website_news:2017240715

ក្រសួងការងារអំពាវនាវ ដល់ពលករខ្មែរធ្វើការ នៅប្រទេសថៃឲ្យរួសរាន់ ទៅបំពេញបែបបទ ជាពលករស្របច្បាប់

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២៤ កក្កដា ២០១៧ 13:29 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៤កក្កដានេះ បានអំពាវនាវដល់ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅ ប្រទេសថៃដែលមិនទាន់មាន ឯកសារឬធ្លាប់ជាពលករ ស្របច្បាប់ប៉ុន្តែបានផ្លាស់ប្ដូរ ឬមិនបានបំពេញនីតិវិធីនានា របស់ភាគីថៃ ហើយក្លាយទៅជាពលករ មិនស្របច្បាប់ ត្រូវរួសរាន់ ទៅបំពេញបែបបទ ជាពលករស្របច្បាប់ ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានឲ្យដឹងថា “ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧គឺដំណាក់កាលសម្រាប់ និយោជកថៃទៅចុះឈ្មោះពលករកម្ពុជា មិនស្របច្បាប់ដែលកំពុងធ្វើការនៅរោងចក្រ សហគ្រាសរបស់ខ្លួនជាមួយមន្រ្តី ក្រសួងការងារថៃនៅការិយាល័យ ស្រង់ទិន្នន័យពលករបរទេសទាំង ៩៧ការិយាល័យ”។ ប្រភពបន្តថា “ចាប់ពីថ្ងៃទី៨ សីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ គឺដំណាក់កាលសម្រាប់បងប្អូនពលករកម្ពុជា ទៅបង្ហាញខ្លួននៅការិយាល័យ ទាំង៩៧កន្លែងនោះ។ និងចាប់ពីថ្ងៃទី០៩ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គឺជាដំណាក់កាលបងប្អូនពលករកម្ពុជា ត្រូវធ្វើការបញ្ជាក់ អត្តសញ្ញាណ ស្នើសុំ Stay Permit ពីគណៈកម្មការផ្ដល់ភាពស្របច្បាប់ មន្រ្តីអន្តោប្រវេសន៍ថៃ និងមន្រ្តីក្រសួងការងារថៃ។ លើសពីនេះក្នុងដំណាក់កាលនេះបងប្អូនពលករ មិនត្រូវផ្លាស់ប្ដូរនិយោជកឬទីកន្លែងធ្វើការ ឬឈប់ដោយគ្នានការអនុញ្ញាត ពីនិយោជក និងក្រសួងការងារថៃនោះឡើយ”។

សូមរំលឹកថា កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ ដោយធ្វើការរឹតបន្តឹងខ្លាំង ទៅលើពលករបរទេស មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែ ដែលទៅធ្វើការងារ នៅប្រទេសថៃខុសច្បាប់ ឬ ទទួលយកពលករបរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត។ ក្នុងនោះភាគីថៃក៏បានចាប់បញ្ជូនពលករខ្មែរ ជាច្រើននាក់មកកម្ពុជាវិញតាម ច្រកព្រំដែនអន្តរជាតិផងដែរ។ យ៉ាងណាក៏ច្បាប់ថ្មីនេះ ត្រូវពន្យាពេលអនុវត្តន៍ រហូតដល់ទៅ៦ខែ ដើម្បីទុកឱកាស ឲ្យពលករបរទេស ទៅបំពេញឯកសារ និងធ្វើប័ណ្ណ ឱ្យបានត្រឹមត្រូវគ្រប់គ្នាៗ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្ត គោលនយោបាយ ចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ ហើយបច្ចុប្បន្នមានពលករខ្មែរ នៅក្រៅប្រទេស ជាង ១លាននាក់ នៅប្រទេសថៃ មាន១លាន៥ម៉ឺននាក់ និងនៅប្រទេសនានាទៀត ដូចជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង សឹង្ហបូរី ហើយកន្លងមក ទទួលបានចំណូលមធ្យម ប្រហែល ជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

website_news/2017240715.txt · Last modified: 2017/07/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki