website_news:2017240713

កម្ពុជា-ថៃប្តេជ្ញារួមគ្នាធ្វើសហប្រតិបត្តិការលុបបំបាត់ការជួញដូរ…

http://www.kaoh-santiphap-news.html ៖ អ៊ាង ប៊ុនរិទ្ធ ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:២០

រាជធានីភ្នំពេញ៖ កម្ពុជា-ថៃ បានប្តេជ្ញារួមគ្នាធ្វើសហប្រតិបត្តិការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ការប្តេជ្ញារួមគ្នាធ្វើឡើងក្នុងជំនួបទ្វេរភាគីរវាង អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិ នៃប្រទេសថៃ កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៧នៅប្រទេសថៃ កន្លងមក។

យោងតាមគេទំព័រហ្វេសប៊ុករបស់ក្រសួងការងារ បានឲ្យដឹងថា នៅក្នុងជំនួបទ្វេភាគីកម្ពុជា-ថៃ លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានសម្តែងនូវការអរគុណនិងវាយតម្លៃខ្ពស់ដល់ភាគីថៃ ដែលតែងតែជួយសម្របសម្រួលដល់បងប្អូនពលករកម្ពុជា និងតែងតែប្រកាន់ភ្ជាប់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅរឹតចំណងមិត្តភាព និងភាពជាអ្នកជិតខាងល្អកន្លងមក ជាពិសេសការរក្សាស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។

ជាងនេះទៅទៀត ភាគីទាំងពីរបានលើកឡើងពីការពង្រឹងការអនុវត្តផែនការសកម្មភាពដំណាក់កាលទី១ (២០១៦-២០១៨) ដែលបានឯកភាពគ្នាកាលពីថ្ងៃ ២៦-២៨ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះមានផែនការជាអាទិភាពចំនួន៦ រួមមាន៖

១-យន្តការដើម្បីអនុវត្តផែនការសកម្មភាព។

២-ការវិភាគស្ថានភាព និងការវាយតម្លៃលើត្រូវការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

៣-កិច្ចសហប្រតិបត្តិការផ្នែកវិធានការទប់ស្កាត់។

៤-កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជនរងគ្រោះដោយសារការជួញដូរ។

៥-កិច្ចសហប្រតិបត្តិការផ្នែកការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ។

៦-កិច្ចសហប្រតិបត្តិការនៅក្នុងការបង្ក្រាបការជួញដូរមនុស្ស៕

website_news/2017240713.txt · Last modified: 2017/07/24 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki