website_news:2017240203

រដ្ឋមន្រ្តី វង សូត៖ លក្ខខណ្ឌស្មុំកូននៅកម្ពុជាលើកនេះ មានភាពតឹងរឹងខ្លាំង, អាត្រានៃការស្មុំកូនទៅបរទេសនឹងមានការថយចុះ

http://freshnewsasia.com/index.php 2017-02-23

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា គោលការណ៍ស្មុំកូនលើកនេះ គឺមានលក្ខខណ្ឌតឹងរឹងជាងមុន ដោយក្រសួងបានទុកលទ្ធភាពឲ្យប្រជាពលរដ្ឋនៅកម្ពុជា ដើម្បីទទួលបានការស្មុំកូន មុននឹងឲ្យបរទេសទទួលបានការស្មុំកូននៅកម្ពុជា។ ប្រទេសទាំងអស់ដែលមានបំណងចង់ស្មុំកូននៅកម្ពុជា គឺផ្តល់ជូនបានតែ២នាក់ប៉ុណ្ណោះ លើកលែងតែប្រទេសអ៉ីតាលី ដែលអាចស្មុំកូនរហូតទៅដល់៨នាក់ ដោយសារប្រទេសអ៉ីតាលី បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើការស្មុំកូននេះ ហើយនៅមិនទាន់បានអនុវត្ត ខណៈសុពលភាព នៃកិច្ចព្រមព្រៀង នៅសល់តែ រយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។

រដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈលោកអនុញ្ញាតឲ្យ លោកស្រី Susan Jacobs ទីប្រឹក្សាពិសេសក្រសួងការបរទេសអាមេរិក និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការស្មុំកូន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងឲ្យដឹងថា ការរឹតបន្តឹងក្នុងលក្ខខណ្ឌនៃការស្មុំកូននៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ចង់កាត់បន្ថយការជួញដូរកុមារក្រោមរូបភាពស្មុំកូនទៅចិញ្ចឹម, កាត់បន្ថយការរំលោភបំពានសិទ្ធិកុមារ ក្រោមរូបភាពផ្សេងៗ ដែលកន្លងមកកម្ពុជា បានជួបប្រទះ។

ជាមួយគ្នានោះដែរ លោកស្រី Susan Jacobs បានលើកឡើងថា លោកស្រី និងក្រុមការងារ បានគាំទ្រលើលក្ខខណ្ឌ ដែលក្រសួងសង្គមកិច្ច បានរៀបចំលើការស្មុំកូននៅកម្ពុជា។ លោកស្រី បន្តថា លក្ខខណ្ឌខាងលើនេះ អាចជាតឹងបន្តិច ប៉ុន្តែនៅតែអាចជួយកុមារកម្ពុជា ពីវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារ, ជួយកុមារដែលជួបការលំបាក, កុមារដែលរស់នៅក្នុងគ្រួសារដែលមានបងប្អូនច្រើន។ យ៉ាងណាក៏ដោយ លោកស្រី Susan Jacobs បានសំដែងការសប្បាយចិត្ត ដែលបានសហការការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងផ្នែកស្មុំកូននេះ ហើយសង្ឃឹមថា ការងារនេះ នឹងអាចជួយដល់កម្ពុជា ក្នុងការកាត់បន្ថយទុក្ខលំបាករបស់កុមារឲ្យបានកាន់តែច្រើនឡើងៗ។

ជាការឆ្លើយតប រដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណដល់ លោកស្រី Susan Jacobs និងក្រុមការងារ ដែលបានសហការ យ៉ាងល្អជាមួយកម្ពុជា ក្នុងការជួយសម្រួល និងផ្តល់គំនិតយោបល់ ក្នុងការធ្វើយ៉ាងណាឲ្យការស្មុំកូននៅកម្ពុជា កាន់តែមានតម្លាភាព មិនស្ថិតនៅក្រោមការរំលោភបំពាន។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានបញ្ជាក់ថា ការស្មុំកូននៅកម្ពុជា បានធ្វើឡើងនៅប្រទេសកម្ពុជា ជាយូរមកហើយ ប៉ុន្តែនៅមិនទាន់មាន គោលការណ៍ ជាក់លាក់ណាមួយ ដោយធ្វើយោងទៅតាមសកម្មភាពជាក់ស្តែង។ ការស្មុំកូននេះ ក៏បានជួយដល់កុមារជាច្រើន ដូចជាជួយដល់ការទំនុកបំរុងកុមារ គ្មានលទ្ធភាពគ្រប់គ្រាន់ជាដើម។ កន្លងមកការស្មុំកូននៅកម្ពុជា បានកើតចេញពីការស្រឡាញ់ អាណិតអាសូរ ពីអាណាព្យាបាលកម្ពុជា និងបរទេសផង រហូតក្លាយទៅជាគ្រួសារមួយ ទើបមានការស្មុំកូនយកទៅចិញ្ចឹមជាបន្តបន្ទាប់៕

website_news/2017240203.txt · Last modified: 2017/02/24 10:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki