website_news:2017230303

អង្គការ UNICEF ថ្កោលទោសអាជីវកម្មនាំចេញទឹកដោះម្តាយពីកម្ពុជាទៅអាមេរិក

http://km.rfi.fr/cambodia ដោយ វណ្ណ សុគន្ធា 22/03/2017

អង្គការគាំពារផ្នែកកុមាររបស់អង្គការសហប្រជាជាតិ UNICEF នៅថ្ងៃពុធនេះ បានចេញមុខថ្កោលទោសទៅលើក្រុមហ៊ុនអាមេរិកាំង Ambrosia Labs ដែលធ្វើអាជីវកម្មលក់ទឹកដោះម្តាយពីអ្នកម្តាយក្រីក្រខ្មែរទៅឲ្យអាមេរិកាំង។ ការថ្កោលទោសនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលខ្មែរបានផ្អាកការនាំចេញទឹកដោះម្តាយពីកម្ពុជាទៅកាន់អាមេរិកបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។

លោកស្រី Iman Morooka អ្នកនាំពាក្យរបស់អង្គការ UNICEF ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បរិមាណលើសនៃទឹកដោះម្តាយ គឺគួរតែរក្សាឲ្យមាននៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍ដែលទារកជាច្រើនកំពុងខ្វះសារជាតិចិញ្ចឹមដែលល្អៗ ។ បើតាមអ្នកនាំពាក្យរូបនេះ ទឹកដោះម្តាយ មិនគួរណាគេ ធ្វើអាជីវកម្មលើស្រ្តីខ្មែរក្រីក្រសម្រាប់តែប្រាក់ចំណេញ និងគោលបំណងអាជីវកម្មសោះឡើយ។

ប្រតិកម្មរបស់អង្គការ UNICEF នេះ បានកើតឡើងនៅចំពេលដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចេញទឹកដោះម្តាយទៅកាន់ទីផ្សារអាមេរិកកាលពីថ្ងៃចន្ទ ព្រោះតែខ្លាចស្រ្តីជាម្តាយមិនបានផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ដល់កូនៗ និងបារម្ភខ្លាចទាក់ទងទៅនឹងការកេងប្រវ័ញ្ចសរីរាង្គរបស់មនុស្ស។ លោកស្រី Iman Morooka បានលើកឡើងថា ទឹកដោះម្តាយអាចចាត់ទុកថា ជាប្រភេទជាលិកាមួយរបស់មនុស្ស គឺវាដូចគ្នានឹងឈាមដូច្នេះដែរ ដែលការធ្វើអាជីវកម្មលើវាគួរត្រួវបានហាមឃាត់។ លោកស្រី បន្តទៀតថា កង្វះអាហារូបត្ថម្ភនៅតែជាការគំរាមកំហែងសម្រាប់សុខុមាលភាពរបស់ទារកនៅក្នុងប្រទេសកម្ពុជា ហើយការចិញ្ចឹមកូនដោយទឹកដោះ គឺជាកត្តាសំខាន់បំផុតមួយក្នុងការផ្តល់ឲ្យទារកនូវសុខភាពល្អ និងសារពាង្គកាយមាំមួន។

លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាមិនអាចទាក់ទងសុំការបញ្ជាក់បាននោះទេថាតើនឹងមានការបញ្ឈប់ឬមិនបញ្ឈប់អាជីវកម្មទឹកដោះម្តាយនេះជានិរន្តឬក៏យ៉ាងណានោះ ។ ប៉ុន្តែកាលពីម្សិលមិញ លោកបានប្រាប់បណ្តាញសារព័ត៌មានថា ក្រសួងបានបង្កើតគណៈកម្មការមួយដើម្បីពិនិត្យលើបញ្ហានេះមុននឹងសម្រេចចិត្ត។ តែទោះយ៉ាងណា លោកបញ្ចេញគំនិតផ្ទាល់ខ្លួនថា ការកេងប្រវ័ញ្ចសរីរាង្គមនុស្សគួរត្រូវហាមឃាត់

សូមបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកាំង Ambrosia Labs គឺជាក្រុមហ៊ុនដែលទទួលទិញយកទឹកដោះម្តាយពីស្ត្រីខ្មែរក្រីក្រ ដើម្បីនាំចេញទៅលក់បន្តនៅលក់ទីផ្សារអាមេរិក ហើយនៅពេលនេះ ក្រុមហ៊ុននេះក៏បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្នសិនដែរ។ ក្រុមហ៊ុន Ambrosia Labs បានទទួលទិញទឹកដោះម្តាយក្នុងតម្លៃ ០.៦៤សេនសម្រាប់បរិមាណ ៣០មីល្លីលីត្រ ហើយនាំចេញទៅលក់លើទីផ្សារអាមេរិកក្នុងតម្លៃ ២០ដុល្លារសម្រាប់បរិមាណ ១៤៧មីល្លីលីត្រ៕

website_news/2017230303.txt · Last modified: 2017/03/23 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki