website_news:2017240204

ក្រុមហ៊ុនបង្គាថៃនិងអាមេរិកទទួលស្គាល់ដើមបណ្តឹងខ្មែរ តែប្រកែកថាមិនបានធ្វើខុស

http://khmer.voanews.com/ 24 កុម្ភៈ 2017 ម៉ែន គឹមសេង

វ៉ាស៊ីនតោនៈ ជារៀងរាល់ឆ្នាំឧស្សាហកម្មគ្រឿងសមុទ្រថៃបាននាំចេញក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារមកកាន់ទីផ្សារនៅជុំវិញពិភពលោក។ ពាក់កណ្តាលនៃចំនួននេះគឺជាផលិតផលបង្គាដែលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។ ឧស្សាហកម្មផលិតបង្គានេះត្រូវការកម្លាំងពលកម្មយ៉ាងខ្លាំងហើយបានស្រូបយកកម្លាំងពលកម្មពីប្រទេសជិតខាងដែលក្នុងនោះមានមកពីប្រទេសកម្ពុជាផងដែរ។ នេះដោយសារតែពលរដ្ឋថៃមិនចង់ធ្វើការងារនេះទេ។ នេះបើតាមរបាយការណ៍របស់អង្គការយុត្តិធម៌បរិស្ថានដែលបានចេញផ្សាយកាលពីឆ្នាំ២០១៣។

របាយការណ៍ស្រាវជ្រាវនានារបស់បណ្តាញសារព័ត៌មាននិងរដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេះ។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមុននឹងព័ត៌មាននៃការរំលោភបំពាននេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ផាន់ សុភា ដែលទើបបានបញ្ចប់ការសិក្សាមធ្យមសិក្សាមើលឃើញថា ការងារនៅប្រទេសថៃគឺជាឱកាសមួយក្នុងការជួយឱ្យជីវភាពគ្រួសារបានប្រសើរឡើង។ សុភាបានចាកចេញពីលំនៅដ្ឋានក្នុងខេត្តបាត់ដំបងហើយធ្វើដំណើរចេញក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួននៅឆ្នាំ២០១០ ជាមួយនឹងពលករដទៃទៀតសំដៅទៅប្រទេសថៃដើម្បីធ្វើការឱ្យក្រុមហ៊ុនគ្រឿងសមុទ្រផាត់ថាណាដែលមានរោងចក្រនៅខេត្តសុងក្លា។ សុភាបានពន្យល់ថា៖«សម្រេចចិត្តទៅនេះដោយសារជីវភាពផងដោយសារយើងរកអ្វី អត់បានម្ល៉ោះហើយសម្រេចចិត្តថាសុខចិត្តទៅធ្វើការនៅថៃដើម្បីរកប្រាក់កម្រៃដើម្បីនឹងជួយជីវភាពគ្រួសារហើយណាមួយម្តាយគាត់ឈឺផងហើយណាមួយក្នុងបន្ទុកយើងរកអ្វី អត់បានម្ល៉ោះហើយខ្ញុំសុខចិត្តអត់បានរៀនតក៏ទៅធ្វើការនៅថៃតែម្តង‍»។

អ្នកធ្វើដំណើរមកដល់ដំណាលនឹង ផាន់ សុភា ដែរគឺ សែម កុសល និងប្រពន្ធឈ្មោះ សុភា ប៊ុន ដែលសុទ្ធតែជាអ្នកបាត់ដំបងដូចគ្នា។ អ្នកទាំងបីត្រូវបានជ្រើសរើសដោយក្រុមហ៊ុន CDM ដោយការសន្យាថា នឹងទទួលបានប្រាក់ខែរហូតដល់៣០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែអ្នកទាំងបីបានរងការបោកបញ្ឆោតដោយត្រូវធ្វើការក្នុងស្ថានភាពមួយលំបាក ខ្វះខាតហូបចុកនិងកន្លែងស្នាក់នៅមិនសមរម្យ។ នេះបើតាមការបញ្ជាក់របស់ជនរងគ្រោះ។

លោក សែម កុសល បានបន្ថែមថា៖ «គេប្រាប់ខ្ញុំពេលដែលខ្ញុំទៅគេឱ្យប្រាក់ខែខ្ញុំពី២២០ទៅ៣០០អីចឹងតែដល់ពេលទៅដល់វាអត់បានដូចគោលការណ៍ទេ ហើយកន្លែងស្នាក់នៅគេឱ្យកន្លែងដែលខ្ញុំស្នាក់នៅវាមានគ្រែមានពូកហើយថ្លៃទឹកភ្លើងកន្លែងស្នាក់នៅគេអត់គិតលុយទេ។ ប៉ុន្តែដល់ពេលខ្ញុំទៅថ្លៃស្នាក់នៅគេគិតលុយហើយកន្លែងដេកហ្នឹងអត់សមរម្យទៀតគេចាក់សាបក្រាលបន្តិចៗឱ្យខ្ញុំដេកកន្លែងដូចទ្រុងជ្រូក។ ដល់អីចឹងវាខុសពីគេឃោសនាហ្នឹង‍»។ លោក ផាន់ សុភា បានរៀបរាប់ពីស្ថានភាពរស់នៅបន្ថែមថា៖ «ពេលភ្លៀងតាមបន្ទប់វាមានដក់ទឹក។ ពេលយើងសម្រានអីចឹងទៅវាមានសត្វល្អិតចូលមក។ ដូចរូបខ្ញុំផ្ទាល់វាធ្លាប់មានសត្វម្រើមព្រះវាមកដេកនៅរង្វង់ភ្នែក។ ខ្ញុំភ្ញាក់ឡើងខ្ញុំភ័យហ្មង។ ខ្ញុំរបៀបដូចជាតក់ស្លុតដែរដែលអីចឹង‍»។ ពួកគេក៏ត្រូវធ្វើការធ្ងន់ធ្ងរហើយពេលខ្លះត្រូវមេការបង្ខំឱ្យធ្វើការថែមម៉ោងផងដែរ។ ពួកគេបានវិលត្រឡប់មកប្រទេសកំណើតវិញនៅចុងឆ្នាំ២០១២ ដោយមានសុខភាពចុះខ្សោយនិងជំពាក់ប្រាក់បំណុលដែលបានខ្ចីសម្រាប់រៀបចំឯកសារធ្វើដំណើរទៅធ្វើការ។

ដោយការមិនទុកចិត្តថា នឹងអាចរកយុត្តិធម៌បាននៅក្នុងជម្លោះដែលមានលក្ខណៈអន្តរជាតិនេះ ជនរងគ្រោះដែលគេបោកទៅធ្វើការនៅប្រទេសថៃចំនួន៧នាក់រួមទាំង ផាន់ សុភា សែមកុសលនិងភរិយាបានងាកមកប្តឹងនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ារបស់សហរដ្ឋអាមេរិកនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០១៦ប្រឆាំងនឹងក្រុមហ៊ុន Phatthana Seafood និងក្រុមហ៊ុនS.S. Frozenដោយសារតែផ្គត់ផ្គង់ផលិតផលបង្គារមកសហរដ្ឋអាមេរិកនិងប្តឹងក្រុមហ៊ុនអាមេរិកាំងWales & Co. Universe Ltd. និងក្រុមហ៊ុនRobicon Resources Llc. ដែលជាចំណុចចុងក្រោយនៃសង្វាក់ផ្គត់ផ្គង់អាហារសមុទ្រនេះ។ ការប្តឹងនេះដោយផ្អែកលើច្បាប់ការពារជនរងគ្រោះដោយសារការជួញដូរ ដែលច្បាប់នេះអនុញ្ញាតឱ្យជនរងគ្រោះដាក់បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនណាក៏ដោយដែលទទួលផលប្រយោជន៍ពីសកម្មភាពនៃការជួញដូរមនុស្ស។ នៅក្នុងពាក្យបណ្តឹងក្រុមមេធាវីក៏បានដកស្រង់របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការមូលនិធិយុត្តិធម៌បរិស្ថានដែលបានបង្ហាញថាឧស្សាហកម្មបង្គាថៃបានកេងប្រវ័ញ្ចកម្លាំងពលកម្មដែលក្នុងនោះ៩០ភាគរយនៃកម្លាំងពលកម្មគឺមកពីប្រទេសជិតខាងដូចជាកម្ពុជា ឡាវ និងភូមា។ ពាក្យបណ្តឹងនេះត្រូវបានតុលាការទទួលយកនឹងកំពុងចាត់ការ។ នៅក្នុងចម្លើយការពារខ្លួន មេធាវីរបស់ចុងចម្លើយបានបដិសេធថា កូនក្តីរបស់ខ្លួនពុំមានជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះប៉ុន្តែមិនបានបដិសេធចំពោះការរកឃើញក្នុងរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអង្គការការពារសិទ្ធិមនុស្សទាំងនោះទេ។ នេះបើតាមឯកសារចម្លើយរបស់ក្រុមមេធាវីកាលពីថ្ងៃទី១៤ខែធ្នូដែលវីអូអេទទួលបានពីគេហទំព័ររបស់តុលាការ។ ក្រុមហ៊ុន S.S. Frozen, Wales & Co. Universe Ltd’s, Phatthana Seafood Co. Ltd. និងRubicon Resources LLC បានបញ្ជាក់ដូចៗគ្នាថា៖ «រាល់ជម្លោះពាក់ព័ន្ធនឹងប្រាក់ឈ្នួល ស្ថានភាពធ្វើការ លំនៅដ្ឋាន និងបញ្ហាការងារផ្សេងទៀតដែលកើតមានឡើងក្នុងអំឡុងពេលដែលដើមបណ្តឹងធ្វើការនៅការដ្ឋានរបស់ក្រុមហ៊ុនPhatthana Seafood គឺត្រូវបានដោះស្រាយរួចរាល់ក្នុងឆ្នាំ២០១២ដោយមានកិច្ចសហការនិងត្រួតពិនិត្យមើលរវាងរដ្ឋាភិបាលកម្ពុជានិងថៃ‍»។ ញត្តិការពារខ្លួនរបស់មេធាវីចុងចម្លើយបានបន្តថាការរងរបួសឬការខូចខាតដែលបានចោទនៅក្នុងពាក្យបណ្តឹងគឺពិតជាមិនមែនសកម្មភាពរបស់កូនក្តីខ្លួនឡើយ។

លោក ផាន់ សុភា អតីតពលករខ្មែរដែលមកពី ខេត្តបាត់ដំបងបានរំលឹកថាក្នុងអំឡុងពេលដែលលោកធ្វើការនៅប្រទេសថៃមានផ្ទុះនូវបាតុកម្មជាច្រើនលើក ដើម្បីទាមទារប្រាក់ឈ្នួលពលកម្ម ហើយស្ថានទូតកម្ពុជាក៏បានចូលរួមសម្របសម្រួលដែរ។«គេព្យាយាមសម្របសម្រួលឱ្យយើងនៅធ្វើការនៅទីហ្នឹងទៅកុំឱ្យយើងធ្វើបាតុកម្មអី្វ។ ភាគច្រើនគឺគេសម្របសម្រួលខាងយើងឱ្យសម្រុះសម្រួលដើម្បីបានធ្វើការនៅប្រទេសថៃ‍»។ ប៉ុន្តែលោកបានបន្ថែមថា លទ្ធផលគឺមិនបានតាមការចង់បានរបស់ពលករទេ៖«បាតុកម្មចុងក្រោយគឺបាតុកម្មទ្រង់ទ្រាយធំរីឯការងារវាអត់មានឱ្យយើងចូលធ្វើហើយយើងទៅបានតែទៅ ឯការងារប្រាក់ខែប៉ុណ្ណាគឺបានប៉ុណ្ណឹងដូចជា១៩៧បាតក្នុងមួយថ្ងៃអីចឹងទូទាត់ទៅយើងនៅបានតែនៅប្រាក់ខែ មិនបានប៉ុន្មានទេ»។ លោកស្រី មូរ សុខ ហួរអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាសមត្ថភាពរបស់មន្ត្រីខ្មែរនិងការគាំទ្រមិនទាន់ដល់កម្រិតទេជាពិសេសការផ្តល់សេវាច្បាប់លើជម្លោះអន្តរជាតិ។ «បញ្ហាគឺកង្វះខាតនូវសេវាច្បាប់មេធាវីដែលអាចមានលទ្ធភាពគ្រប់គ្រាន់ជួយទៅដល់កម្មកររបស់យើងជួនណាជាភាសាជួនណាទម្រាំតែរកមេធាវីបានហើយនឹងមន្ត្រីនៅក្នុងស្ថានទូតយើងគឺខ្វះខាតណាស់ តិចតួចណាស់ដើម្បីឱ្យអាចប្រឈមមុខជាមួយនឹងច្បាប់ថៃឬច្បាប់អន្តរជាតិនានានោះ‍»។ លោកស្រី មូរ សុខហួរ គាំទ្រដល់ការណ៍ដែលពលរដ្ឋខ្មែរហ៊ានតវ៉ាដោយប្រើយន្តការអន្តរជាតិនេះ៖ «ខ្ញុំយល់ឃើញថាជាការអស្ចារ្យហើយយើងត្រូវតែលើកទឹកចិត្តហើយមែនទែនរាជរដ្ឋាភិបាលគួរតែចេញសេវាថ្លៃច្បាប់ឱ្យអស់ពីសមត្ថភាពដើម្បីឱ្យបានយ៉ាងហោចណាស់មានករណីជាគំរូលើកទឹកចិត្តដល់កម្មកររបស់យើងប្តឹងនៅពេលណាដែលទទួលរងគ្រោះនិងការកេងប្រវ័ញ្ចរបៀបនេះ‍»។

ក្រុមហ៊ុនPhatthana Seafood និងក្រុមហ៊ុនS.S. Frozen បានទទួលស្គាល់ដើមបណ្តឹងចំនួន៦នាក់ដែលមានឈ្មោះ ផាន់សុភា សែមកុសល សុផាប៊ុន កែវរដ្ឋា យែមបាន និង ណុលណាគ្រី ថាធ្លាប់បានធ្វើការនៅទីនោះប៉ុន្តែមិនទទួលស្គាល់ឈ្មោះសុក សងដែលមកពីខេត្តកំពតទេ។ រីឯក្រុមហ៊ុនWales & Co. Universe Ltd. និងក្រុមហ៊ុនRobicon Resources Llc. បដិសេធថាខ្លួនមិនដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងការជួលបុគ្គលិកដោយក្រុមហ៊ុនPhatthana ។ ប៉ុន្តែលោកសុក សងយល់ថាវាគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ៖ «អាហ្នឹងអត់អីទេចម្លើយយើងទៅតាមហ្នឹងទៅ។ ធ្វើម៉េចខាងគេគេម៉េចទទួលស្គាល់យើងព្រោះកាលដើមបណ្តឹងខ្ញុំហ្នឹងហើយជាប្រធានទាំងអស់តាមរយៈបងព្រោះកាលហ្នឹងមានតែខ្ញុំទេ ដែលអាចស្គាល់តាមខ្សែរយៈហ្នឹងព្រោះថាយើងធ្វើការវាគាបសង្កត់មកលើយើងទារលុយកាក់ពេលដែលយើងធ្វើការឱ្យវាចាយលុយតិចមិនស្របតាមកិច្ចសន្យាពលករ‍»។ លោក សុក សង បញ្ជាក់ថាលោកធ្លាក់ខ្លួនជំពាក់បំណុលរហូតចាប់តាំងពីលោកវិលត្រឡប់ពីប្រទេសថៃមកវិញ៖«វារកអត់បានតាំងពីយើងទៅមកវាលិចលង់ចឹងមកយើងរកអត់បានរហូតទើសសព្វថ្ងៃ។ វាមានជំពាក់គេរហូតបី បួន ប្រាំពាន់ដុល្លារ‍»។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សដែលមានឈ្មោះកាត់ថា Central បានបញ្ជាក់ថានៅពេលដែលអតីតពលករទាំងនោះមកដាក់ពាក្យប្តឹងគឺលោកពិនិត្យឃើញថាពួកគេមានឯកសារត្រឹមត្រូវហើយតុលាការគួរតែពន្លឿននីតិវិធីក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះ៕

website_news/2017240204.txt · Last modified: 2017/02/24 10:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki