website_news:2017220202

ការវិនិយោគពិតជាបានជួយបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជា

http://bayontv.com.kh 21/02/2017

ព្រះសីហនុ ៖ ការវិនិយោគជាតិ–អន្តរជាតិនៅប្រទេសកម្ពុជា បានបន្ដជួយបង្កើតការងារ និងកាត់បន្ថយការធ្វើចំណាក ស្រុករបស់ពលរដ្ឋកម្ពុជា ហើយធ្វើឲ្យមានវឌ្ឍនភាពរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិ។

ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានថ្លែងថា ការវិនិយោគពិតជាបានជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក ដើម្បីអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនជឿនលឿន ហើយក្រុមហ៊ុនទាំងឡាយគម្រោងផែនការ វិនិយោគច្បាស់លាស់ មានឆន្ទៈពិតៗក្នុងការងារនេះ នឹងត្រូវបានស្វាគមន៍។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងកិច្ច ប្រជុំ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គម្រោងស្ថាបនាប្រព័ន្ធខ្សែកាប អុបទិច ក្រោមបាតសមុទ្រ នៅសាលាខេត្ដព្រះសីហនុ កាលពីម្សិលម៉ិញ ថ្ងៃទី២០ ខែកុម្ភៈ នេះ។ ឯកឧត្តម បានបន្ដថា រាល់ការវិនិយោគ ទាំងអស់ ក្រុមហ៊ុន ត្រូវសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់នានាពាក់ព័ន្ធបរិស្ថាន និងដោះស្រាយឲ្យបានសមរម្យ ដើម្បីបន្ដការ អនុវត្តន៍ផែនការវិនិយោគឲ្យបានរលូនជាមួយរដ្ឋបាលខេត្ដព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ហើយការវិនិយោគនេះមានភាពទំនើប និងពិតជាបានធ្វើឲ្យវិស័យទូរគមនាគមន៍កម្ពុជាមានការរីកចម្រើនជឿនលឿនដូចប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក។

កាលពីខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន CFOCN បានទទួលអាជ្ញាប័ណ្ណសាងសង់បណ្ដាញគមនាគមន៍ អន្ដរជាតិ តាម រយៈប្រព័ន្ធខ្សែកាប អុបទិចក្រោមបាតសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ហើយនៅខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុននេះ បានចុះ កិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការផ្ដល់សិទ្ធិស្ថាបនា និងផ្ដល់សេវាទូរគមនាគមន៍អន្ដរជាតិ តាមប្រព័ន្ធខ្សែកាប អុបទិច និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រយៈពេល២៥ឆ្នាំ។ ប្រព័ន្ធខ្សែកាប អុបទិចនេះ មានប្រវែងជាងពីរម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ទ្វីបបី គឺទ្វីបអាស៊ី អាហ្វ្រិក និង ទ្វីបអឺរ៉ុប ដែលបោះទុនវិនិយោគជិត៧០លានដុល្លារ ក្នុងនោះឆ្លងកាត់ប្រទេសកម្ពុជា មានប្រវែងជិត ៤០០គីឡូម៉ែត្រតែប៉ុណ្ណោះ៕

website_news/2017220202.txt · Last modified: 2017/02/22 10:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki