website_news:2017231106

ILO នឹងត្រួតពិនិត្យដំណើរការអនុវត្តកិច្ចព្រមព្រៀងពលករចំណាកស្រុកអាស៊ានឆ្នាំក្រោយ

https://thmeythmey.com/ 22, Nov 2017 , 9:59 pm ដោយ: ថ្មីៗ

អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា នៅឆ្នាំក្រោយនេះខ្លួននឹងចាប់ផ្តើមពិនិត្យការអនុវត្ត កិច្ចព្រមព្រៀងរួមរបស់អាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិពលករចំណាកស្រុក ដែលទើបចុះហត្ថលេខាកាលពីសប្តាហ៍មុន កិច្ចព្រមព្រៀងថ្មីនេះមានគោលដៅជួយពង្រឹងការការពារសិទ្ធិពលករនៅក្នុងតំបន់នៅពេលខាងមុខ។

កិច្ចព្រមព្រៀងរួមរបស់អាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិពលករចំណាកស្រុក (The ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers) ត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានកាលពីថ្ងៃ១៤ វិច្ឆិកាកន្លងទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅហ្វីលីពីន។ វាជាសមិទ្ធផលសំខាន់ក្នុងខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន។ ដោយសារកិច្ចព្រមព្រៀងការពារពលករអាស៊ាននេះគ្មានអនុភាពគតិយុត្តិ រដ្ឋហត្ថលេខីមានទំនួលខុសត្រូវក្នុងការបង្កើតផែនការសកម្មភាព និងអនុវត្តតាមកិច្ចព្រមព្រៀងឲ្យស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែរ។ ពាក់ព័ន្ធបញ្ហានេះ អង្គការពលកម្មអន្តរជាតិអះអាងថាខ្លួននឹងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនៅក្នុងរដ្ឋអាស៊ានទាំងដប់ផងដែរនៅឆ្នាំ ២០១៨។

យោងតាមសារព័ត៌មាន Manila Bulletin លោក Nilim Baruah អ្នកជំនាញជាន់ខ្ពស់ទទួលបន្ទុកផ្នែកពលករនៃអង្គការពលកម្មអន្តរជាតិបានលើកឡើងថា កិច្ចព្រមព្រៀងនឹងក្លាយជាបញ្ហាសំខាន់មួយដែលនឹងត្រូវពិភាក្សានៅក្នុងវេទិកាអាស៊ានស្តីពីពលករចំណាកស្រុកដែលត្រូវរៀបចំឡើងនៅត្រីមាសទីបួនឆ្នាំក្រោយ។ មន្ត្រីរូបនេះបានអះអាងថា អង្គការពលកម្មអន្តរជាតិនឹងពិនិត្យមើលថាតើកិច្ចព្រមព្រៀងរួមថ្មីនេះវាអនុលោមតាមបទបញ្ញត្តិដែលមានកំណត់ក្នុងសេចក្តីថ្លែងការណ៍ស្តីពីការការពារ និងលើកស្ទួយសិទ្ធិពលករចំណាកស្រុកដែលបង្កើតឡើងកាលពីឆ្នាំ ២០០៧ នៅក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ហើយលោករំពឹងថា បណ្តារដ្ឋអាស៊ាននឹងចាប់ផ្តើមអនុម័តផែនការសកម្មភាពដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធភាពផងដែរ។

«កិច្ចព្រមព្រៀងនេះមិនមានអនុភាពចាប់បង្ខំឡើយ ដូច្នេះហើយវាពឹងផ្អែកលើផែនការសកម្មភាពរបស់អាស៊ានដែលត្រូវអនុម័តឡើងនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងនេះក៏នឹងបង្កើតស្តង់ដារួមក្នុងការការពារពលករចំណាកស្រុកក្នុងតំបន់អាស៊ានដែរ»។ លោកNilim Baruah បានសង្កត់ធ្ងន់ដូច្នេះ៕

website_news/2017231106.txt · Last modified: 2017/11/23 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki