website_news:2017221102

ខេត្តបន្ទាយមានជ័យជាលើកដំបូង បានបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋស្វែងការងារធ្វើ

http://cambodiapolice.com/ ម៉ោង 6:08 pm 21 វិច្ឆិកា 2017

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យជាលើកដំបូងបានបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ ដើម្បីស្វែងការងារធ្វើ គ្រាដែលគេមើលឃើញថា ខេត្តបន្ទាយមានជ័យជាខេត្តមួយជាប់ព្រំដែនកម្ពុជា-ថៃ មានប្រជាពលរដ្ឋបានធ្វើចំណាកស្រុកលក់កម្លាំងពលកម្មធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ ដែលជាបញ្ហាប្រឈមគ្រោះថ្នាក់ដោយប្រការផ្សេងៗបស់ប្រជាពលរដ្ឋចំណាកស្រុកខុសច្បាប់នោះផងដែរ។ មជ្ឈមណ្ឌលផ្តល់ព័ត៌មានការងារខេត្តបន្ទាយមានជ័យ មានទីតាំងចំណុចភ្នំជញ្ជាំង សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ក្រោមជំនួយកសាងឧបត្ថម្ភថវិកាដោយប្រទេសស៊ុយអែត ធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន បវរ បានមានប្រសាសន៍លើកឡើងថា ប្រជាជន ខេត្តបន្ទាយមានជ័យពិតជាមានសេចក្តីរីករាយ ដែលទទួលបាននូវមជ្ឈមណ្ឌលការងារ ដើម្បីឱ្យប្រជាពលរដ្ឋមកទំនាក់ទំនងទទួលបានព័ត៌មាន ដើម្បីស្វែងរកការងារធ្វើក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ទៅតាមជំនាញ និងសមត្ថភាពរបស់ខ្លួន ។ ឯកឧត្តមសង្ឃឹមថា ក្រោយពីបង្កើតមជ្ឈមណ្ឌលនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនមានភាពកាន់តែងាយស្រួល និងបានមានឱកាសចូលមកទទួលយកសេវានេះ។

ឯកឧត្តម ពេជ សោភ័ណ បានមានប្រសាសន៍ថា ក្រសួងការងារមកដល់បច្ចុប្បន្ននេះ បានបង្កើតនូវមជ្ឈមណ្ឌលផ្តល់ព័ត៌មានស្វែងរកការងារធ្វើនៅទូទាំងប្រទេសចំនួន១០មកហើយ ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការជម្រុញបណ្តុះបណ្តាលប្រជាពលរដ្ឋ ឱ្យចេះជំនាញ និងវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីរកងារធ្វើទទួលបានប្រាក់ខែខ្ពស់ ។ មានន័យថា ឱ្យប្រជាជនយើងឈប់ប្រើកម្លាំងពលកម្ម ដោយប្រើកម្លាំងបាយសុទ្ធសាធបានប្រាក់ខែទាបនោះ ជំនួសដោយការធ្វើការងារមានជំនាញនោះវិញ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក្រៅពីមានមជ្ឈមណ្ឌលផ្តល់ព័ត៌មានសម្រាប់ឱ្យប្រជាពលរដ្ឋស្វែងរកការងារធ្វើនោះហើយ ខេត្តបន្ទាយមានជ័យ ក៏មានមជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនសម្រាប់ស្វែងរកការងារធ្វើនោះផងដែរ ។ មជ្ឈមណ្ឌល វិជ្ជាជីវៈបានបង្កើឡើងមានរយៈពេល២ឆ្នាំមកហើយ ក្នុងនោះក៏បានបណ្តុះបណ្តាលនូវជំនាញ(IT)កុំព្យូទ័រ ,ជំនាញជួសជុលម៉ាស៊ីនត្រជាក់ ,ជំនាញសំណង់ និងជំនាញអគ្គិសនី ដើម្បីឱ្យយុវជនមានឱកាសស្វែងរកនិងមានការងារធ្វើ៕ សំ វិច្ឆិកា

website_news/2017221102.txt · Last modified: 2017/11/22 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki