website_news:2017240411

កម្ពុជាស្នើ ហុងកុង រៀបចំ កិច្ចសហការ រវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ

http://dap-news.com/kh ថ្ងៃច័ន្ទ, ២៤ មេសា ២០១៧ 13:16 ដោយ: នឿត សុភក្រ្ត ID:014

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់រដ្ឋាភិបាលហុងកុង រៀបចំឱ្យមានកិច្ចសហការ រវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ។ ការស្នើរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាល ពិសេសហុងកុង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ នៅការិយាល័យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ក្នុងជំនួបនេះភាគីហុងកុង បានសម្តែងការស្វាគមន៍ ចំពោះលោក រដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែលមានទាំងក្រុមការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្នាក់ងារជ្រើសរើសពលករ ធ្វើការនៅក្រៅប្រទេស មកបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលហុងកុង ដើម្បីពិភាក្សាក្នុងការបង្កើតចំណងមិត្តភាព ក្នុងវិស័យការងារ សម្រាប់ប្រទេសយើងទាំងពីរ ស្របតាមចក្ខុវិស័យខ្សែរក្រវ៉ាត់មួយ វិថីមួយរបស់ប្រទេសចិន។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ក្នុងជំនួប ក៏បានធ្វើបទបង្ហាញអំពីនីតិវិធីបញ្ជូន និងទទួលពលករបរទេស ការការពារ ការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់ពលករបរទេស ដែលមកធ្វើការនៅតំបន់ រដ្ឋបាលពិសេសហុងកុង។

លោករដ្ឋមន្រ្តីបានអរគុណ ចំពោះរដ្ឋបាលហុងកុង ដែលបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ដែលជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការស្វែងរក និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវការងារ ប្រាក់ឈ្នួលខ្ពស់ សិទ្ធិ និងផលប្រយោជន៍ផ្សេងៗសមរម្យ។ ទំនាក់ទំនងនេះ ជាកិច្ចសហប្រតិបត្តិការឈ្នះៗ មួយសម្រាប់ប្រទេសយើង ទាំងពីរក្នុងការផ្តល់ឱកាស ឱ្យគ្នាទៅវិញទៅមកទាំងក្នុងវិស័យការងារ និងទេសចរណ៍ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើកិច្ចការនេះ ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះការទំនាក់ទំនងគ្នា រវាងប្រជាជននៃប្រទេសយើងទាំងពីរ ក៏មានភាពជិតស្និតផងដែរ។ លោកថា ការធ្វើបទបង្ហាញ របស់ស្នងការការងារ ដល់ប្រតិភូកម្ពុជា បានយល់ដឹងអំពីនីតិវិធី ក្នុងការទទួល និងគ្រប់គ្រងពលករបរទេស។ ក្នុងឱកាសនេះ លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់នូវសិទ្ធិ និងអត្តប្រយោជន៍ផ្សេងៗ សម្រាប់ពលករបរទេស ដូចប្រជាជនហុងកុងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំមានការរីករាយចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់ទិដ្ឋាការការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអំណោយផលសម្រាប់កម្ពុជា ហើយកម្ពុជាក៏មានការស្វាគមន៍ ចំពោះអ្នកវិនិយោគ អ្នកទេសចរណ៍ហុងកុងទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាព របស់ប្រទេសយើងទាំងពីរ»។ លោករដ្ឋមន្រ្តីអ៊ិតសំហេង បានស្នើដល់រដ្ឋបាលហុងកុង រៀបចំឱ្យមានកិច្ចសហការ រវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការ ក្នុងការអនុវត្តគម្រោងបឋម ក្នុងការជ្រើសរើសការគ្រប់គ្រង ការបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ហើយនិយោជកអាចទទួលយកបាន ដែលនេះជាសារមួយ សម្រាប់និយោជកហុងកុង និងពលករកម្ពុជា។

ជាមួយនេះ លោកក៏បានអញ្ជើញលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាព នៃតំបន់រដ្ឋបាលពិសេសហុងកុង និងសហការីទៅទស្សនកិច្ច នៅកម្ពុជាផងដែរ៕

website_news/2017240411.txt · Last modified: 2017/04/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki