website_news:2017240707

ជនជាតិរ៉ូហ៊ីងនៅតែត្រូវគេរត់ពន្ធចូលម៉ាឡេស៊ី ទោះមានការបង្ក្រាបពលករខុសច្បាប់ក៏ដោយ

http://www.thmey-thmey-news.html 22, Jul 2017 , 11:14 am ដោយ: គី ស៊ីណា

ទោះជាមានការការបង្ក្រាបពលករខុសច្បាប់នៅថៃ និងម៉ាឡេស៊ីក្នុងគោលដៅប្រឆាំងការជួញដូរមនុស្សក៏ដោយ មិនបានធ្វើឲ្យការរត់ពន្ធមនុស្សខុសច្បាប់ថមថយនោះទេ។ ជាក់ស្ដែង ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាជាដើមនោះនៅតែត្រូវមេខ្យល់នាំឆ្លងដែនចូលមកម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើដដែល។

ជនជាតិរ៉ូហ៊ីងយ៉ាច្រើននាក់នៅតែត្រូវមេខ្យល់នាំឆ្លងដែនចូលមកម៉ាឡេស៊ីតាមច្រកព្រំដែនថៃរៀងរាល់ថ្ងៃដើម្បីស្វែងរកការងារ និងរកចំណូលផ្គត់ផ្គង់គ្រួសារ ទោះបីជាអាជ្ញាធរម៉ាឡេស៊ីបន្តចុះបង្ក្រាបពលករខុសច្បាប់ទ្រង់ទ្រាយធំក៏ដោយ។ ក្រៅពីម៉ាឡេស៊ី ថៃក៏បានចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការជួញដូរមនុស្សដូចគ្នា។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានលើកពីរឿងរ៉ាវក្មេងឈ្មោះ Mohammad Kibas ជនជាតិរ៉ូហ៊ីងយ៉ាវ័យ១៣ឆ្នាំ ដែលជាជនរងគ្រោះម្នាក់នៅរស់រានមានជីវិតក្រោយចំណាយពេលបីខែលួចឆ្លងដែនចូលម៉ាឡេស៊ី។ តាមពិតទៅដំណើរដើមទងគឺឪពុកម្ដាយ Kibas ព្រួយបារម្ភថា គេអាចនឹងកងសន្តិសុខមីយ៉ាន់ម៉ាធ្វើបាប ទើបពួកគេសម្រេចលក់ដី ហើយបង់លុយឲ្យក្រុមមេខ្យល់ពីរពាន់ដុល្លារដើម្បីឲ្យគេនាំកូនប្រុសខ្លួនទៅម៉ាឡេស៊ី។ Kibas បានធ្វើដំណើរទៅជាមួយមនុស្ស ៧នាក់ និងក្មេងស្រីម្នាក់ទៀតពីទីក្រុង Sittwe នៃរដ្ឋRakhineដោយលាក់ខ្លួនក្រោមអ៊ីវ៉ាន់ក្នុងឃ្លុបរថយន្តដឹកទំនិញរហូតដល់ទីក្រុង Yangon ។

បន្ទាប់មកទើបពួកគេបន្តដំណើរដោយថ្មើរជើងរហូតដល់ភូមិ Mae Sot ជិតព្រំដែនថៃ រួចបន្តទៅក្រុង Padang Besar ដែលជាប់ព្រំដែនខាងជើងម៉ាឡេស៊ី។ Kibas បាននិយាយថា៖«ពួកយើងធ្វើដំណើរយូរខ្លាំងណាស់។ យើងគ្មានអាហារញ៉ាំនោះទេហើយដើរកាត់ព្រៃដែលសុទ្ធតែមូស ព្រមទាំងដើរពីកន្លែងផ្ទេរមួយទៅកន្លែងផ្ទេរមួយទៀតផង»។ នៅខែឧសភា Kibasបានទៅដល់ជំរុំមនុស្សធម៌ដែលបង្កើតដោយគ្រូបង្រៀនជនជាតិរ៉ូហ៊ីងយ៉ាលោក Ustaz Rafik Ismail។

ពាក់ព័ន្ធការបន្តកើតមាននូវសកម្មភាពរត់ពន្ធមនុស្សតាមព្រំដែននេះ លោក Ustaz Rafik Ismail លើកឡើងថា រដ្ឋាភិបាលក្នុងតំបន់ត្រូវបង្កើនចំណាត់ការច្រើនជាងមុន។ លោកកត់សម្គាល់ថា ទោះជារដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែសរឹតបណ្តឹងចលនាចំណាកស្រុករបស់ជនជាតិរ៉ូហ៊ីងយ៉ា ហើយថៃនិងម៉ាឡេស៊ីបានពង្រឹងវិធានការជួញដូរមនុស្សប្រឆាំងក្រុមមេខ្លោងជួញដូរមនុស្សក៏ដោយ ជនជាតិរ៉ូហ៊ីងយ៉ានៅតែបន្តលួចចូលទឹកដីម៉ាឡេស៊ីដដែល។ ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ពលករចំណាកស្រុករ៉ូហ៊ីងយ៉ារាប់ពាន់នាក់ធ្វើដំណើរតាមទូកមកម៉ាឡេស៊ី ប៉ុន្តែបច្ចុប្បន្នចំនួននេះថយចុះនៅសល់តែ១០ទៅ២០នាក់ប៉ុណ្ណោះដែលសុទ្ធតែជាមនុស្សពេញកម្លាំងពលកម្ម។

នៅខាងក្រៅទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ពលករចំណាកស្រុកតម្រង់ជួរជារៀងរាល់ថ្ងៃដើម្បីទទួលបានលិខិតសម្គាល់ជាជនភៀសខ្លួន។ ទម្រាំតែទទួលបានប័ណ្ណជាជនភៀសខ្លួននេះមិនមែនងាយស្រួលនោះទេ ព្រោះពួកគេត្រូវបំពេញតាមលក្ខខណ្ឌជាច្រើនទៀតដែលកំណត់ដោយគណៈកម្មការសិទិ្ធមនុស្សអង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត លិខិតសម្គាល់ជនភៀសខ្លួនបមិនបានផ្ដល់ឲ្យទារកជនជាតិរ៉ូហ៊ីងយ៉ាដែលកើតនៅម៉ាឡេស៊ីឡើយ ហើយវាក៏មិនអាចឲ្យពួកគេធ្វើការដោយស្របច្បាប់នៅម៉ាឡេស៊ីដែរ។ ប៉ុន្តែយ៉ាងហោចឯកសារនេះអាចធានាបាននូវការថែទាំសុខុមាលភាព និងការពារពួកគេពីការតាមចាប់របស់អាជ្ញាធរម៉ាឡេស៊ីក្នុងការបង្ក្រាបពលករខុសច្បាប់ដែរ៕

website_news/2017240707.txt · Last modified: 2017/07/22 18:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki