website_news:2017231110

ថៃត្រៀមប្រកាសបើកច្រកអន្តរជាតិគីឡូ១៣ ក្នុងពេលឆាប់ៗនេះ

http://cambodiapolice.com/ ម៉ោង 2:31 pm 23 វិច្ឆិកា 2017

បាត់ដំបង ៖ ច្រកតំបន់គីឡូ១៣ ឬច្រកតំបន់ភ្នំដី ដែលស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ទល់នឹងស្រុកខ្លងហាត ខេត្តស្រះកែវ និងត្រូវប្រកាសជាផ្លូវការ ដើម្បីបង្កើតជាច្រកអន្តរជាតិវិញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីភាគីថៃបានធ្វើការ ផ្អាកការប្រកាសម្តងរួចមកហើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប្រាក់យុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃបានបើកកិច្ចប្រជុំគណរដ្ឋមន្ត្រី ដោយបានបញ្ចូលបញ្ហានៃការបង្កើតច្រកអន្តរជាតិខៅឌិន ( ច្រកគីឡូ១៣ ) ទៅក្នុងរបៀបវរៈនៃកិច្ចប្រជុំនោះផងដែរ ព្រមទាំងបានលើកឡើងថា ច្រកតំបន់មួយនេះ គឺមានកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរផងដែរ ក្នុងការប្រែក្លាយពីច្រកតំបន់អោយទៅជាច្រកអន្តរជាតិទី២ សម្រាប់ខេត្តស្រះកែវ ប្រទេសថៃ ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ គេក៏បានយល់ស្របតាមការអនុម័តរបស់រដ្ឋសភា ដែលបានសម្រេចលើបញ្ហាមួយចំនួនដូចជា ១. សម្រេចឯកភាព បើកច្រកភ្នំដី គីឡូ១៣ ឲ្យទៅជាច្រកអន្តរជាតិ ដោយប្រគល់នាទីទៅក្រសួងមហាផ្ទៃ ក្នុងការជូនដំណឹងទៅកាន់ អង្គភាពពាក់ព័ន្ធទាំងអស់ ២. ក្នុងករណីចាំបាច់ត្រូវកសាងអ្វីមួយ នៅត្រង់ចំណុចច្រកទ្វារព្រំដែន ត្រូវទំនាក់ទំនងទៅក្រសួងការពារជាតិ និងក្រសួងការបរទេស ដើម្បីពិនិត្យរួមគ្នាមុននឹងដំណើរការ ។

ក្រោយកិច្ចប្រជុំ គេសង្គេតឃើញថា គណៈរដ្ឋមន្ត្រីបានដាក់ផែនការទៅក្រសួងការងារនិងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរួមគ្នាលើកិច្ចការមួយចំនួនដូចជា ការរំលោភលើកិច្ចការព្រំដែន ការដឹកទំនិញខុសច្បាប់ឆ្លងដែន និងការលបឆ្លងដែនរបស់ពលករចំណាកស្រុក ។ តាមការសិក្សាសម្រាប់ច្រកតំបន់គីឡូ១៣ ( ច្រកខៅឌិន ឬ ច្រកភ្នំដី ) នាឆ្នាំ២០១៦កន្លងទៅ គេសង្គេតឃើញអត្រាឆ្លងដែនទៅវិញ ទៅមក រវាងប្រជាពលរដ្ឋកម្ពុជា ថៃគឺមានចំនួនដូចតទៅ ៖ ពលរដ្ឋថៃ ឆ្លងមកកម្ពុជា មានចំនួន ១ ១៥៦ នាក់ រីឯពលរដ្ឋកម្ពុជា ដែលឆ្លងទៅប្រទេសថៃមានចំនួន ១ ០៥៦ ៧៧៥ នាក់ ។

ចំពោះតម្លៃទំនិញដែលនាំឆ្លងកាត់លើខ្សែបន្ទាត់ព្រំដែនទៅវិញ ទៅមក នាឆ្នាំកន្លងទៅគឺ ទំនិញដែលនាំពីកម្ពុជា ទៅថៃ មានចំនួន ៣ ៥៨៧ លានបាត ដោយឡែកទំនិញដែលនាំចេញពីថៃ មកកម្ពុជា តាមច្រកនេះមានចំនួន ២ ៩៨៤ លានបាត ហើយការដែលភាគីថៃត្រៀមបង្កើតច្រកនេះអោយទៅជាច្រកអន្តរជាតិ ដោយសារតែទំហំស្ពានបេតុងដែលឆ្លងកាត់អូរព្រំដែន គឺទទឹងមានប្រវែង ៩ ម៉ែត្រ និងបណ្តោយប្រវែង ៥១ ម៉ែត្រ ។ បច្ចុប្បន្ន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានច្រកអន្តរជាតិចំនួន ៦ ហើយគឺនៅខេត្តស៊ីសាកេត ខេត្តសុរិន្ទ ខេត្តស្រះកែវ ខេត្តត្រាត និងខេត្តច័ន្ទបុរី មាន២កន្លែងព្រមទាំងមានច្រកតំបន់សរុបចំនួន១០ កន្លែងផងដែរ ៕

website_news/2017231110.txt · Last modified: 2017/11/23 16:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki