website_news:2017220804

នាយកអង្គការ AIM សុំទោសសម្តេច ហ៊ុន សែន ហើយថាលោកមិនពាក់ព័ន្ធនឹងទូរទស្សន៍ CNN ទេ

https://thmeythmey.com/ 21, Aug 2017 , 10:19 pm ដោយ: រ៉ឹម ភារី

ភ្នំពេញ៖ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតលើអង្គការមេត្រីអន្តរជាតិ(AIM) តាមបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយកប្រតិបត្តិអង្គការ AIM បានចេញមុខសុំទោស និងសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង។ បន្ថែមពីនេះ លោកអះអាងថា លោកមិនមែននៅពីក្រោយខ្នងទូរទស្សន៍ CNN ដូចការចោទប្រកាន់ឡើយ។ លោក Don Brewster នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ បានបដិសេធថា លោកមិនបាននៅពីក្រោយការផ្សព្វផ្សាយព័ត៌មានស្តីពីការជួញដូរមនុស្សនៅកម្ពុជាដ៏ចម្រូងចម្រាសរបស់ទូរទស្សន៍ CNN ក្នុងពេលកន្លងមកនោះទេ។ ការថ្លែងបដិសេធរបស់ប្រធានអង្គការ AIM ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយដែលត្រូវបានរៀបចំនារសៀលថ្ងៃទី២១ខែសីហានេះ នៅទីស្នាក់ការអង្គការក្នុងសង្កាត់ស្វាយប៉ាករបស់ខណ្ឌឫស្សីកែវ។

នៅក្នុងសន្និសីទកាសែតនោះ លោក Don Brewster បានរៀបរាប់ប្រាប់អ្នកកាសែតអំពីដំណើររឿងដែលអ្នកកាសែត CNN ស្នើសុំសម្ភាសលោក និងស្ត្រីរងគ្រោះជនជាតិវៀតណាម៣នាក់ដែលអ្នកកាសែតធ្លាប់បានសម្ភាសម្តងរួចហើយ។ នាយកអង្គការ AIM បានបញ្ជាក់ថា លោកបានយល់ព្រមផ្តល់សម្ភាសតាមការស្នើរបស់អ្នកកាសែត ហើយថានារីរងគ្រោះជនជាតិវៀតណាម ក៏យល់ព្រមផ្តល់បទសម្ភាសដោយខ្លួនឯង។ ប៉ុន្តែ បើតាមការអះអាងរបស់លោក Don Brewster នារីទាំងបីនាក់ គ្រាន់តែចង់បង្ហាញពីក្តីសង្ឃឹមថ្មីដែលទទួលបានជំនួយពី AIM បន្ទាប់ពីរងគ្រោះពីអំពើជួញដូរផ្លូវភេទ ទៅកាន់ពិភពលោកតាមរយៈ CNNប៉ុណ្ណោះ។ លោកបានបន្តថា៖ «ជាអកុសល CNN ដាក់ចំណងជើងខុស ដោយដាក់ថា ក្មេងស្រីទាំង៣នាក់នេះ ជាជនជាតិខ្មែរ តាមពិតពួកគេជាវៀតណាម ហើយពេលសម្ភាសនោះ ពួកគេថែមទាំងនិយាយភាសាវៀតណាមទៀត។ ករណីនេះ ខ្ញុំមិនបានចូលរួមឡើយ។ ហើយការចោទប្រកាន់អង្គការយើងថា នៅពីក្រោយខ្នងទូរទស្សន៍CNN គឺមិនត្រឹមត្រូវនោះទេ»។

នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិបានបន្ថែមទៀតយ៉ាងដូច្នេះថា៖«ខ្ញុំបានផ្ញើលិខិតផ្ទាល់សុំទោសសម្តេច ហ៊ុន សែន រួចហើយ។ ថ្ងៃនេះ ខ្ញុំពិតជាសុំទោស និងសោកស្តាយចំពោះហេតុការណ៍នេះ។ ប៉ុន្តែ ការផ្សាយរបស់CNN ខ្ញុំមិនពាក់ព័ន្ធនោះទេ ហើយខ្ញុំក៏មិនអាចបង្គាប់បញ្ជាCNNនោះ ព្រោះ វាការផ្សាយរបស់គាត់។ ខ្ញុំគ្រាន់តែពលីជីវិត ធ្វើការងារមនុស្សធម៌ជួយប្រជាជនកម្ពុជាឲ្យចៀសផុតពីអំពើជួញដូរផ្លូវភេទប៉ុណ្ណោះ»។

តាមពិត បើស្តាប់តាមការពន្យល់របស់លោក Don Brewster បន្ទាប់ពីការចុះផ្សាយខុសរួច លោកបានសរសេរអ៊ីម៉ែលទៅប្រាប់ទូរទស្សន៍ CNN ហើយបន្ទាប់មក ទូរទស្សន៍ CNN ក៏បានកែតម្រូវព័ត៌មាននេះ។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រធានអង្គការមេត្រីអន្តរជាតិរូបនេះ បានរៀបរាប់ពីសមិទ្ធផលជាច្រើន ដែលអង្គការរបស់លោកបានសម្រេចក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ លោកអះអាងថា ក្រៅពីជួយពួកគេចេញពីក្រញាំជនទុច្ទរិត អង្គការលោក បានផ្តល់ជំនាញវិជ្ជាជីវៈ ការអប់រំ និងផ្តល់កន្លែងស្នាក់ជូនពួកគេ មុននឹងធ្វើសមាហរណកម្មត្រឡប់ទៅក្នុងសង្គមវិញ។

លោកបន្តថា៖«អង្គការរបស់យើង បានធ្វើការស៊ើបអង្កេតជាមួយសមត្ថកិច្ចកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទនៅកម្ពុជា បាន៨០ករណី ដោយជួយជនរងគ្រោះបាន៤២៩នាក់។ ចាប់ពីឆ្នាំ២០០៥មក អង្គការរបស់យើងមានគម្រោង១៤ ដោយបានជួយជនរងគ្រោះជាច្រើន តាមរយៈការផ្តល់សេវារបស់អង្គការ បន្ទាប់ពីពួកគេ ត្រូវបានសង្គ្រោះដោយមន្ត្រីនគរបាល»។ បើតាម លោក Don Brewster បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យស៊ើបអង្កេតអង្គការរបស់លោក គឺមានសមត្ថកិច្ចបានមកដល់ស្នាក់ការ ហើយលទ្ធផលយ៉ាងណា លោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីដើមខែសីហា សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិនិត្យអំពីការបិទអង្គការមេត្រីអន្តរជាតិ បន្ទាប់ពីទូរទស្សន៍ CNN បានផ្សាយព័ត៌មានមួយដែលមានចំណងជើងថា៖«ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឲ្យបម្រើផ្លូវភេទ»។ សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី ព័ត៌មាននេះជាការប្រមាថមួយ ដែលមិនអាចអត់ឱនឲ្យបាន៕

website_news/2017220804.txt · Last modified: 2017/08/29 17:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki