website_news:2017221103

ជនកេងប្រវ័ណ្ឌ កម្លាំងកុមារដើរសុំទាន ពីរនាក់ត្រូវឃាត់ខ្លួន

https://www.dap-news.com/kh ថ្ងៃពុធ, ២២ វិច្ឆិកា ២០១៧ 11:05 ដោយ: ព្រឿង វិសាល ID:019

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី២នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធករណី កេងប្រវ័ណ្ឌកម្លាំង កុមារឱ្យដើរសុំទាន យកប្រាក់ឲ្យខ្លួនកាលពីម៉ោង៧ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូផ្កាយប្រាំ ស្ថិតនៅក្រុងប៉ោយប៉ែត និង រំដោះកុមារ ប្រុស-ស្រី១១នាក់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ជនសង្ស័យ២នាក់ កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន មានឈ្មោះ ១-ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២-តូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ពួកគេទាំង២នាក់ រស់នៅក្រុងប៉ោយប៉ែត ។ ការឈានទៅបង្រ្កាបមុខសញ្ញានេះ ក្រោយកម្លាំងអាវុធហត្ថ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានឈ្មោះ ឈៀង វណ្ណារ៉ា និងឈ្មោះ តូច គង់ បានធ្វើសកម្មភាព គាបសង្កត់គំរាមកំហែង ឱ្យកុមារអនាថា គ្មានផ្ទះសំបែងត្រឹមត្រូវ ទាំង១៥នាក់ ដើរសុំទានរកប្រាក់ឲ្យខ្លួន ក្នុងម្នាក់ៗយ៉ាងហោចណាស់១ថ្ងៃ ឲ្យបាន៥ម៉ឺនរៀល“។

ក្រោយពីទទួលព័ត៌មាន ភ្លាមលោកមេបញ្ជាការ អាវុធហត្ថខេត្ត ក៏បានបញ្ជាឱ្យកម្លាំងក្រោមឱវាទ ចេញទៅធ្វើការចាប់ឃាត់ខ្លួន ពួកគេទាំង២នាក់ ដើម្បីយកមកសាកសួរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ លោកបានបន្តថា ជនសង្ស័យឈ្មោះ ឈៀង វណ្ណារ៉ា បានឆ្លើយសារភាពថា ខ្លួនគេធ្វើសកម្មភាពដាក់កំណត់ ឲ្យក្មេងរកប្រាក់ ឲ្យខ្លួននោះមែនខ្លួនគេ មានកូនចៅ ដែលជាកុមារសរុប១៥នាក់ សម្រាប់ឱ្យដើរសុំទាន រកលុយយកមកឲ្យខ្លួន បានលុយនោះមកគេយកទៅទិញ គ្រឿងញៀនប្រើប្រាស់។ រូបគេធ្លាប់ជាប់នៅមណ្ឌល អប់រំកែប្រែគ្រឿងញៀន ភ្នំបាក់ម្តងរួចហើយ មានរយៈពេល៤ខែផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថ ខេត្តបានបញ្ជាក់ឱ្យដឹងដែរថា “កុមារប្រុស-ស្រីទាំង១១នាក់ បានប្រគល់ឱ្យមណ្ឌល កែប្រែគ្រឿងញៀនភ្នំបាក់ ដើម្បីយកទៅចិញ្ចឹមថែរក្សាបីបាច់ ជាបណ្តោះអាសន្ននោះ សិនព្រោះក្មេងទាំងនេះ គឺជាក្មេងហិតកាវ។ ចំណែកជនសង្ស័យ២នាក់កំពុង កសាងសំណុំរឿងចាប់បញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

website_news/2017221103.txt · Last modified: 2017/11/22 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki