website_news:2017220401

នគរបាលប្រឆាំងការជួញដូរមនុស្សក្រុង ឃាត់ខ្លួនជនជាតិចិន២នាក់ និងស្រ្តីខ្មែរ៣នាក់ ប្រុងនាំឆ្លងដែនទៅប្រទេសចិនដោយខុសច្បាប់

http://nokorwatnews.com 21-04-2017

ភ្នំពេញ៖ ជនជាតិចិន២នាក់ និងស្រី្តខ្មែរ៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបនិងឃាត់ខ្លួន ខណះដែលជនជាតិចិនប្រុងនាំនារីជនជាតិខ្មែរទាំងនោះឆ្លងដែនដោយខុសច្បាប់ ។

ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរមនុស្សដោយខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣ និង៣៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោវ៉ាសុីតោន ដែលមានទីតាំងលេខ២AE0 តាមបណ្ដោយផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងខាងលើនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១ឈ្មោះSHI FASONG ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន(ចិន)លេខE៨៩៩២៤៧៤៦ ,ទី២ឈ្មោះZHANG ZHANDAO ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន(ចិន)លេខE៩០០៣៧៥១០ ។ចំណែកឯនារីរងគ្រោះទី១ឈ្មោះ ម៉ន ផាន់ណា អាយុ២៧ឆ្នាំ ,ទី២ឈ្មោះជន សាន អាយុ២៨ឆ្នាំ ,ទី៣ឈ្មោះនួន ស៊ីម៉ី អាយុ២៤ឆ្នាំ អ្នកមានស្រុកកំណើតនៅភូមិ-ឃុំ បាត់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ប្រភពដដែរ បានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវដឹងថា ជនជាតិចិនទាំង២នាក់នេះ បានរៀបចំធ្វើសកម្មភាពប្រុងនាំនារីរងគ្រោះទាំង៣នាក់ខាងលើ ដើម្បីលួចនាំទៅឆ្លងដែនទៅប្រទេសចិនដោយខុសច្បាប់ ដូច្នេះហើយទើបកម្លាំង ចុះបង្រ្កាបទាន់ពេលវេលាជាក់ស្តែងតែម្តង ។

ក្រោយប្រតិបត្តិការជនសង្ស័យនិងនារីរងគ្រោះ ត្រូវបានកម្លាំងឃាត់ខ្លួនបញ្ចូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ស តារា

website_news/2017220401.txt · Last modified: 2017/04/22 16:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki