website_news:2017240303

រយៈពេលជិត៣ខែដើមឆ្នាំ២០១៧នេះ ថៃបញ្ជូនពលករខុសច្បាប់ជិតមួយម៉ឺននាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង

http://police.gov.kh/blog 12:31 pm 24 មីនា 2017 9

បាត់ដំបង៖ ពលករខ្មែរប្រមាណជិត១ម៉ឺននាក់ដែលសុទ្ធសឹងជាពលករលបចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះត្រូវបានអាជ្ញាធរថៃ រួមជាមួយនឹងកំលាំងជំនាញចាប់ប្រមូល និងបញ្ជូនមកកាន់កម្ពុជាវិញតាមច្រកអន្តរជាតិដូង ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៧ មកទល់នឹងខែមីនានេះ។

យោងតាមប្រភពព័ត៌មានពីប្រទេសថៃ បានអោយដឹងថា ចាប់តាំងពីដើមខែមករាមក អាជ្ញាធរថៃ បានចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើផ្លូវច្បាប់ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ដូចជាពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ាជាដើម ។ល។ ដោយបានដាក់កំលាំងប្រមូលនៅតាមបណ្តាទីតាំងកសាង និងតាមរោងចក្រនានា នៅទូទាំងប្រទេស ដើម្បីបញ្ជូនអោយពួកគេវិលត្រឡប់ទៅកាន់ប្រទេសដើមវិញ អោយអស់មុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ ហើយតម្រូវអោយបំពេញច្បាប់អោយបានត្រឹមត្រូវ ទើបអនុញ្ញាតអោយចូលទៅធ្វើការនៅក្នុងទឹកដីថៃវិញបាន។

បើគេសង្កេតមើលទៅលើច្រកអន្តរជាតិដូង ដែលស្ថិតនៅក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង គឺការចាត់បញ្ជូនពលករខ្មែរអោយឆ្លងដែនដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ គឺមានជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានពីរលើកក៏មានដែរ ( ព្រឹក ល្ងាច ) ដោយក្នុងនោះមួយលើកៗមានពលករខុសច្បាប់រាប់រយនាក់ ដែលត្រូវភាគីថៃបញ្ជូនមកវិញ។

តាមរបាយការណ៍របស់សមត្ថកិច្ចប្រចាំច្រកអន្តរជាតិនេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតមកទល់នឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧គឺភាគីថៃបានបញ្ជូនពលករខ្មែរមកវិញមានចំនួន១០០លើកគត់ ដោយសរុបពលករដែលខុសច្បាប់មានចំនួន ៩ ៩៨៥ នាក់។ លោក ម៉ុយ សាលឹត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានប្រាប់អោយដឹងថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្នុងប្រទេសថៃ នឹងត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ក្នុងខែមករា ឆ្នាំ២០១៧ មានចំនួន៧លើក ស្មើនឹង១៦១នាក់ ស្រី៣៦នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧មានចំនួន៤៧លើក ស្មើនឹង ២.៨៩២នាក់ ស្រី១.០៨៤នាក់ លុះចូលដល់ខែមីនា ឆ្នាំ២០១៧ មានចំនួន៤៥លើក ស្មើនឹង៦.៩៣២នាក់ ស្រី២.៧៧៨នាក់។

លោកមេបញ្ជាការបានបន្ដថា ពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង៩.៩៨៥នាក់ ដែលអាជ្ញាធរថៃបញ្ជូនអោយត្រឡប់មកកាន់ស្រុកកំណើតវិញនោះ ដោយសារតែពួកគាត់ទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ហើយពួកគាត់ភាគច្រើនជាបុរសដែលបានធ្វើដំណើរពីតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃតែម្តង៕

website_news/2017240303.txt · Last modified: 2017/08/24 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki