website_news:2017231107

អគ្គលេខាធិការ UN អំពាវនាវឲ្យមានការស៊ើបអង្កេតលើរបាយការណ៍ស្ដីពីការជួញដូរមនុស្សធ្វើជាទាសករនៅក្នុងប្រទេសលីប៊ី

http://bayontv.com.kh/ 22/11/2017

លីប៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញបាននិយាយថា លោកតក់ស្លុតចំពោះរបាយការណ៍មួយ និយាយពីជនអន្តោប្រវេសន៍អាហ្វ្រិកស្បែកខ្មៅ កំពុងត្រូវគេលក់ដូរធ្វើជាទាសករក្នុងប្រទេសលីប៊ី។ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់លោកកើតមាន ក្រោយការផ្សព្វផ្សាយរូបភាពវីដេអូដោយស្ថានីយទូរទស្សន៍ CNN អំពីអ្វីដែលគេនិយាយថា ជាការលក់ដេញថ្លៃលើក្រុមបុរសៗ ឲ្យទៅអតិថិជនលីប៊ីធ្វើជាកម្មករកសិកម្ម និងលក់ដូរក្នុងម្នាក់ៗមានតម្លៃ $400 ដែលធ្វើឲ្យគេនឹកឃើញដល់ជំនួញទាសករអន្តរសាហារ៉ា កាលពីច្រើនសតវត្សកន្លងទៅ។ ថ្លែងនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិលោក ហ្គូទើរ៉េស លើកឡើងថា លោកបានស្នើឲ្យមានការស៊ើបអង្កេតមួយ ដោយក្រុមអាជ្ញាធរដែលមានសមត្ថភាព ព្រមទាំងគណៈកម្មាធិការនានារបស់អង្គការសហប្រជាជាតិផងដែរ ដោយបន្ថែមថា ទាសករភាពគ្មាននៅកន្លែងណាមួយក្នុងពិភពលោកយើងឡើយ ហើយការជួញដូរទាំងនេះគឺស្ថិតនៅក្នុងចំណោម សកម្មភាពរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងអាចឈានទៅរកអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រទេសលីប៊ីបានក្លាយជាទីតាំងនៃបណ្ដាប្រទេសនៅអឺរ៉ុប ដែលខំរឹតត្បិតលើចំនួនជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ ប្រទេសអ៊ីតាលីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីបញ្ឈប់ការធ្វើដំណើរតាមសមុទ្រដោយការផ្ដល់ថវិកា, សម្ភារៈ និងការបណ្ដុះបណ្ដាលដល់ឆ្មាំព្រំដែនលីប៊ី និងឆ្មាំសមុទ្រ និងជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមការងារមូលដ្ឋាននានា ក្នុងការគ្រប់គ្រងការធ្វើដំណើរតាមផ្លូវគោកក្នុងប្រទេស ដែលនៅតែគ្មានច្បាប់ទម្លាប់ត្រឹមត្រវ បន្ទាប់ពីការស្លាប់របស់មេដឹកនាំ មូអាម៉ាហ្កា ដាហ្វី ក្នុងឆ្នាំ២០១១។ ជនអន្តោប្រវេសន៍ត្រូវបានគេចាប់ដាក់ក្នុងមណ្ឌលឃុំឃាំងនានា ក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដែលក្រុមឃ្លាំមើលសិទ្ធិមនុស្សបានធ្វើការប្រៀបធៀបទៅនឹងជំរំប្រមូលផ្ដុំ៕ អត្ថបទ៖ សុខមាន

website_news/2017231107.txt · Last modified: 2017/11/23 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki