website_news:2017220303

ការនាំចេញទឹកដោះម្ដាយ ពីកម្ពុជាទៅអាមេរិក ត្រូវបានផ្អាកបណ្ដោះអាសន្ន

http://www.postkhmer.com Wed, 22 March 2017 គង់ មេត្ដា and Erin Handley

ភ្នំពេញៈ រដ្ឋាភិបាលនៅសប្តាហ៍នេះបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចេញទឹកដោះម្តាយកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយបារម្ភខ្លាចមានការធ្វេសប្រហែសរបស់ស្ត្រីជាម្តាយក្នុងការផ្តល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដល់កុមារជាកូន ហើយខ្លាចពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចសរីរាង្គមនុស្ស

ទោះបីយ៉ាងណាលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងពីម្សិលមិញថា ក្រសួងនឹងសម្រេចថាតើត្រូវបន្តឬយ៉ាងណា? ក្រសួងក៏បានបង្កើតជាគណៈកម្មការដើម្បីពិនិត្យបញ្ហានេះផងដែរ។ លោកបានបន្តថា៖«គណៈកម្មការនឹងផ្តល់យោបល់ឲ្យខ្ញុំហើយខ្ញុំនឹងធ្វើការសម្រេចចិត្ត។ យើងបានជំរុញឲ្យស្ត្រីធ្វើការបំបៅកូនដោយទឹកដោះដែលជាគោលការណ៍មួយរបស់យើង»។ លោកបានបញ្ជាក់ថា៖ «ការកេងប្រវ័ញ្ច ឬការធ្វើអាជីវកម្មលើសរីរាង្គមនុស្សគួរតែត្រូវហាមឃាត់។ តែនេះជាគំនិតរបស់ខ្ញុំទេ»។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាកិច្ចប្រជុំមួយជាមួយក្រសួងសុខាភិបាលនឹងត្រូវធ្វើនៅក្នុងខែនេះដើម្បីកំណត់ថាតើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាការយកទឹកដោះម្តាយនេះមានលក្ខណៈយ៉ាងណា។ លោកថា៖ «វាជាការយកចេញពីមនុស្សជាទឹកដោះមនុស្ស អ៊ីចឹងវាមានលក្ខណៈរសើបបន្តិច។ យើងត្រូវពិនិត្យមើលសិន យើងមិនទាន់ថាម៉េចទេ គ្រាន់តែព្យួរសិន»។

ការសម្រេចចិត្តដែលប្រកាសឲ្យដឹងនៅសប្តាហ៍នេះត្រូវបានលោក គុណ ញឹម ស្នើក្នុងលិខិតមួយដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុន្នីរ័ត្ន ហើយត្រូវបានលោកធ្វើចំណារកាលពីថ្ងៃចន្ទដើម្បីបើកផ្លូវឲ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនាពេលឆាប់ៗនេះដែលមន្ត្រីគយយល់ថាមានសមត្ថកិច្ចជជែកពីបញ្ហាសុខភាពមាតា និងកុមារ។ នេះបើតាមលោក រ័ត្ន និស្ស័យ មន្ត្រីផ្នែកកិច្ចការច្បាប់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ក្រុមហ៊ុន Ambrosia Labs គឺជាក្រុមហ៊ុនតែមួយគត់ដែលបានប្រមូលទិញទឹកដោះបូមពីអ្នកម្តាយមួយចំនួនរបស់កម្ពុជាយកទៅលក់នៅអាមេរិក។ លោកនិស្ស័យបានថ្លែងពីម្សិលមិញថា៖«យើងមានការបារម្ភធំបំផុត ទាក់ទងនឹងបញ្ហាអាហារូបត្ថម្ភរបស់កុមារកម្ពុជា។ យើងបានផ្អាកសិននូវការនាំចេញដោយសារមិនប្រាកដថាតើម្តាយហ្នឹងផ្តល់ទឹកដោះគ្រប់គ្រាន់ទៅកូន ឬក៏ទុកទឹកដោះសម្រាប់តែលក់ហើយរកអីផ្សេងជំនួសទឹកដោះម្តាយឲ្យកូនញ៉ាំ»។ មន្ត្រីម្នាក់ទៀតនៅអគ្គនាយកដ្ឋានគយបានប្រាប់ថាចំពោះមន្ត្រីគយឲ្យតែមានលិខិតអនុញ្ញាតនាំចេញ នោះគយនឹងអនុញ្ញាត ប៉ុន្តែការនាំចេញទឹកដោះម្តាយនេះមិនទាន់មានការអនុញ្ញាតពីក្រសួងសុខាភិបាលនៅឡើយព្រោះពាក់ព័ន្ធនឹងសុខភាពមនុស្ស។លោកថា៖ «យើងខ្លាចយកទឹកដោះពីមនុស្សយើង ហើយអត់ស្អាត ឬមានមេរោគអនាម័យ ឬអត់អីនោះ អ៊ីចឹងយើងចង់ឲ្យឆ្លងកាត់ក្រសួង (សុខាភិបាល) បញ្ជាក់ថាអត់មេរោគអីជាដើម។ នោះក៏បង្ហាញពីការចុះបញ្ជិកាត្រឹមត្រូវដែរ»។

លោក Bronzson Woods ស្ថាបនិកក្រុមហ៊ុន Ambrosia Labs ដែលមានមូលដ្ឋាននៅរដ្ឋ Utah សហរដ្ឋអាមេរិកហើយបានធ្វើប្រតិបត្តិការនៅតំបន់ស្ទឹងមានជ័យបានថ្លែងកាលពីម្សិលមិញថាក្រុមហ៊ុនលោកបានផ្អាកប្រតិបត្តិការនៅកម្ពុជាក្នុងពេលនេះ។ លោកថ្លែងតាមសារអេឡិចត្រូនិកថា៖ «យើងបានប្រាប់ម្ចាស់ជំនួយមុនថាមានបញ្ហាអ្វីបានកើតឡើង។ ខាងគយបានស្នើឲ្យយើងមានការអនុញ្ញាតពីក្រសួងសុខាភិបាលថាទឹកដោះហ្នឹងគឺមិនមែនជាសរីរាង្គមនុស្ស»។

កាលពីឆ្នាំ ២០១៥ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានបរទេស Salt Lake Tribune លោក Woods បានបញ្ជាក់ថា៖ «យើងមិនចង់យកទឹកដោះចេញពីមាត់កុមារទេ»។

មន្ត្រីគយ លោក និស្ស័យ ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ផងដែរថាក្រុមហ៊ុននេះបានបង្ហាញនូវលិខិតដែលថាគេទិញទឹកដោះពីស្ត្រីដែលបំបៅកូនដោយទឹកដោះហើយទារកមានអាយុលើស ៦ ខែ។

អតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ដែលបានសរសេរឲ្យសារព័ត៌មាន Vice.com នូវបញ្ហានាំចេញទឹកដោះម្តាយកម្ពុជាចេញផ្សាយនៅសប្តាហ៍មុនថាមានស្ត្រីកម្ពុជាប្រមាណ ៥០ នាក់ដែលភាគច្រើនមានជីវភាពក្រីក្រត្រូវបានក្រុមហ៊ុនជួលឲ្យបូមទឹកដោះពួកគេលក់ឲ្យក្រុមហ៊ុនវិញដោយផ្តល់កម្រៃ ០,៦៤ សេនដុល្លារក្នុងមួយអោន (Oz) ឬស្មើ ៣០ មិល្លីលីត្រ។

ក្នុងវីដេអូដែលបង្ហោះលើយូធូបដោយមានស្ត្រីម្នាក់បង្ហាញថា ខ្លួនជាបុគ្គលិកក្រុមហ៊ុន Ambrosia គុណមាតា (Kun Meada) ដែលទទួលទិញទឹកដោះស្ត្រីខ្មែរថាក្រុមហ៊ុននេះបានផ្តល់ប្រាក់ចំណូលផ្គត់ផ្គង់ដល់ស្ត្រីខ្មែរតាមរយៈការទិញទឹកដោះដោយស្ត្រីជាម្តាយនោះត្រូវមានលក្ខខណ្ឌមានកូនអាយុចាប់ពី ៦ ខែឡើងទៅ និងមានការពិនិត្យសុខភាព។

ស្ត្រីជាបុគ្គលិកបាននិយាយថា៖ នៅពេលគាត់ចាប់ផ្តើមចូលមកក្រុមហ៊ុនយើង យើងនាំគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យភ្នំពេញរ៉ូយ៉ាល់ដើម្បីតាមដានសុខភាពថាគាត់មានជំងឺប៉ះពាល់ដល់ទឹកដោះក្នុងការបរិច្ចាគឬអត់។ បើគាត់មានសុខភាពខ្សោយ ឬសុខភាពផ្សេងៗក៏យើងមិនយកពីគាត់ដែរ»។ កាលពីម្សិលមិញបុគ្គលិកភ្នំពេញប៉ុស្តិ៍បានចុះទៅកាន់តំបន់ស្ទឹងមានជ័យជាកន្លែងអតីតកន្លែងចាក់សំរាមដែលមានស្ត្រីមួយចំនួនបានធ្វើការបូមទឹកដោះលក់ឲ្យក្រុមហ៊ុនអាមេរិកមួយនេះ។

អ្នកស្រី ហា រ៉ែន ជាស្ត្រីមេម៉ាយអាយុ ៣០ ឆ្នាំ ចិញ្ចឹមកូន ២ នាក់ម្នាក់អាយុ ៥ ឆ្នាំ និងម្នាក់អាយុ ១ ឆ្នាំហើយជាអ្នកលក់ក្រអៅឈូកដែលអាចផ្តល់ចំណូលប្រមាណ ២ ម៉ឺនរៀលក្នុងមួយថ្ងៃកំពុងរៀបចំលើកក្រអៅឈូកដាក់លើកង់ដើម្បីចេញដំណើរទៅលក់នៅតំបន់រោងចក្រកាត់ដេរនាល្ងាចម្សិលមិញបាននិយាយថាគាត់បានលក់ទឹកដោះឲ្យក្រុមហ៊ុនតាំងពីកូនអាយុ ៦ ខែឥឡូវកូនតូចអាយុ ១ ឆ្នាំ។ គាត់ទើបឈប់កន្លះខែមុនដោយសារក្រុមហ៊ុនបានបិទទ្វារ។ គាត់បានលក់ជាច្រើនដងមកហើយ។

គាត់ហាក់មិនអស់ចិត្តពេលដែលឮដំណឹងពីការផ្អាកនេះដោយសារខ្លួននឹងបន្តអត់ចំណូលដែលគាត់យល់ថាងាយស្រួលរកលុយជាងបេះក្រអៅឈូក។ អ្នកស្រីនិយាយថាគាត់លក់ទឹកដោះបានចំណូលប្រមាណ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ។ គាត់បានស្នើថា៖ «ខ្ញុំសុំឲ្យក្រុមហ៊ុនបើកទ្វារឡើងវិញខ្ញុំធ្វើការបូមទឹកដោះលក់ហ្នឹងវាស្រួលជាងមិនហត់ព្រោះការងារលក់បន្លែហ្នឹងលំបាកត្រូវចុះបេះក្រអៅឈូកហើយខ្ញុំអត់ចេះហែលទឹកទាល់តែសោះ។ ខ្ញុំភ័យពេលចុះទឹក»។ គាត់បន្តថា៖ «ខ្ញុំមានអារម្មណ៍ធម្មតាបើគិតជាផ្លូវបុណ្យខ្ញុំបានជួយកូនគេ កូនអាមេរិកទៅវិញទេ ខ្ញុំគិតថាខ្ញុំបានធ្វើបុណ្យហើយខ្ញុំនៅតែបំបៅកូនដោយទឹកដោះ និងផ្តល់អាហារផ្សេងទៀតដល់កូន»។ គាត់ថាគាត់ចំណេញចំណេះពីក្រុមហ៊ុនមួយផ្នែកទៀត ដោយសារក្រុមហ៊ុនក៏បានបង្រៀនឲ្យគាត់ចេះមើលថែកូនដូចជាថ្លឹងទម្ងន់ វិធីបំបៅដោះកូនដោយសុវត្ថិភាព និងធ្វើម្ហូបដែលមានអាហារូបត្ថម្ភចំពោះកូនជាដើម។

ស្ត្រីម្នាក់ទៀតជាអ្នកធ្វើការនៅហាងគុយទាវឈ្មោះ ខន វណ្ណី អាយុ ២៧ មានកូនអាយុ ២ ឆ្នាំហើយបានឲ្យដឹងថាគាត់ធ្លាប់លក់ឲ្យក្រុមហ៊ុនបានតែម្តងគត់ដោយសារតែគាត់មិនសូវសម្បូរទឹកដោះរួចហើយក៏ឈប់ទៅ។ស្ត្រីរូបនេះក៏នៅតែចង់ឲ្យក្រុមហ៊ុនបន្តដោយសារអាចជួយបង្កើនចំណូលដល់ស្ត្រីក្រីក្រនៅតំបន់របស់គាត់៕

website_news/2017220303.txt · Last modified: 2017/03/22 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki