website_news:2017211202

ខេត្តឧត្តរមានជ័យផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការទប់ស្កាត់អំពើជួញដូរមនុស្ស

http://www.akp.gov.kh/ AKP ខេត្តឧត្តរមានជ័យ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧

-នៅសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យមានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីយន្តការនៃការធ្វើចំណាក់ស្រុកប្រកបដោយសុវត្ថិភាព និង ការទប់ស្កាត់អំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ប៊ូ សាខន អភិបាលរងខេត្ត និង ឯកឧត្តម ខាំ វិសាល សមាជិកក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធអភិបាល អភិបាលរង ក្រុងសំរោង ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ចៅសង្កាត់ទាំងអស់ក្នុងក្រុងសំរោង សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ២៣០នាក់ ។

លោក ម៉ូត សុខមេសា អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើរបាយការណ៍ស្តីពីយន្តការនៃការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការទប់ស្កាត់អំពើជួញដូរមនុស្ស ។ ដោយអនុលោមតាមកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា ដែលក្នុងនោះកំណើនការងារថ្មីៗនេះកាន់តែមានច្រើនឡើងៗតម្រូវការកម្លាំងពលកម្មក៏ច្រើនដែរ នេះត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រ នៃអាទិភាពមួយក្នុងចំណោមគោលដៅយុទ្ធសាស្ត្រទាំង៤ ។ លោកបានបន្តថា ជាមួយការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព កំពុងបាននាំមកនូវវឌ្ឍនភាពជូនជាតិ និងប្រជាជន និង អនុវត្តន៍តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ក៏ដូចជាផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៣ សម្រាប់ឆ្នាំ ២០១៤-២០១៨ រួមមាន៖

ទី១- ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ទី២- ការអភិវឌ្ឍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ។ ទី៣- ការពង្រឹងអភិបាលកិច្ចល្អ ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនទៀត ។

ឯកឧត្តម ប៊ូ សាខន អភិបាលរងខេត្តមានប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយនូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរមនុស្សគ្រប់រូបភាព យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាដោយធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យដឹងអំពីការគ្រោះថ្នាក់ទាំងអស់នេះ ហើយចំណុចពិសេសមួយទៀត គឺត្រូវបង្កើនការងារឱ្យបានច្រើន និងតម្លៃសមរម្យសម្រាប់ពួកគាត់ និងការជួយអន្តរាគមន៍ ការរៀបចំឯកសារនានាដែលចាំបាច់ និងការជួយពន្យល់ដល់ពួកគាត់អំពីការចាញ់បោកមេខ្យល់ ដែលតែងតែអះអាងពីការនាំទៅធ្វើការនៅប្រទេសនោះ នៅប្រទេសនេះ ដែលកន្លងមកបងប្អូនយើងឧស្សាហ៍ចាញ់បោកគេជារឿយៗ ។

ចំណុចមួយទៀត គឺអាជ្ញាធរភូមិ ឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ពីព្រោះអស់លោកនៅជាប់ជាប្រចាំជាមួយពួកគាត់តែម្តង ។សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះក៏មានការបង្ហាញជូនពីសៀវភៅណែនាំ សម្រាប់ប្រជាជនកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅបរទេសផងដែរ ៕ដោយ ទិត ស៊្រ

website_news/2017211202.txt · Last modified: 2017/12/21 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki