website_news:2017210802

មន្ត្រី និងអ្នកតស៊ូមតិថាច្បាប់នៅអាមេរិក និងអូស្ត្រាលីអាចជួយកម្ពុជា

http://www.phnompenh-post-news.html Mon, 21 August 2017 Daphne Chen and គង់ មេត្ដា

ភ្នំពេញៈ ក្រុមមន្ត្រី និងក្រុមអ្នកតស៊ូមតិនៃអង្គការការពារកុមារសង្ឃឹមថាច្បាប់ពិរុទ្ធជនផ្លូវភេទថ្មីនៅសហរដ្ឋអាមេរិក និងអូស្ត្រាលីអាចផ្ដល់ប្រយោជន៍ដល់កម្ពុជា ខណៈបុរសអាមេរិកម្នាក់កំពុងរង់ចាំការកាត់ទោសពីបទល្មើសរំលោភផ្លូវភេទលើក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់នៅបាត់ដំបង។ យោងតាមលោក ទៀង សំបូរមន្ត្រីតុលាការខេត្តបាត់ដំបងបានឲ្យដឹងថាលោក Robert Boehnlein អាយុ ៦៥ ឆ្នាំត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីសប្តាហ៍មុន។

ប៉ូលិសឲ្យដឹងថាគាត់ត្រូវបានចោទពីបទចាប់រំលោភក្មេងស្រីម្នាក់ជាច្រើនដងកាលពីឆ្នាំមុននៅគេហដ្ឋានដែលគាត់រស់នៅ។ តាមកំណត់ត្រារបស់តុលាការលោក Boehnlein ត្រូវបានផ្តន្ទាទោសក្នុងឆ្នាំ ២០០២ ពីបទរំលោភផ្លូវភេទលើកូនស្រីគាត់នៅអាមេរិក។ កំណត់ត្រាពិរុទ្ធជនផ្លូវភេទថាលោក Boehlein បានរស់នៅរដ្ឋ Louisiana និងរដ្ឋ Pennsylvania នាប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែបានឈប់បន្តការចុះឈ្មោះគាត់តាមការតម្រូវត្រឹមឆ្នាំ ២០១៤។ មន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថាលោក Boehnlein បានរស់នៅខេត្តសៀមរាប និងបាត់ដំបងប្រហែលពីរឆ្នាំមុនពេលត្រូវបានចាប់ខ្លួនក្នុងភោជនីយដ្ឋានមួយនៅក្រុងបាត់ដំបងកាលពីខែកក្កដាឆ្នាំនេះដោយមានជំនួយពីមន្ត្រីអាមេរិក។ បច្ចុប្បន្នមន្ត្រីនៅកម្ពុជា និងក្រៅប្រទេសសង្ឃឹមថាច្បាប់ថ្មីអាមេរិកអាចនឹងរារាំងជនល្មើសផ្លូវភេទដូចជាលោក Boehnlein នេះដើម្បីកុំឲ្យធ្វើដំណើរទៅក្រៅប្រទេសបានជាពិសេសប្រទេសដែលជាចំណុចក្តៅសម្រាប់ទេសចរណ៍ផ្លូវភេទលើកុមារ។

ច្បាប់ International Megan’s Law ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ប៉ុន្តែកំពុងធ្វើវិសោធនកម្មនៅឡើយដែលទាមទារឲ្យជនល្មើសរំលោភផ្លូវភេទលើកុមារនៅអាមេរិកគឺលិខិតឆ្លងដែនពួកគេត្រូវបោះត្រាមួយចំណាំឲ្យប្លែកពីគេ។ ច្បាប់នេះត្រូវបានតវ៉ាដោយក្រុមសិទិ្ធពិរុទ្ធជនផ្លូវភេទដែលពួកគេថាការបោះត្រានេះមានន័យថាជា «លិខិតពណ៌ក្រហម» នៃការរើសអើងប្រឆាំងពួកគេ។ ប៉ុន្តែច្បាប់នេះត្រូវបានស្វាគមន៍ដោយអាជ្ញាធរ និងក្រុមការពារកុមារនៅកម្ពុជា។

លោក សុខ វាសនា ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃថ្លែងថាអាជ្ញាធរមិនមានមធ្យោបាយត្រួតពិនិត្យពីជីវប្រវត្តិជនបរទេសដែលព្យាយាមចូលមកកម្ពុជាទេ។ ទោះជាយ៉ាងណាលោកថាមិនបានឮអំពីច្បាប់នេះទេ ប៉ុន្តែលោកបានថ្លែងថាវា «ល្អសម្រាប់ប្រទេសយើង»។ លោកបានបញ្ជាក់ទៀតថា៖ «យើងអនុញ្ញាតឱ្យជនល្មើសបំពានកុមារចូលប្រទេសយើងគឺដោយសារយើងមិនដឹង។ ប៉ុន្តែប្រសិនបើយើងដឹង…យើងនឹងមិនអនុញ្ញាតឱ្យគាត់ចូល…ទេ។ យើងអាចការពារប្រជាជនរបស់យើងបាន»។

លោក James McCabe ប្រធានអង្គការ Child Protection Unit ថ្លែងថា លោករីករាយដែលច្បាប់អាមេរិកនេះនឹងអាចបញ្ឈប់មនុស្សដូច Boehnlein មិនឲ្យចូលកម្ពុជាបាននាពេលអនាគត ប៉ុន្តែលោកថាប្រទេសនានាគួរសម្លឹងឲ្យឆ្ងាយ។

ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ស្រដៀងគ្នានេះដែរកាលពីខែមិថុនាដែលវាមោឃភាពនូវលិខិតឆ្លងដែនរបស់ជនល្មើសផ្លូវភេទនៅទូទាំងប្រទេសអូស្ត្រាលីតាមសំណើពី «អាជ្ញាធរមានសមត្ថកិច្ច»។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានឲ្យដឹងថាជនជាតិអូស្ត្រាលីដែលល្មើសផ្លូវភេទលើកុមារ ហើយបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសនឹងត្រូវប្រគល់ឯកសារធ្វើដំណើរផ្សេងជំនួសវិញ ដូច្នេះហើយពួកគេអាចវិលទៅប្រទេសអូស្ត្រាលីវិញបាន។

លោក McCabe យល់ថាច្បាប់នេះចាំបាច់ត្រូវវាយតម្លៃឡើងវិញជាពិសេសជនល្មើសវ័យក្មេងដែលពេលខ្លះមិនបានដឹងថាការរួមភេទការបង្ហាញរូបអាសអាភាសកុមារ ឬបទល្មើសកម្រិតស្រាលផ្សេងៗទៀតគឺជាបទល្មើសផ្លូវភេទទេ។ ប៉ុន្តែលោកលើកទឹកចិត្តឱ្យហាមជនជាតិអូស្ត្រាលីប្រព្រឹត្តល្មើស៕ NS

website_news/2017210802.txt · Last modified: 2017/09/01 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki