website_news:2017240201

បទល្មើសជួញដូរផ្លូវភេទក្នុងឆ្នាំ២០១៦ មានការកើនទ្បើងធៀបនឹងឆ្នាំ២០១៥

http://wmc.org.kh/archives ដោយ៖ ជួន សារ៉េត | ថ្ងៃទី 23 កុម្ភៈ 2017 | ម៉ោង 3:44 PM

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា បទល្មើសនៃការជួញ ដូរផ្លូវភេទមានការកើនទ្បើងក្នុងឆ្នាំ ២០១៦ បើប្រៀបធៀបកាលពីឆ្នាំ២០១៥។ ករណីនេះលោកស្រីថាក្រសួងនឹងពង្រឹងការអនុវត្តច្បាប់ បន្ថែមទៀតដើម្បីកាត់បន្ថយបទល្មើសទាំងនេះ។

ការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទនៅតែជាក្តីកង្វល់ក្នុងសង្គមកម្ពុជា ព្រោះថា ការធ្វើអាជីវកម្មផ្លូវភេទ មិនត្រឹមតែមិនថយចុះនោះទេ ប៉ុន្តែថែមទាំងមានការកើនទ្បើងទៅទៀត។ របាយការណ៍លទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា បទល្មើសជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទនៅតែបន្តកើតមាននៅទ្បើយបើទោះបីបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ក្តី។ របាយការណ៍នេះឱ្យដឹងទៀតថា ក្នុងនោះមូលហេតុចម្បងនៃបទល្មើសទាំងនេះ ដោយសារតែវិបត្តិនៃភាពក្រីក្រ ភាពគ្មានការងារធ្វើ និងសមត្ថ ភាពយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប។ បន្ថែមពីនេះទៀតនោះ គេរកឃើញថា ការធ្វើអាជីវិកម្មផ្លូវភេទ ភាគច្រើនកើតមាននៅតាមក្លឹបកំសាន្ត កន្លែងម៉ាស្សា កោសជប់ ឬតាមខារ៉ាអូខេ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ រីឯការធ្វើអាជីវកម្មលើពលកម្ម ភាគច្រើនត្រូវបានមេ ខ្យល់បោកបញ្ឆោតឱ្យធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង បង្ខំឱ្យធ្វើពលកម្ម ឬសុំទាន។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីដឹងថា ការបង្ក្រាបការជួញដូរផ្លូវភេទ មានចំនួនទាបជាងមុន តែបទល្មើសនៃការជួញដូរផ្លូវមានការកើនទ្បើង។ លោក ស្រីជូ ប៊ុនអេង បន្តថាបទល្មើសនៃការជួញដូរផ្លូវភេទ និងការជួញដូរពលកម្មសរុប មាន៩២ករណី។ក្នុងចំណោមបទល្មើសទាំងនេះមានការថយចុះ១៣ករណី ប៉ុន្តែការជួញដូរពលកម្មបង្ក្រាបបានតិចជាងមុន ៧ ករណី តែកើនទ្បើងការជួញដូរផ្លូវភេទប្រមាណ ២០ករណី។ លោក ស្រី ជូ ប៊ុនអេង បន្តថាដើម្បីឱ្យបទល្មើសទាំងនេះមានការថយចុះនោះគឺក្រសួងនឹងពង្រឹងការអនុវត្តច្បាប់ ហើយភាគីពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហការជាមួយគ្នាបន្ថែមទៀត។ លោកស្រី ជូ ប៊ុនអេង៖«វិធានការយើងនៅតែបន្តជាពិសេសពង្រឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំយើងតែចេះផ្សព្វផ្សាយទៅប៉ុន្តែបើផ្សព្វផ្សាយអប់រំហើយយើងនៅតែមានបញ្ហាកើតទ្បើងទៀតយើងមានតែពង្រឹងការអនុវត្តច្បាប់នោះទេ ហើយការធ្វើបែបនេះមិនមែនមានតែកម្ពុជាម្នាក់ឯងទេទាល់តែមានភាគីពាក់ព័ន្ធចូលរួម»។

ឆ្លើយតបនឹងការលើកទ្បើងនេះលោក សែម ចៅសុខ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការលីកាដូ មានប្រសាសន៍ថា ការជួញ ដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្មនៅតែបន្តកើតមានឥតឈប់ឈរទោះបីជាមានការបង្ក្រាបក៏ដោយចុះ។ លោក សែម ចៅសុខ បន្តថាការជួញដូរផ្លូវភេទគឺជា ការបញ្ជូនពីខ្មែរទៅប្រទេសចិន និងប្រទេសជប៉ុន ហើយការជួញដូរផ្លូវភេទនេះ នាពេលកន្លងមកឆ្លងដែនតាមច្រកសៀមរាប និងព្រលានយន្តហោះភ្នំពេញ តែថ្មីៗនេះមានការជួញដូរផ្លូវភេទមួយទៀតគឺនៅតាមច្រកព្រំដែនវៀតណាម។ លោកគូសបញ្ជាក់ទៀតថា មូលហេតុការជួញដូរនេះមានការកើនទ្បើងគឺដោយសារតែការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅទ្បើយ។ លោក សែម ចៅសុខ ៖«ការអនុវត្តច្បាប់នៅស្រុកយើងនៅមានខ្វះចន្លោះមានន័យថាការផ្តន្ទាទោសទៅដល់ជនប្រព្រឹត្តហ្នឹងមិនទាន់ចំទិសដៅចំនុចដែលយើងត្រូវការបង្ក្រាប ទាក់ទងនឹងការបង្ក្រាបការទប់ស្កាត់ផ្លូវភេទរដ្ឋាភិបាលត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់មធ្យោបាយទាំងអស់ដើម្បីឱ្យដឹងដល់សហគមន៍នៅតំបន់ដាច់ស្រយាល»។

ចំណែកនាយិកាប្រតិបត្តិអង្គការសីលការ លោកស្រី ធីតា ឃឹះ យល់ឃើញថា ប្រសិនបើការជួញដូរផ្លូវភេទពលរដ្ឋកម្ពុជានៅតែបន្តកើនទ្បើងនោះ នឹងធ្វើឱ្យប៉ះពាល់ដល់សង្គមកម្ពុជា។ «ប្រជាពលរដ្ឋយើងនឹងទទួលរងគ្រោះហ្នឹងច្រើនអាចឆ្លងជំងឺ អាចស្លាប់បាត់បង់ជីវិត អាចខូចសតិបញ្ញា អាចទៅជាទាសករនៅស្រុកគេ ភ្នាក់ងារដែលជាអ្នកដើរទៅបញ្ចុះបញ្ចូលហ្នឹងត្រូវតែមានអត្តសញ្ញាណត្រឹមត្រូវហើយមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ប្រព័ន្ធការពារខាងផ្នែកច្បាប់ នឹងប្រព័ន្ធអប់រំតាមផ្នែកខាងសហគមន៍នឹងប្រព័ន្ធជួយគាំទ្រនៅពេលដែលគាត់ត្រូវការសេវាត្រូវតែមានប្រចាំ»។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ការបង្ក្រាបរួមមាន ៧៦ ករណី ឃាត់ខ្លួន ១០០ នាក់ (ស្រី ៤៨នាក់) ជនបរទេស ០៨ នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត និងរំដោះជនរងគ្រោះ ២៩៥នាក់ (បញ្ជូនទៅមន្ទីរសង្គមកិច្ច ១៨៤នាក់ អង្គការ ០៧ នាក់ គ្រួសារ១០៤ នាក់)។ បទល្មើសជួញដូរមនុស្សមាន ២៤ ករណី ឃាត់ខ្លួន ៣៦ នាក់ (ស្រី ២១ នាក់) ជនបរទេស ០៣ នាក់ រំដោះជនរងគ្រោះ ១០៨នាក់ និងបទល្មើសអាជីវកម្មផ្លូវភេទ៥២ ករណី ឃាត់ខ្លួន៦៤នាក់ (ស្រី ២៧នាក់ ) ជនបរទេស ០៥នាក់ រំដោះជនរងគ្រោះ ១៨៧នាក់៕

website_news/2017240201.txt · Last modified: 2017/02/24 10:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki