website_news:2017240717

កម្ពុជា ព្រមព្រៀងបញ្ជូន ពលករខ្មែរ ទៅធ្វើការ នៅ៣ប្រទេសទៀត តែមិនទាន់អនុវត្តន៍

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២៤ កក្កដា ២០១៧ 12:17 ដោយ: ស សំណាង ID:11

ភ្នំពេញ៖ ទោះបីជាបានព្រមព្រៀងគ្នា ក្នុងការទទួលលយកកំលាំង ពលករពីប្រទេសកម្ពុជា ទៅធ្វើការ នៅប្រទេសចំនួនបីក៏ដោយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន កម្ពុជាមិនទាន់បានអនុវត្តន៍ នៃការបញ្ជូនទៅ នោះទេ។

ប្រទេសទាំង៣នោះរួមមាន អារ៉ាប់ប៊ីសាអូឌីត គូវ៉េត និងកាតា។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ថា កម្ពុជាបានបញ្ជូនកំលាំងពលករ ទៅបំរើការងារនៅប្រទេសលើពិភពលោក មានចំនួន៥ ដើម្បីស្វែងរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ។ លោកថា “បច្ចុប្បន្នកម្ពុជាយើងបានបញ្ជូលកំលាំងពលករ ទៅបំរើការងារនៅក្រៅប្រទេស ចំនួន៥ ហើយប្រទេស៣ទៀតតែមិនទាន់អនុត្តន៍នោះទេ។ សព្វថ្ងៃយើងមានពលករចេញទៅបម្រើការងារ នៅប្រទេស ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី។

យើងមានចុះកិច្ចព្រមព្រៀងជាមួយប្រទេស អារ៉ាប់ប៊ី សាអូឌីត គូវ៉េត និងកាតា ប៉ុន្តែយើងមិនទាន់អនុវត្តន៍។ វិស័យដែលបងប្អូនទៅធ្វើគឺមានរោងចក្រ កសិកម្ម សំណង់ សេវាកម្ម”។ ចំពោះការបញ្ជូនកំលាំងពលករទៅបំរើការងារនៅក្រៅប្រទេស ត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តន៍ គោលនយោបាយចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ ។ លោកបន្តថា បច្ចុប្បន្នពលករខ្មែរនៅក្រៅប្រទេស មានជាង១លាននាក់ នៅថៃមាន១លាន៥ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ និងប្រទេស ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងសិង្ហបុរី ។ កន្លងមកទទួលបានចំណូលមធ្យម ប្រហែលជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា “ពលករយើងទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបាន អត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ បងប្អូនពលករ គឺជាធនធានមនុស្សដែលមាន ជំនាញខ្ពស់ដើម្បីកសាងប្រទេសតាមរយៈការងារនៅក្នុងស្រុកយើង។ ទាំងនេះ គឺកើតចេញពី ទំនាក់ទំនងការទូតល្អរវាងកម្ពុជា ជាមួយបណ្តាលប្រទេសទំាងនោះ ដែលមានសម្ដេចជោហ៊ុន សែន ជាប្រមុខ និងបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ”។

ជាមួយគ្នានោះដែរ លោកដ្ឋមន្ត្រីថា ការធ្វើចំណាកស្រុកជាបញ្ហាសាកល ដែលប្រទេសជាច្រើន បាននឹង កំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបានប្រាក់ចំណូល ខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឲ្យពួកគេរក ការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបាន បន្ទាប់ពីវិលត្រឡប់មកប្រទេសកំណើតវិញ៕

website_news/2017240717.txt · Last modified: 2017/07/24 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki