website_news:2017231101

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុងស្រី២នាក់ទៅតុលាការខេត្តបន្ទាប់ពីរកឃើញបង្ខំក្មេងប្រុស ស្រីដើរសុំទាន

http://nokorwatnews.com/ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧

ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយរកឃើញថាជនសង្ស័យទាំងពីនាក់់បង្ខំក្មេងប្រុស ស្រី១១នាក់ ឲ្យដើរសុំទាន នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កុមាររងគ្រោះទាំង១១នាក់នោះ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ បានបង្ខំពួកខ្លួនឲ្យដើរសុំទានដោយបំបែកគ្នាខ្លះដើរសុំទាន នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ខ្លះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងខ្លះទៀតនៅក្នុងបរិវេណកាស៊ីណូផងដែរ ហើយជនសង្ស័យបានកំណត់ក្នុង១ថ្ងៃម្នាក់សុំទានឲ្យបានប្រាក់៥ម៉ឺនរៀល ទើបឲ្យបាយហូប បើមិនបានតាមកំណត់ពួកគេបង្អត់បាយដល់កុមាររងគ្រោះទាំងនោះ។

លោកបញ្ជាក់ទៀតថា ពេលកុមាររងគ្រោះសុំទានបាន ជនសង្ស័យបានទិញកាវឲ្យពួកគេហិតជាប្រចាំហើយដើរដេកតាមសំយ៉ាមផ្ទះរបស់អ្នកស្រុកទៀតផង ។ ក្រោយពីអាវុធហត្ថជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានឲ្យកុមាររងគ្រោះទាំងនេះដើរសុំទានជាច្រើនខែមកហើយ។ បច្ចុប្បន្ន កុមាររងគ្រោះទាំង១១នាក់ ត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

website_news/2017231101.txt · Last modified: 2017/11/23 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki