website_news:2017220501

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ ជួយពលការិនីខ្មែរ ៤នាក់

http://www./dap-news.html សុក្រ, ១៩ ឧសភា ២០១៧ 15:27 ដោយ: អេង ប៊ូឆេង ID:019

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ដោះស្រាយបញ្ហា និងរៀបចំ មាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរ ចំនួន៤នាក់ មកកម្ពុជាវិញ។ សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលការិនី ន.ស.ខ អាយុ៣៣ឆ្នាំ មកពីស្រុកមេមត់ ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុន មួយនៅកម្ពុជា។ ដោយសារនិយោជក មិនបើកប្រាក់ខែឲ្យ ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីស្នើស្ថានទូត ជួយទាមទារប្រាក់ខែ ដែលនៅសល់ ពីនិយោជក និងជួយនាង ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត និយោជករបស់ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ហើយបានប្រគល់ ប្រាក់ខែដែលនៅសល់ និងលិខិតឆ្លងដែន ជូននាងវិញ។

ចំណែកពលការិនី អ.ម.ឌ អាយុ១៨ឆ្នាំ មកពីខេត្តព្រៃវែង និងពលការិនី ម.ស.ជ អាយុ២១ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម ពលការិនីទាំង២នាក់ បានទៅម៉ាឡេស៊ី ដោយខុសច្បាប់ ធ្វើការជាអ្នកបោសសំអាត កាលពីខែកក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុន មួយនៅកម្ពុជា។ ដោយចង់ត្រឡប់ មកកម្ពុជាវិញ អ្នកទាំងពីរ បានស្នើសុំកិច្ច សម្របសម្រួលពីស្ថានទូត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

សម្រាប់ ពលការិនី ឃ.ខ អាយុ៣១ឆ្នាំ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ដោយខុសច្បាប់ ធ្វើការជាអ្នកបោសសំអាត កាលពីខែកុម្ភៈ ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុន មួយនៅកម្ពុជា។ ដោយចង់ត្រឡប់ ទៅកម្ពុជាវិញ ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។ ស្ថានទូតបានសម្របសម្រួល ជាមួយការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនី ទាំង៤នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០:០០នាទីព្រឹក តាមជើងយន្តហោះ MH754។

ក្នុងអំឡុងពេលរង់ចាំ ត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនពលការិនី ទាំង៤នាក់ផងដែរ៕

website_news/2017220501.txt · Last modified: 2017/05/22 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki