website_news:2017240506

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បន្តជួយអន្តរាគមន៍ពលការិនីខ្មែរ៨នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ

http://freshnewsasia.com/index.php/en/localnews 2017-05-23

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ដោះស្រាយ បញ្ហាជូនពលការិនីខ្មែរ៨នាក់ ដែលបានធ្វើការ ជាស្រ្តីបំម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកស្រុកកំណើតវិញ ដោយមូលហេតុធ្វើការលំបាកពេក និងមានជម្លោះជាមួយនិយោជក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។

ពលការិនីចំនួន៨នាក់ខាងលើនេះ រួមមានទី១៖ ពលការិនី គ.ស.ល អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ទី២៖ ឈ្មោះ ណ.ច.រ អាយុ២៦ឆ្នាំ មកពីខេត្តកំពង់ចាម ទី៣៖ ឈ្មោះ ព.ស.គ អាយុ៣៨ឆ្នាំ មកពីខេត្តកំពង់ចាម ទី៤៖ ឈ្មោះ ស.ថ.រ អាយុ២៨ឆ្នាំ មកពីខេត្តក្រចេះ ទី៥៖ ឈ្មោះ ច.ស.វ អាយុ៣០ឆ្នាំ មកពីខេត្តក្រចេះ ទី៦៖ អ.ស.ម អាយុ២៣ឆ្នាំ មកពិខេត្តកំពត ទី៧៖ ឈ្មោះ ស.ច.ន អាយុ៣១ឆ្នាំ មកពីខេត្តកណ្តាល និងទី៨៖ ឈ្មោះ អ.ខ.ប អាយុ២៨ មកពីខេត្តកណ្តាល។

ពលការិនីទាំង៨នាក់ខាងលើ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាតកាលពីឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក និងនិយោជកពុំបើកប្រាក់ខែឲ្យ ទើបពលការិនី២នាក់ ក្នុងចំនោម៨នាក់នោះ បានប្តឹងនគរបាលម៉ាឡេស៊ី ហើយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលម៉ាឡេស៊ី បានចាប់ខ្លួននិយោជនរបស់ពលការិនី ទៅឃុំបណ្តោះអាសន្ន បន្ទាប់មកក៏បានដោះលែងវិញ។ នគរបាលម៉ាឡេស៊ី បាននាំពលការិនីទាំង៨នាក់ ទៅស្នាក់នៅបណ្តោះអាសន្ននៅជំរុំការពារស្រ្តីនៅរដ្ឋ Johor។

តុលាការធ្លាប់បានកោះហៅនិយោជិកពលការិនីទាំង៨នាក់ ដើម្បីផ្តល់ចម្លើយជាច្រើនលើក ហើយមានគម្រោងកាត់ក្តីសារជាថ្មី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ (ប៉ុន្តែកន្លងមក តែងតែមានការលើកពេលជាច្រើនដង)។ ដោយពុំអាចរង់ចាំបាន ពលការិនីទាំង៨នាក់ បានស្នើរយ៉ាងទទួចសុំត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ ហើយទទ្ទឹមនឹងនេះ បានស្នើរសុំស្ថានទូតសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយទាមទារប្រាក់ខែជូនពួកគេផងដែរ។ ពលការិនីទាំង៨នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧៖៥០នាទីព្រឹក តាមជើងហោះ AK536 ដោយមន្រ្តីស្ថានទូតនឹងជូនដំណើរពួកគេ នោព្រលានយន្តហោះនៃទីក្រុងគួឡាឡាំពួរ៕

website_news/2017240506.txt · Last modified: 2017/05/24 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki