website_news:2017210807

ថៃចាប់ខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ជុំវិញការបោកបញ្ឆោតស្ត្រីថៃឲ្យជួញដូរផ្លូវភេទ

http://vodhotnews.com/ ដោយ សូរ្យ ជ័យឧត្ដម | ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ម៉ោង 1:23 PM

បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ក្រោយពីត្រូវបានចោទថាបានបោកបញ្ឆោតនារីជនជាតិថៃ ២០នាក់ ឲ្យបម្រើសេវាផ្លូវភេទទាំងបង្ខំ នៅឯកូរ៉េខាងត្បូង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីមន្ត្រីថៃកាលពីថ្ងៃម្សិលមិញនេះ។

AFP បានចុះផ្សាយបន្តថា លោក គីម យ៉ុង ចូន អាយុ ៣៩ឆ្នាំ ត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលបានបោកបញ្ឆោតនារីថៃឲ្យចូលទៅក្នុងជំនួញផ្លូវភេទនៅកូរ៉េខាងត្បូង ហើយការចាប់នេះកើតឡើងក្រោយពីក្រុងបាងកក និងក្រុងសេអ៊ូលព្យាយាមកម្ចាត់ក្រុមនេះចោល។

តម្រួតថៃ ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា លោក ចូន បានសន្យាផ្ដល់ការងារម៉ាស្សាដល់នារីថៃនៅឯប្រទេសកូរ៉េខាងត្បូង ប៉ុន្តែ ពេលទៅដល់ទីនោះ នារីថៃទាំងនោះ ត្រូវបានបង្ខំឲ្យធ្វើការជានារីពេស្យាចារ ដោយបានដកហូតលិខិតឆ្លងដែន និងបានបង្ខាំងទុក។

តម្រួតថៃបានឲ្យដឹងថៃ បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានចាប់ខ្លួននៅអាផាតមេនមួយកន្លែងនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ និងត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស។

អាជ្ញាធរថៃ និងកូរ៉េខាងត្បូង កំពុងស្វែងរកចាប់ខ្លួនស្ត្រីថៃម្នាក់ ដែលត្រូវបានសមត្ថកិច្ចជឿថា ជាអ្នកសមគំនិតជាមួយលោក ចូន ហើយស្ត្រីម្នាក់នោះកំពុងរត់គេចខ្លួន៕

website_news/2017210807.txt · Last modified: 2017/09/01 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki