website_news:2017210808

កុំចេះហ៊ាន! ពាក្យថា អស់លុយតិច ធានាសុវត្ថិភាព និងការងារល្អ

http://www.kaoh-santiphap-news. ៖ ឆោម ពិសម័យ ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣៦

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ៣នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីគំរាមប្លន់ទៅលើកម្មករខ្មែរដែលឆ្លងដែនទៅប្រទេសថៃ ហើយនៅរសៀលថ្ងៃទី២១ សីហា នេះ ពួកគេនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

ប្រភពពីអាវុធហត្ថខេត្តឱ្យដឹងទៀតថា ជនសង្ស័យខាងលើ ១-ឈ្មោះយឹម សាវុធ អាយុ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ២-ឈ្មោះជុំ រដ្ឋា អាយុ២៦ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៣-ឈ្មោះស៊ិន ចិន អាយុ៣៧ឆ្នាំ នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ក្នុងនោះ កម្លាំងដកហូតមានដូចជាដែកឆាបចុងស្រួច១ដើម និងលុយចំនួន២៥,០០០រៀល ។ ដោយឡែក ជនរងគ្រោះ១-ឈ្មោះវាសនា រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល និង២-ឈ្មោះអែល សង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអង់ឃុំព្រះខែ ស្រុកបសែត ខេត្តកំពង់ស្ពឺ ទាំង២នាក់ ជាកម្មករធ្វើការនៅប្រទេសថៃ ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង០៥ ២៥នាទីល្ងាចថ្ងៃទី១៩ សីហា ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។ បន្ទាប់ពីមន្ត្រីជំនាញទទួលបានបណ្ដឹងពីជនរងគ្រោះ ដែលចោទប្រកាន់ក្រុមនេះថា បានល្បូងនាំកម្មករឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់ ។ លុះនាំដល់កន្លែងស្ងាត់ ក៏ប្រើដែកស្រួចភ្ជង់គំរាមប្លន់យកលុយពីក្រុមកម្មករតែម្ដង ។

បើតាមបណ្ដឹងជនរងគ្រោះប្ដឹងទៅកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងថា ពួកខ្លួន ត្រូវជនមិនស្គាល់សាវតាពី៤ ទៅ៥នាក់ល្បួងនាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដោយពួកគេអះអាងថា «អស់លុយតិចហើយធានាសុវត្ថិភាព និងជាកន្លែងការងារល្អផង» ។ ជនរងគ្រោះបន្តថា ពេលនាំពួកខ្លួនទៅដល់កន្លែងស្ងាត់ ស្រាប់តែក្រុមនេះ ដកដែកឆាបចុងស្រូចភ្ជង់គំរាមប្លន់យកលុយពីពួកខ្លួន ដោយបានគំរាមយកលុយពីខ្លួនអស់ម្នាក់ ៣០០បាត និង៦០០បាត រួចគេចខ្លួនបាត់ ។

នៅចំពោះមុខ ជនសង្ស័យទាំង៣នាក់នេះបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រិត្តបែបនេះមែន និងក្រោយពីប្លន់បានលុយ ពួកខ្លួនយកទៅទិញថ្នាំញៀនជក់អស់ហើយ ។

website_news/2017210808.txt · Last modified: 2017/09/01 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki