website_news:2017220302

សមត្ថកិច្ចបញ្ជូនខ្លួនម៉ែយ៉ែម និងឪយ៉ែម ពីរនាក់ ទៅតុលាការ

http://ann.com.kh/blog/detail ដោយ: ឡុក សំរិតថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ប្តីប្រពន្ធ ជាថៅកែហាងម៉ាស្សា យីហោ “៧៧៧៧” ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមប្រភពពីសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ញ៉ែម សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងឈ្មោះ ថាច់ ថង់ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គួររំលឹកថា កាលពីយប់ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ “៧៧៧៧” ស្ថិតនៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយសង្ស័យថា មានបង្កប់សេវាផ្លូវភេទដោយខុសច្បាប់។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរំដោះស្ត្រីជាជនរងគ្រោះចំនួន៤នាក់ និងរកឃើញវត្ថុតាងមួយចំនួន ដូចជាស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ មួយចំនួនធំ សៀវភៅកត់ត្រាបញ្ជីមួយចំនួនផងដែរ៕

website_news/2017220302.txt · Last modified: 2017/03/22 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki