website_news:20172306003

ពលរដ្ឋខ្មែរធ្វើការងារ រស់នៅ និងសិក្សានៅកូរ៉េ មានស្ថានភាព កាន់តែប្រសើរឡើង

http://www.daem-ampil-news.html ព្រហស្បតិ៍, ២២ មិថុនា ២០១៧ 14:30 ប្រែសម្រួល: ឈូក បូរ៉ា ID:014

សេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក ឡុង ឌីម៉ង់ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរធ្វើការងារ រស់នៅ និងសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ មានស្ថានភាពកាន់តែល្អប្រសើរឡើង ក្នុងរយៈពេលចុងក្រោយនេះ ដោយពលករខ្មែរបានទទួលការអប់រំ ស្វែងយល់ច្រើនពីលក្ខណៈការងារ អាកាសធាតុ សុខភាព និងវប្បធម៌រស់នៅជាដើម ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងពេលបំពេញបេសកម្មនៅកូរ៉េ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ពលរដ្ឋខ្មែរបម្រើការងារនៅកូរ៉េខាងត្បូង មានប្រហែលជា ៥៣០០០នាក់ ក្នុងនោះមានពលករមិនស្របច្បាប់ ប្រហែលជាង៤០០០នាក់ ដែលធ្លាប់មានកុងត្រាការងារហើយ មិនត្រឡប់ទៅស្រុកវិញ ដោយបន្ដនៅធ្វើការរហូតជិត១០ឆ្នាំ ដែលក្នុងនោះ ៥៣០០០នាក់ ធ្វើការក្នុង ៣វិស័យធំៗ រួមមាន៖ឧស្សាហកម្ម-សិប្បកម្ម , កសិកម្ម និងសំណង់។ លោកបន្ដទៀតថា “ស្ថានភាពពលករ មានការល្អប្រសើរឡើងច្រើន ដោយសារមានច្បាប់ទម្លាប់ ដែលគេមានការគាំទ្រសិទ្ធិត្រឹមត្រូវ ដោយប្រទេសកូរ៉េបានដើរតួយ៉ាងល្អ ហើយពាក់ព័ន្ធនឹងច្បាប់ការងារផ្សេងៗ គឺយើងតែងតែមានការជួយគាំទ្រ និងគាំពាសិទ្ធិរបស់គាត់ដែរ ក្នុងនោះពលករខ្មែរ យើងមានស្ថានភាពចំណូលសមរម្យ ដោយប្រាក់ខែយ៉ាងទាប ចាប់ពី១៤៥០ដុល្លារឡើងទៅ ហើយមានខ្លះទៀត មានរហូតដល់ទៅជិត ៣០០០ដុល្លារ”។ ស្របពេលជាមួយគ្នានោះដែរ លោកថា ពួកគាត់ក៏តែងតែជួបបញ្ហាសុខភាពខ្លះដែរ និងគ្រោះថ្នាក់ការងារ ដោយសារតែធ្វើការ នៅកន្លែងឧស្សាហកម្ម ជាពិសេសការដែលពួកគាត់មិនបានគិតគូរ ដោយគាត់បានធ្វេសប្រហែស ឈានដល់ការបាត់បង់ជីវិត ដោយជំងឺគាំងបេះដូង ហើយ តែងតែអប់រំគាត់ឲ្យគិតគូរ ពីបញ្ហាសុខភាពជាចម្បង និងធ្វើការបង់ប្រាក់ ធានារ៉ាប់រង បើទោះជាយ៉ាងណា ពលករភាគច្រើននាំគ្នាត្អូញត្អែរថា ចំណាយច្រើន។

ជាមួយគ្នានេះដែរលោកស្រី Choi Jin Hee នាយកប្រតិបត្តិអាស៊ានហ៊ើប (ASEAN HUB) បានលើកឡើងថា ស្ថានភាពអ្នកធ្វើការ រស់នៅ សិក្សា និងរៀបការនៅក្នុង ប្រទេសកូរ៉េនាពេលសព្វថ្ងៃនេះ មានការប្រសើរឡើងច្រើន ហើយស្ថាប័នរបស់លោកស្រីផ្ទាល់ បាននិងកំពុងជួយដោះស្រាយបញ្ហា របស់ពលករផងដែរ ទាំងការផ្ដល់សេវាប្រឹក្សាយោបល់ រកដំណោះស្រាយ ការអប់រំផ្នែកវប្បធម៌រស់នៅ និងភាសា រួមទាំងសេវាសាធារណៈជាច្រើនទៀត។ លោកស្រីថា ពលរដ្ឋខ្មែរភាគច្រើន ដែលគាត់មកធ្វើការងារ សិក្សា ឬក៏រស់នៅកូរ៉េ តែងតែជួបបញ្ហាជាច្រើនដូចជា ការសម្របខ្លួនជាមួយវប្បធម៌ អាកាសធាតុ ភាសា និងកត្តាការងារជាច្រើន ដែលនាំឲ្យគាត់ចង់ផ្លាស់ប្ដូរការងារ និងស្វែងរកស្ថាប័នពាក់ព័ន្ធ ដើម្បីប្រឹក្សាយោបល់ ជួយគាត់ក្នុងរកដំណោះស្រាយ ជាក់ស្ដែងអាស៊ានហ៊ើប ក្នុងពេលសព្វថ្ងៃនេះ ក៏បាននិងកំពុងប្រឹក្សាពលរដ្ឋខ្មែរ ដែលមានបញ្ហាទាំងការប្រឹក្សាណែនាំ និងរកដំណោះស្រាយផ្លូវច្បាប់ផងដែរ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា “ស្ថានទូតនឹងបន្ដផ្ដល់សេវាសាធារណៈ ជូនបងប្អូនពលករខ្មែរ អ្នកធ្វើការ សិក្សា រស់នៅដូចជាស្ដ្រីខ្មែរ រៀបការនៅកូរ៉េជាដើម ដែលស្ថានទូតនឹងធ្វើឲ្យមានតម្លាភាព ប្រសិទ្ធភាពច្រើនជាងមុន ដោយផ្ដល់សេវារដ្ឋបាល មានតម្លៃមិនខុសច្បាប់ សេវារដ្ឋបាលដែលមានចែង ក្នុងកម្រងប្រកាសសាធារណៈ ស្ដីពីចំណូលសេវារដ្ឋបាល រវាងក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុ។ លោកថា កាលពីខែធ្នូ ឆ្នាំ២០១៤ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េ ដោយក្នុងនោះ សម្ដេចបានមានប្រសាសន៍ថា ការផ្ដល់សេវាពន្យាលិខិតឆ្លងដែន គឺមិនយកកម្រៃនោះទេ គឺធ្វើជូនដោយឥតគិតថ្លៃ ជាពិសេសនោះ ពីមុនការពន្យារលិខិតឆ្លងដែន បងប្អូនត្រូវមកពន្យារដល់ស្ថានទូត ប៉ុន្ដែឥឡូវបងប្អូន អាចផ្ញើតាមប្រៃសណីយ៍បាន ដោយមិនលើសពី២ (លិខិតឆ្លងដែន) នៅពេលដែលធ្វើហើយ ស្ថានទូតនឹងបិទស្រោមសំបុត្រ រួចផ្ញើទៅវិញ ដោយមិនបាច់ ចំណាយពេលច្រើនដូចមុនទេ”៕

website_news/20172306003.txt · Last modified: 2017/06/23 10:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki