website_news:2017211101

រាជរដ្ឋាភិបាលដាក់ចេញវិធានការ ទប់ស្កាត់ ការប្រើអំពើហិង្សាលើកុមារ

https://www.dap-news.com/kh ថ្ងៃច័ន្ទ, ២០ វិច្ឆិកា ២០១៧ 15:02 ដោយ: ធី លីថូ ID:069

ភ្នំពេញ៖ ស្របពេលកើតមានអំពើហិង្សាជារឿយៗ លើកុមារនៅកម្ពុជា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី ខៀវ បុរី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ ការប្រើប្រាស់អំពើហិង្សាលើកុមារ។

លោកស្រី ខៀវ បុរី បានថ្លែងក្នុងពិធីបើកយុទ្ធនាការ It Takes a World ដើម្បីបញ្ឈប់ អំពើហិង្សាលើកុមារ នៅផ្ទះនិងសាលារៀន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន រួមមាន៖ ការអនុវត្តច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានយន្តការ កិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធានាឲ្យបាននូវសុខុមាលភាពកុមារ និងការការពារ សង្គមចំពោះ កុមារកម្ពុជា”។ លោកស្រីបានបន្តថា ក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាជាតិកម្ពុជា កំពុងដំណើរការអនុវត្តលើការងារ រស់រានមានជីវិតក្នុងការអភិវឌ្ឍ ការការពារ លើកកំពស់សុខុមាលភាព និងការរួមចំណែករបស់កុមារឲ្យបាននូវសិទ្ធិទាំងបួនរបស់ពួកគេផងដែរ។ លោកស្រី ខៀវ បុរី បានឲ្យដឹងទៀតថា ជានិច្ចការសិទ្ធិកុមារភាព របស់ពួកគេ ត្រូវបានគំរាមកំហែង ដោយកង្វះការការពារអំពើហិង្សារបស់ពួកគេ នៅកន្លែង ដែលមានសុវត្ថិភាពបំផុតរបស់ពួកគេ ។ កន្លែងទាំងនោះរួមមាន៖ នៅតាមសាលារៀន និងតាមផ្ទះជាដើម។

រដ្ឋលេខាធិការក្រសង្គមកិច្ចបានបន្ថែមថា សក្ខីភាពប្រវត្តិសាស្រ្ត លុបបំបាត់ ការប្រើប្រាស់ អំពើហិង្សាលើកុមារ ក្លាយជាគោលដៅមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព នៅថ្ងៃខាងមុខផងដែរ។ ចំណែកខាងក្រសួងកិច្ចការនារី ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីលុបបំបាត់ការប្រើប្រាស់ អំពើហិង្សាលើកុមារ និងស្រ្តីឲ្យមានប្រសិទ្ធិភាពផងដែរ។ សូមបញ្ជាក់ថា កុមារចំនួន ១,៧ កោដិនាក់ ត្រូវបានរងគ្រោះពីការប្រើប្រាស់អំពើហិង្សា ជារៀងរាល់ឆ្នាំ នៅគ្រប់បណ្ដាលប្រទេស និងសហគមន៍។ នៅកម្ពុជា កុមាររងគ្រោះដោយអំពើហិង្សា មានចំនួន ៧៥% (ផ្លូវកាយ និងផ្លូវចិត្ត)។ ៥០% ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ , ២៥% ទទួលរងអំពើហិង្សាផ្លូវចិត្ត និង៥% ទទួលរងអំពើហិង្សាផ្លូវភេទ៕

website_news/2017211101.txt · Last modified: 2017/11/21 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki