website_news:2017220201

សម្តេចតេជោជំរុញឲ្យអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងបង្ក្រាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព

http://www.rasmeinews.com/local ដោយ ៖វិបុល ថ្ងៃទី 21 កុម្ភៈ 2017 ម៉ោង 06:05:PM

(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ឋទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្ក្រាបការជួញដូរនិងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព និងសូមចូលរួមគាំទ្រ លើកកំពស់សិទ្ធិសេរីភាព និងការចូលរួមរបស់ស្ត្រីឲ្យបានកាន់តែច្រើនឡើង។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ សម្តេចតេជោ បានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់ក្រសួងកិច្ចការនារី និងក្រសួងមន្ទីរ ស្ថាប័ននានានិងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមគាំទ្រជំរុញ និងលើកតម្កើងស្ត្រី ឲ្យចូលរួមកាន់តែច្រើនឡើង នៅក្នុងកិច្ចការសង្គម។ ជាមួយគ្នានេះ យោងទៅលើការវិវឌ្ឍន៍នៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្ត្រីជាគ្រូបង្រៀននឹងកើនឡើងជាមិនខាន។កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧,៧%) នៅកម្ពុជា គឺបានផ្តល់អោយស្រី្តខ្មែរកាន់តែមានឱកាសចូលរួមក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ស្ត្រីខ្មែរ ចូលរួមជាចលនាក្នុងការបង្ក្រាបគ្រឿងញៀនគ្រប់ប្រភេទនិងត្រូវប្រុងប្រយ័ត្នចំពោះសំណើសុំពរពោះពីបរទេស ដែលអាចបម្រើផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះថ្នាក់ធំបំផុត។ ចំពោះបញ្ហាសំខាន់មួយទៀត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ មិនមែនជារបស់រដ្ឋទេ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនយល់ច្រឡំខុសដែលបង្កបញ្ហាធ្ងន់ធ្ងរ ដល់ស្ត្រីភាគច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី សមាគម អង្គការដៃគូជាតិ និងអន្តរជាតិនានាដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារបញ្ជ្រាបយេនឌ័រ (Gender) ព្រមទាំងផ្តល់នូវវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់ស្ត្រី។ សម្តេចតេជោបានស្នើឲ្យបង្កើន អត្រាស្ត្រីឲ្យបានចូលរួមកាន់តែច្រើនថែមទៀតនៅក្នុងក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ៕

website_news/2017220201.txt · Last modified: 2017/02/22 10:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki