website_news:2017220404

អាជ្ញាធរកូរ៉េ សម្រេចតាមការស្នើសុំរបស់កម្ពុជា

https://kohsantepheapdaily.com.kh ៖ ចន ណារិទ្ធ ថ្ងៃសៅរ៏ ទី២២ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៩:៤០

រាជធានីភ្នំពេញ ៖ មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹងថា បងប្អូនពលករខ្មែរ កំពុងបម្រើការងារនៅលើកោះជេជូ នៃសាធារណរដ្ឋកូរ៉េ នៅពេលដ៏ខ្លីខាងមុខនេះ នឹងទទួលបានមជ្ឈមណ្ឌលគាំពារពលករបរទេស ដូចបណ្ដាពលករនៅតំបន់ផ្សេងៗទៀតដែរ តបតាមការស្នើសុំរបស់លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាក្នុងកិច្ចប្រជុំ «EPS Conference in JeJu 2017» ។

មន្ត្រីដដែលឱ្យដឹងទៀតថា ក្រុមការងារស្ថានទូតកម្ពុជា ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ រួមជាមួយបណ្ដាអង្គទូតទាំង១៦នៃប្រទេស ដែលបញ្ជូនពលករមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូ ដើម្បីពិភាក្សាពីបញ្ហាប្រឈមកង្វល់របស់ពលករបរទេសទាំងអស់ ដើម្បីពង្រឹងយន្ដការគ្រប់គ្រងពលករឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងពលកររបស់ប្រទេសនីមួយៗ ។

មន្ត្រីស្ថានទូតដដែលបានឲ្យដឹងទៀតថា សម្រាប់កម្ពុជា លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានលើកឡើងនូវសំណូមពរ៥ចំណុចសំខាន់ដល់ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូរួមមាន៖ ទី១-ស្នើសុំឲ្យបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ដោយសារមជ្ឈមណ្ឌលនេះមានសារសំខាន់ណាស់សម្រាប់ជួយគាំពារសិទ្ធពលករ ទី២-ស្នើសុំ និងលើកទឹកចិត្តដល់នយោជកឲ្យគោរពតាមកិច្ចសន្យាការងារជាមួយនឹងពលករ ទី៣-ស្នើសុំផ្ដល់កូតាដល់ពលករកម្ពុជា ដើម្បីមកបម្រើការលើវិស័យសេវាកម្មនៅសាធារណរដ្ឋកូរ៉េ ទី៤-ស្នើសុំបង្កើតផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករ ក្នុងអំឡុងពេលដែលផ្លាស់ប្ដូរការងារអត់កន្លែងស្នាក់នៅ និងទី៥-ស្នើសុំពង្រឹងអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងកសិដ្ឋាន ។ មន្ត្រីដដែលបញ្ជាក់ថា ឆ្លើយតបនឹងសំណូមពររបស់ភាគីកម្ពុជា លោកអភិបាលខេត្តសម្រេចបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំខេត្តជេជូក្នុងរយៈពេលដ៏ខ្លីខាងមុខ ។

website_news/2017220404.txt · Last modified: 2017/04/22 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki