website_news:2017230302

ក្រសួងមហាផ្ទៃថាអាមេរិកមិនទាន់កំណត់ថ្ងៃ បញ្ជូនពលករខ្មែរ៣៦នាក់ ខុសច្បាប់មកកម្ពុជា

http://dap-news.com/kh ព្រហស្បតិ៍, ២៣ មិនា ២០១៧ 10:49 ដោយ: អេង ប៊ូឆេង ID:102

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងថា ក្រសួងមិនទាន់កំណត់ថ្ងៃ បរិច្ឆេទថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលករខ្មែរ ៣៦ នាក់ ដែលរកស៊ីខុសច្បាប់ នៅអាមេរិកមក ប្រទេសកម្ពុជា នៅថ្ងៃណាច្បាស់លាស់ នៅឡើយទេ

លោក ខៀវ សុភ័គ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ថា “អាស្រ័យខាងភាគីអាមេរិក គេបញ្ជូនមកថ្ងៃណាយើងទទួលថ្ងៃនឹង ពីព្រោះយើងចាំមើលគោលការណ៍របស់គេដែរ មកថ្ងៃណាយើង ទទួលថ្ងៃហ្នឹង”។ លោកបន្ដទៀតថា អាមេរិកជាអ្នករៀបចំ ទិញសំបុត្រយន្ដហោះ ឲ្យពលករខ្មែរ៣៦នាក់នោះ។ លោកបញ្ជាក់ទៀតថា អាមេរិក បញ្ជូនពលករខ្មែរ មកថ្ងៃណា កម្ពុជាទទួលថ្ងៃហ្នឹង ហើយក្រសួង ក៏មិនទាន់កំណត់ថា មានស្រីប៉ុន្មាន ប្រុសប៉ុន្មាននាក់។

បើតាមការផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ដែលខ្លះបានកើតនៅ ប្រទេសកម្ពុជា និងខ្លះបានកើត នៅជំរំភៀសខ្លួន ក្នុងប្រទេសថៃ ទាំង ៣៦នាក់ នឹងមកដល់កម្ពុជា នៅក្នុងខែមីនា។

ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ ពលរដ្ឋកម្ពុជា ចំនួន ៥៣៨នាក់ហើយ ត្រូវបានរដ្ឋអាជ្ញា សហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីពួកគេ ត្រូវរកឃើញថា បានប្រព្រឹត្តបទល្មើស។ កាលពីដើមខែមីនា ឆ្នាំ២០១៧ ភាគីកម្ពុជា ប្រកាសឲ្យដឹងពីដំណើរការ កែសម្រួលលក្ខខណ្ឌ ក្នុងអនុស្សរណៈ យោគយល់គ្នា (MoU) ឆ្នាំ២០០២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការបញ្ជូនពលរដ្ឋកម្ពុជា ហើយនឹងបញ្ជូនសេចក្ដី កែសម្រួលនេះទៅឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ពិនិត្យ បន្ទាប់ពីរកឃើញថា ពលរដ្ឋកម្ពុជា ដែលត្រូវបាន ចាប់បញ្ជូនមកកម្ពុជា ពេលកន្លងមក ប៉ះពាល់ជាអវិជ្ជមាន ដោយសារកិច្ចព្រមព្រៀងនេះ ៕

website_news/2017230302.txt · Last modified: 2017/03/23 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki