website_news:2017231105

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល កំពុងធ្វើការដើម្បីឱ្យពលករខ្មែរនៅប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ ដូចកម្មករក្នុងស្រុកពេលត្រឡប់មកវិញ

http://freshnewsasia.com/ 2017-11-22

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារជាច្រើនដើម្បីឱ្យពលករខ្មែរនៅប្រទេសថៃទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចកម្មករក្នុងស្រុកដែរ ក្រោយពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងធ្វើការងារ៥ ដើម្បីការងារ និងលើកកម្ពស់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសពលករធ្វើការនៅប្រទេសថៃ ដោយក្នុងនោះរួមមានការផ្តល់ អត្តប្រយោជន៍ពេលទៅធ្វើការនៅក្រៅប្រទេស និងត្រឡប់មកវិញ។ នៅក្រៅប្រទេសរាជរដ្ឋាភិបាល បានបង្កើតមជ្ឈមណ្ឌលផ្តល់លិខិតធ្វើដំណើរ និងលិខិតឆ្លងដែន រួមទាងសម្របសម្រួលធ្វើយ៉ាងណា ឱ្យពលករដែលមិនទាន់ស្របច្បាប់ឱ្យស្របច្បាប់ ហើយពលករដែលស្របច្បាប់ហើយកាន់តែងាយស្រួលថែមទៀត។សម្តេចតេជោ បានបញ្ជាក់ថា ពេលត្រឡប់មកវិញ បើពលករទាំងនោះក៏អាចធ្វើការនៅក្នុងប្រទេស ដែលមានរោងចក្រសហគ្រាស នៅកម្ពុជា ទទួលស្គាល់ថា ពួកគាត់ គឺជាអ្នកជំនាញមកពីក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ ពលករ-ពលការិនី និងកម្មសិក្សាការីខ្មែរ ដែលកំពុងបម្រើការនៅក្រៅប្រទេសមានចំនួន១លាន៥ម៉ឺននាក់ ក្នុងនោះពលករខ្មែរនៅប្រទេសថៃមានជាង១លាននាក់ ក្រៅនេះមាននៅប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហើយនាពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនពលកររបស់ខ្លួនបន្ថែមទៅតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់មជ្ឈិមបូព៌ាជាដើម៕

website_news/2017231105.txt · Last modified: 2017/11/23 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki