website_news:2017220204

នគរបាលខេត្តស្ទឹងត្រែងទទួលពលរដ្ឋខ្មែរ២នាក់ពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ

http://police.gov.kh/blog 9:20 pm 21 កុម្ភះ 2017 121

ស្ទឹងត្រែង៖ នារីខ្មែរ២នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយទាហ៊ានឡាវចាប់ខ្លួន និងដាក់ពន្ធនាគារជាង១ខែ ដោយសារលួចឆ្លងដែនខុសច្បាប់។ តាមការអោយដឹងពីស្នងការដ្ឋាននគរបាលខេត្តថា នារីខ្មែរ២នាក់ខាងលើនោះ ត្រូវទាហ៊ានឡាវចាប់ខ្លួនក្នុងករណីផ្សេងគ្នា ហើយត្រូវចាប់ខ្លួនគ្រាជិះម៉ូតូផ្ទាល់ខ្លួនទៅដល់ប៉ុស្តិ៍តម្រួតឡាវ ក្រុងប៉ាកសេបន្ទាប់មកទើបបញ្ជូនទៅដាក់ពន្ធនាគារបឹងយ៉ ក្រុងប៉ាកសេ ក្រោយឃាត់សួរនាំគ្មានលិខិតស្នាមឆ្លងដែន។ នារីទាំង២នាក់មានឈ្មោះទី១ ហេង សុគន្ធា អាយុ៣៦ឆ្នាំ រស់នៅភូមិ១ ឃុំព្រែកខ្សាច់ ស្រុកពាមរ៍ ខេត្តព្រៃវែង និងនារីម្នាក់ទៀតមានសតិមិនគ្រប់គ្រាន់ក្រោយស៊ើបអង្កេតដឹងថា រស់នៅស្រុកស្នួល ខេត្តក្រចេះនាងត្រូវតម្រួតឡាវចាប់ខ្លួនគ្រាដើរវង្វេងចូលដល់ប្រទេសឡាវ។

ក្រោយទទួលដំណឹងថាពលរដ្ឋខ្មែរ២នាក់ជាប់ឃុំនៅប្រទេសឡាវ លោក ប៊ុន ហេង កុងស៊ុល ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទៅទំនាក់ទំនងភាគីឡាវសុំទទួលមកវិញប្រគល់អោយមន្ទីរកិច្ចការនារី នៅព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់មកមន្ទីរកិច្ចការនារីបានបន្តប្រគល់ទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកទីលំនៅអោយក្រុមគ្រួសារមកទទួលត្រឡប់ទៅវិញ។ តាមការអោយដឹងពីនារីឈ្មោះ ហេង សុគន្ធា ហៅ វីន បានរៀបរាប់ថា ខ្លួនបានជិះម៉ូតូផ្ទាល់ខ្លួនឆ្លងកាត់ខេត្តមួយចំនួនជួបបងប្អូនសាច់ញាតិ ទើបន្តជិះម៉ូតូឆ្លងចូលដីឡាវទៅលេងមិត្តភ័ក្កនៅក្រុងវៀងច័ន្ទ លុះទៅដល់ក្រុងប៉ាកសេ ក៏ត្រូវតម្រួតឡាវឃាត់រកលិខិតឆ្លងដែន ដោយពុំមានលិខិតស្នាម ទើបចាប់ខ្លួនតែម្តង។ នារីដដែលបន្តថា ខណៈតម្រួតឡាវចាប់ពួកគេបានដកហូតម៉ូតូឌ្រីមស៊េរីឆ្នាំ២០០៧មួយគ្រឿង លុះបញ្ជូនទៅពន្ធនាគារបឹងយ៉ ក្រុងប៉ាកសេ ក្រុមអនុរក្សពន្ធនាគារដកហូតនាឡិការដៃមួយគ្រឿងនិងចញ្ចៀនពីរវង់ទៀត។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា ក្រោយទទួលនារីពលរដ្ឋខ្មែរ២នាក់នោះមកដល់ស្នងការដ្ឋាន លោកបានផ្គត់ផ្គងអាហារ និងបញ្ជាអោយមន្ត្រីនៃការិយាល័យប្រឆាំងការជួញដូរមនុស្សស្រាវជ្រាវ និងទំនាក់ទំនងទៅគ្រួសារអោយមកទទួលត្រឡប់ទៅវិញ។ ហើយនារសៀលថ្ងៃទី២១កុម្ភៈដដែលនេះ ក្រុមគ្រួសារបានមកទទួលនារីខាងលើនោះផងដែរ។ ចំណែកលោក ប៊ុន ហេង អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាសេ ក៏បានទំនាក់ទំនងបន្ថែមស្នើរសុំម៉ូតូរបស់នារី ហេង សុគន្ធា នោះមកប្រគល់អោយវិញផងដែរ៕

website_news/2017220204.txt · Last modified: 2017/02/22 10:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki