website_news:2017240702

ថៅកែអីក៏ចិត្តអាក្រក់ម្ល៉េះ ! នៅបម្រើគេ៥ឆ្នាំហើយមិនដែលបានប្រាក់សូម្បី១រៀលហើយត្រូវគេបំបិទសិទ្ធិគ្រប់បែបយ៉ាង ពេលនេះនាងត្រូវការសេរីភាពសូមជួយនាងផង

https://www.khmernews.news/article/archives/ By ណារ៉ា- July 21, 2017

ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់លួចលាក់ត្អូញតែ្អរប្រាប់អ្នកជិតខាង សូមរកជំនួយ ដើម្បីសេរីភាព បន្ទាប់ពីនៅធ្វើការបំរើគេរយៈពេល៥ឆ្នាំ មិនបានប្រាក់កំរៃ ហើយត្រូវគេបិទសិទ្ធិគ្រប់បែបយ៉ាងទៀត។ ក្មេងស្រីនោះនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ម្ចាស់ផ្ទះដែលក្មេងស្រីរស់នៅនោះមានឈ្មោះ ធា ជាថៅកែឡឥដ្ឋ មានផ្ទះលក់ចាប់ហួយ ស្ថិតនៅភូមិឃុំខាងលើ ក្បែរប៉ុស្តិ៍រដ្ឋបាលនគបាលឃុំល្បាំង។

តាមប្រភពអ្នកដែលធ្លាប់ធ្វើការឡឥដ្ឋជាមួយក្មេងនោះ និងអ្នករស់នៅជិតនោះ បានឲ្យដឹងថា ក្មេងស្រីនោះមានឈ្មោះ ស្រីមុំ តែហៅក្រៅឈ្មោះ ស្រីអូន បច្ចុប្បន្នអាយុ២០ឆ្នាំហើយ។ កាលពី៥ឆ្នាំមុន នាងបានមករស់នៅជាមួយបងប្អូនជីដូនមួយ តែបងប្អូននោះ បានជំពាក់លុយថៅកែឡឥដ្ឋ ឈ្មោះ ធា ប្រមាណជា ២ពាន់ ទៅ៣ពាន់ដុល្លា តែមិនដឹងថា គេគិតយ៉ាងម៉េចទេ ឮ ថៅកែឈ្មោះ ធា នោះថា ជុំពាក់៤ពាន់ដុល្លា។ ក្រោយមកបងជីដូនមួយដែលក្មេងស្រីរស់នៅជាមួយ ដែលជំពាក់លុយថៅកែនោះ បានរត់ចោល បន្សល់ទុកក្មេងស្រី ឲ្យនៅធ្វើការជាមួយថៅកែ តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ឥឡូវនាងអាយុ២០ឆ្នាំហើយ។

ប្រភពបានបន្តថា រយៈពេល៥ឆ្នាំមកនេះ នាងរស់គ្មានសេរីភាពទេ គឺមិនមានប្រាក់ខែ បានត្រឹមតែរស់ ពេលគេប្រើទៅណាមកណា ក្រោមការតាមដាន មិនងាយឲ្យចេញពីផ្ទះ សូម្បីតែសុំទៅលេងស្រុក ទៅលេងសាច់ញាត្តិ ក៏មិនបានដែរ។ នាងមិនដែលបានដើរលេងក្រៅផ្ទះទេ គ្រាន់តែពេលគេប្រើនាងទៅយកអ្វី ឬ យកអាគុយទៅបញ្ចូលភ្លើង នាងឆ្លៀតបានត្រឹមត្អូញត្អែរ ប្រាប់គេបានពីរបីមាត់តែប៉ុណ្ណោះ ពោលគឺត្អូញត្អែរថា មិនដែលស្គាល់លុយ១ម៉ឺនរៀលទេ មិនមានប្រាក់ខែរយៈពេល៥ឆ្នាំហើយ សុំទៅលេងស្រុកកំណើតមិនបាន ដើរលេងមិនបាន សូម្បីតែក្បែរផ្ទះ ហើយនាងចង់សុំរកអ្នកណា ដែលជួយនាងបាន ឲ្យរួចផុតពីឋាននរកនេះ សូម្បីតែនគរបាលមានប៉ុស្តិ៍នៅក្បែរនោះ មិនជួយនាងផង។

ករណីសុំជំនួយរកសេរីភាពរបស់ក្មេងស្រីខាងនេះ អ្នកសារព័ត៌មានយើង មិនអាចស៊ើបរកព័ត៌មានច្បាស់លាស់បានទេ ដោយថៅកែឡឥដ្ឋរូបនោះ មានការប្រុងប្រយ័ត្នណាស់ ព្រោះខ្លាចបែកការណ៍ ទុកតួនាទីនេះឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ហើយនិងរង់ចាំមើលថា បើសិនជាករណីខាងលើនេះ មានពិតប្រាកដមែន តើលោកថៅឈ្មោះ ធា និងភរិយា ដែលជាថៅកែឡឥដ្ឋនោះ មានទោសដែរឬទេ?៕ ដោយ ភួង ផុន

website_news/2017240702.txt · Last modified: 2017/07/22 18:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki