website_news:2017220203

ធ្លាប់ឮតែនៅវៀតណាមនិងថៃ ឥឡូវខ្មែរទៅសុំទានដល់ម៉ាឡេស៊ីទៀត

http://www.rasmeinews.com/local ដោយ ៖មុនីរ័ត្ន-វាសនា ថ្ងៃទី 21 កុម្ភៈ 2017 ម៉ោង 06:03:PM

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ ដែលបានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃ ទៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ ដើម្បីធ្វើជាអ្នកសុំទាន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ីចាប់ខ្លួន បានវិលត្រឡប់មកកាន់កម្ពុជាវិញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺបន្ទាប់ពីមានការជួយអន្តរាគមន៍ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៧នាក់ (ក្នុងនោះកុមារ៤នាក់) ដូចឈ្មោះដូចជា ១. យ.ឌ ភេទស្រី អាយុ ៤៨ឆ្នាំ មកពីខេត្តបាត់ដំបង។ ២.យ.ត ភេទស្រី អាយុ ៥ឆ្នាំ ជាកូនរបស់ឈ្មោះ យ.ឌ។ ៣. ឆ.ន.យ ភេទស្រី អាយុ ២៩ឆ្នាំ មកពីខេត្តបាត់ដំបង។ ៤.ល.ស.ទ ភេទស្រី អាយុ២ខែ ជាកូនរបស់ឈ្មោះ ឆ.ន.យ។ ៥. ឆ.ល ភេទប្រុស អាយុ ៤ឆ្នាំ ជាកូនរបស់ឈ្មោះ ឆ.ន.យ។ ៦.ល.អ.មភេទស្រី អាយុ៣៥ឆ្នាំ មកពីខេត្តបាត់ដំបង និងទី៧. ល.ម ភេទប្រុស អាយុ១ឆ្នាំ ជាកូនរបស់ ល.អ.ម។ លោកបានបញ្ជាក់ថា ពលរដ្ឋខ្មែរខាងលើ បានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅម៉ាឡេស៊ីខុសច្បាប់ ធ្វើជាអ្នកសុំទាន កាលពីខែសីហា ឆ្នាំ២០១៦។ នៅខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរម៉ាឡេស៊ីបាននាំយកពួកគេទៅស្នាក់នៅ Shelter Home នៅរដ្ឋ Negeri Sembilan។ មន្ត្រីស្ថានទូតបានទៅសួរសុខទុក្ខ ចេញលិខិតធ្វើដំណើរ និងឧបត្ថម្ភសំបុត្រយន្តហោះជូនពលរដ្ឋខ្មែរទាំង៧នាក់ ដើម្បីត្រឡប់មកកម្ពុជាវិញ ហើយពួកគេនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៦:០០ នាទី តាមជើងយន្តហោះ AK534 ។

ក្រោយពីឮព័ត៌មានស្តីពីការបញ្ជូនអ្នកសុំទានមកពីកម្ពុជាវិញ ក៏មានប្រតិកម្មច្រើនថាជនកម្ពុជាមិនគួរជ្រើសយកការសុំទានជារបរឆ្លងដែនទេ និងថាអាជ្ញាធរគួរអាម៉ាសមុខដោយសារតែជនកម្ពុជាកាន់តែពង្រីករបរសុំទានពីប្រទេសមួយទប្រទេសមួយ ព្រោះកន្លងមកធ្លាប់ឮអ្នកសុំទានខ្មែរនៅថៃនិងវៀតណាម ឥឡូវធ្លាយដល់ម៉ាឡេស៊ីទៀត។មតិខ្លះលើកឡើងថាដើម្បីបង្ការរឿងអាម៉ាសឆ្លងដែននេះ អាជ្ញាធរកម្ពុជាគួរកំណត់មុខសញ្ញានិងឃ្លាំមើលដំណើររស់អ្នកសុំទានដែលធ្លាប់ត្រូវចាប់បញ្ជូនពីបរទេសមកកម្ពុជាវិញដើម្បីកុំអោយឆ្លងដែនទៅប្រកបរបរបែបនេះទៀត៕

website_news/2017220203.txt · Last modified: 2017/02/22 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki