website_news:2017220805

នាយករដ្ឋមន្ត្រីសម្រេចឲ្យអង្គការ AIM បន្តសកម្មភាពនៅកម្ពុជា

http://www.rfa.org/khmer/news ដោយ ប្រាជ្ញ ចេវ 2017-08-22

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា លោក ហ៊ុន សែន សម្រេចឲ្យអង្គការមេត្រីអន្តរជាតិ (AIM) នៅបន្តការងារនៅកម្ពុជា។ ព័ត៌មាននេះត្រូវបានផ្សាយដោយបណ្ដាញព័ត៌មានក្នុងស្រុកមួយ ក្រោយពីនាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហៅកាត់ថា AIM នេះ សម្ដែងការសោកស្ដាយចំពោះការផ្សាយទូរទស្សន៍អាមេរិក ឈ្មោះ ស៊ី.អិន.អិន (CNN) ទាក់ទងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គឺក្រោយពីការធ្វើសន្និសីទសារព័ត៌មានរបស់នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ លោកបណ្ឌិត ដន ប្រ៊ូស្ទើ (Don Brewster) នៅថ្ងៃទី២១ ខែសីហា ដែលចោទប្រកាន់ទូរទស្សន៍ CNN ថា ទោះបីសារព័ត៌មាននេះដឹងថា ស្ត្រីរងគ្រោះដោយសារការជួញដូរផ្លូវភេទជាជនជាតិវៀតណាម ក៏ដោយ ក៏នៅតែសរសេរចំណងជើងថា ជាស្ត្រីកម្ពុជាទៀត។

មន្ត្រីប្រធានគម្រោងនៃអង្គការ AIM អ្នកស្រី ខេង ស៊ីសារ៉ាត ឲ្យអាស៊ីសេរី កាលពីរាត្រីទី២១ ខែសីហា ថ្លែងថា អង្គការនេះមិនទាន់ទទួលបានលិខិតផ្លូវការពីការសម្រេចរបស់រដ្ឋាភិបាលនៅទេ។ ប៉ុន្តែអ្នកស្រីសប្បាយចិត្តនៅពេលទទួលដំណឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា លោក ហ៊ុន សែន សម្រេចឲ្យអង្គការ AIM អាចបន្តសកម្មភាពការងាររបស់ខ្លួនបានដូចនេះ៖ «មានតែការថ្លែងអំណរគុណដល់សម្ដេច (លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) ដែលគាត់មានគំនិតសុភវិនិច្ឆ័យទាក់ទងទៅនឹងការសម្រេចឲ្យ AIM នៅតែបន្ត»។

នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ លោកបណ្ឌិត ដន ប្រ៊ូស្ទើ បានធ្វើសន្និសីទសារព័ត៌មានបកស្រាយថា មានការភ័ន្តច្រឡំថា លោកនៅពីក្រោយទូរទស្សន៍ CNN ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីកម្ពុជា និងការអង្គការ AIM មិនបានធ្វើការងារជួយដល់ពលរដ្ឋកម្ពុជា នោះ។ នៅសន្និសីទនោះដែរ នាយកប្រតិបត្តិអង្គការ AIM ប្រចាំក្រុងភ្នំពេញ រូបនេះបកស្រាយដែរថា ទូរទស្សន៍ CNN ដាក់ចំណងជើងទាក់ទងនឹងការរកស៊ីផ្លូវភេទនៅកម្ពុជា ខុសពីអត្ថន័យក្នុងអត្ថបទដែលទូរទស្សន៍នេះចុះផ្សាយ។ លោកបណ្ឌិត ដន ប្រ៊ូស្ទើ បន្តទៀតថា ការផ្សាយរបស់ទូរទស្សន៍ CNN ដែលថា ក្មេងស្រីកម្ពុជា ៣នាក់ រងគ្រោះដោយសារការជួញដូរផ្លូវភេទ គឺជាកំហុសរបស់ CNN ព្រោះលោកបានប្រាប់ពួកគេថា អ្នកទាំងបីនាក់នោះគឺជាជនជាតិវៀតណាម ហើយនៅពេល CNN សម្ភាស ក៏សម្ភាសជាភាសាវៀតណាម ដែរ មិនគួរណាឡើយសារព័ត៌មាននៅសរសេរចំណងជើងថា ជាស្ត្រីខ្មែរ៖ «ការកំណត់អត្តសញ្ញាណក្មេងទាំងបីនាក់នោះខុសជារឿងមួយធ្វើឲ្យមានការភ័ន្តច្រឡំ ហើយទូរទស្សន៍ CNN ក៏ដឹងច្បាស់ថា ក្មេងទាំងបីនាក់នោះមិនមែនក្មេងកម្ពុជាទេ ម៉េចបានគាត់ថាបានក្មេងទាំង៣នាក់នោះមិនមែនជាជនជាតិកម្ពុជា? ព្រោះពេលសម្ភាស គឺសម្ភាសជាភាសាវៀតណាម»។

អនុប្រធានផ្នែកទំនាក់ទំនងរបស់សារព័ត៌មាន CNN លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២ ខែសីហា ថា សេចក្ដីរាយការណ៍នោះមិនបានផ្សាយថា នារីរងគ្រោះទាំងនោះជាជនជាតិអ្វីនោះទេ គ្រាន់តែបានផ្សាយថា ពួកគាត់ធំដឹងក្តីនៅតំបន់ស្វាយប៉ាកប៉ុណ្ណោះ។ លោកបន្ថែមទៀតថា អត្ថបទពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នោះ រៀបរាប់យ៉ាងច្បាស់អំពីអង្គហេតុពិតដែលបញ្ជាក់ថា អ្នករស់នៅតំបន់ស្វាយប៉ាក ភាគច្រើនជាជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅដោយខុសច្បាប់នៅកម្ពុជា។ តំណាងទូរទស្សន៍ CNN រូបនេះ លើកឡើងថា ការយករឿងជាតិសាសន៍របស់ជនរងគ្រោះទាំងនោះមកធ្វើជាលេសក្នុងការចោទប្រកាន់ទូរទស្សន៍ CNN គឺជាការយល់ខុស និងផ្ទុយពីបំណងពិតនៃខ្លឹមសារក្នុងសេចក្ដីរាយការណ៍នោះ ដែលផ្ដោតលើជនរងគ្រោះជាកុមារីនៅកម្ពុជា មិនចំពោះថា ពួកគាត់ជាជនជាតិអ្វីនោះទេ តែពួកគាត់រស់នៅលើដីខ្មែរ។

កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា លោកមិនអាចទទួលយកបានឡើយនូវការប្រមាថរបស់អង្គការ AIM បន្ទាប់ពីអង្គការមួយនេះបានផ្ដល់ព័ត៌មានដល់ទូរទស្សន៍ CNN អេ.ប៊ី.ស៊ី (ABC NEWS) របស់អាមេរិក ដែលបានផ្សាយថា “ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ”។

សារព័ត៌មាន CNN បានចេញផ្សាយកាលពីចុងខែកក្កដា ស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដោយប្រើចំណងជើងជាលើកដំបូងថា “ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ” (The Cambodian girls sold for sex by their mothers)។ ក្រោយពីការចេញផ្សាយ CNN បានលុបពាក្យកម្ពុជា ចេញពីចំណងជើងព័ត៌មានរបស់ខ្លួន។

ទោះមានការចោទប្រកាន់ពីសំណាកលោក ហ៊ុន សែន ពីការចុះផ្សាយរបស់ទូរទស្សន៍ CNN និង ABC របស់អាមេរិក អំពីការជួញដូរផ្លូវភេទនេះ។ ប៉ុន្តែក្នុងពេលសន្និសីទសារព័ត៌មាន នាយកប្រតិបត្តិអង្គការ AIM លោកបណ្ឌិត ដន ប្រ៊ូស្ទើ មិនបានលើកឡើងពីកំហុស ឬការផ្សាយរបស់សារព័ត៌មាន ABC គឺលើកឡើងតែពីការសរសេរចំណងជើងខុសរបស់ CNN ខណៈលោក ហ៊ុន សែន តែងតែរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក៕

website_news/2017220805.txt · Last modified: 2017/08/29 17:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki