website_news:2017240305

ប៉ូលិសឥណ្ឌាចាប់មនុស្ស ៨នាក់ ពីបទរត់ពន្ឋ ឆ្អឹងមនុស្ស

http://www.cen.com.kh/world ថ្ងៃទី 24 មីនា 2017, 12:22:PM

ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា ចាប់ជនសង្ស័យរត់ពន្ឋឆ្អឺងមនុស្ស ចំនួន ៨នាក់ នៅក្នុងរដ្ឋ West Bengal ក្រោយពេលពួកគេបានរកឃើញឆ្អឹងមនុស្សចំនួន ៣៦៥ដុំ នៅក្នុងភូមិមួយ។ នេះបើតាមការចុះផ្សាយរបស់ CNN នៅព្រឹកថ្ងៃសុក្រនេះ។ ឆ្អឺងទាំងអស់ ដែលត្រូវបានគេរកឃើញនៅក្នុងភូមិ Burdwan ត្រូវបានគេជឿជាក់ថា បានពីសាកសពរលួយ ដែលរកឃើញក្នុងទន្លេ នៃរដ្ឋ West Bengal។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការប៉ូលិសរងនៃរដ្ឋមួយនេះ។ “ឆ្អឺងទាំងអស់ត្រូវបានគេលាងសំអាតដោយជាតិអ៊ីដ្រូសែន ដើម្បីលក់ទៅឲ្យវេជ្ជបណ្ឌិត និងសកលវិទ្យាល័យ សុខាភិបាល នៅក្នុងតំបន់” ប៉ូលីសដដែល ឈ្មោះ Ajay Sharma បញ្ជាក់ប្រាប់ CNN។

ប្រទេសឥណ្ឌាបានដាក់ការនាំចូលធាតុរបស់មនុស្ស ជាអំពើខុសច្បាប់ ហើយប្រទេសនេះបានអនុវត្តន៍ច្បាប់នេះតាំងពី ឆ្នាំ ១៩៨៥មកម្ល៉េះ។ ឥណ្ឌាធ្លាប់ចាប់បានការរត់ពន្ឋឆ្អឹងមនុស្សជាច្រើនករណីរួចមកហើយ ដោយកាលពីឆ្នាំ ២០០៧ ប៉ូលីសប្រទេសនេះបានរឹបអូសបាន ឆ្អឹងលលាក្បាលមនុស្សចំនួន ២០ និងឆ្អឹងផ្នែកផ្សេងៗទៀតជាច្រើន បន្ទាប់ពីមានការវាយឆ្មក់ជាច្រើនសារនៅក្នុងភូមិ Burdwan ព្រមទាំងបានចាប់ជនសង្ស័យចំនួន ៦នាក់ផងដែរ។

មួយឆ្នាំក្រោយមកទៀត ប៉ូលិសបានរឹបអូសឆ្អឹងលលាក្បាលចំនួន ៧០ ដែលត្រូវបានគេរកឃើញក្នុងកាបូប ២នៅក្បែរព្រំដែនប្រទេសឥណ្ឌា និងណេប៉ាល់។ ហើយនៅក្នុងឆ្នាំ ២០០៩ ប៉ូលិសបានចាប់បុរសម្នាក់នៅក្នុងឡានក្រុង ដោយរឹបអូសបានឆ្អឹងលលាក្បាលចំនួន ៦៧៕

website_news/2017240305.txt · Last modified: 2017/03/24 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki