវបាននគរបាលប្រឆាំង ការជួញដូរមនុស្សខេត្តឡាក់សឺន ឃាត់ខ្លួនសួរនាំនិងស៊ើប អង្កេតតាមនីតិវិធី។ ស្ថានឯកអគ្គរាជទូតកម្ពុជា កំពុងរៀបចំសំណុំបែបបទ ដើម្បីបញ្ជូននារីរងគ្រោះទាំង២នាក់ ត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែររងគ្រោះចំនួន៣នាក់ ដូចខាងក្រោម៖

ស្រ្តីឈ្មោះ ក.ស.ល អាយុ៣០ឆ្នាំ មកពីស្រុកពារាំង ខេត្តព្រៃវែង និងឈ្មោះ អ.រ អាយុ២៣ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានមេខ្យល់បោក បញ្ឆោតនាំឆ្លងដែនចូល ប្រទេសចិនដោយខុសច្បាប់ តាមច្រករបៀងប្រទេសវៀតណាម ដើម្បីរៀបការជាមួយ បុរសជនជាតិចិន ដោយកុហកថានាំទៅធ្វើការ ។ ដោយរស់នៅពុំចុះសំរុងជាមួយប្តី ស្រ្តីទាំងពីរបានទៅស្ថាន អគ្គកុងស៊ុលនៅថ្ងៃទី១៨ មិថុនា ២០១៧ ស្នើសុំឲ្យបានត្រឡប់មកកម្ពុជាវិញ ។ ស្រ្តីឈ្មោះ ក.ឌ អាយុ២៥ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំធ្វើដំណើរ តាមយន្តហោះពីភ្នំពេញ ទៅដល់ព្រលានយន្តហោះក្វាងចូវ នៅថ្ងៃទី០១ ធ្នូ ២០១៣ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ និងបានរៀបការជាមួយ បុរសជនជាតិចិនក្នុងខេត្តអានហួយ ។ ដោយរស់នៅពុំចុះសំរុងជាមួយ ប្តី ស្រ្តីរូបនេះបានទៅ ស្ថានអគ្គកុងស៊ុលនៅថ្ងៃទី១២ កក្កដា ២០១៧ ស្នើសុំឲ្យបានត្រឡប់មកកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ សំភារៈប្រើប្រាស់ និងរៀបចំបែបបទធ្វើ ដំណើរជូនស្រ្តីខ្មែរទាំង៣នាក់ ហើយពួកគេនឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២៣:១៥នាទី តាមជើងយន្តហោះMU 759 ។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានជួយរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ ជាបុរសចំនួន៣នាក់ មានឈ្មោះ (១) សាម គី អាយុ៤២ឆ្នាំ មកពីស្រុកគិរីវង្ស ខេត្តតាកែវ (២) ឈ្មោះ ហែម ហុក អាយុ៣២ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ និង(៣)ឈ្មោះ គាំ ពារ អាយុ៣៨ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដែលមានជំងឺសរសៃប្រសាទ ហើយធ្វើដំណើរវង្វេង ចូលប្រទេសវៀតណាម និងត្រូវបានមន្ទីរគាំពារសង្គម ខេត្តគៀនយ៉ាងនិងខេត្តត្រាវិញ ទទួលឲ្យស្នាក់នៅបណ្តោះអាសន្ន មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុល ។

ស្ថានអគ្គកុងស៊ុលបានជូនពលរដ្ឋខ្មែរទាំង៣នាក់ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៧ និងប្រគល់ជូននគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដើម្បីបញ្ជូនបន្តទៅ ស្រុកកំណើតវិញ ៕

website_news/2017210709.txt · Last modified: 2017/07/21 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki