website_news:2017240801

ពលករចំណាកស្រុកនៅបរទេសគ្រោងបាតុកម្មបើមិនអាចបោះឆ្នោតនៅក្រៅប្រទេស

http://www.rfa.org/khmer/news/ ដោយ តាំង សារ៉ាដា 2017-08-24

ពលករចំណាកស្រុកខ្មែរគ្រោងនាំគ្នាតវ៉ានៅតាមស្ថានទូត ឬតាមស្ថានកុងស៊ុលខ្មែរ ដែលពួកគេកំពុងធ្វើការដើម្បីដាក់សំពាធ ដល់រដ្ឋសភាកម្ពុជាឲ្យអនុម័តលើសេចក្ដីព្រាងច្បាប់ អោយមានការចុះ ឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស។ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនបានជំទាស់ឲ្យមានការបោះឆ្នោតនៅបរទេសនោះទេ ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះត្រូវរង់ចាំការសម្រេច របស់រដ្ឋសភាជាតិជាមុនសិន។

តំណាងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន អះអាងថា លោកនឹងដឹកនាំពលករខ្មែរ តវ៉ានៅខាងមុខស្ថានទូត ឬស្ថានកុងស៊ុលខ្មែរដើម្បីដាក់សំពាធដល់រដ្ឋាភិបាលលោក ហ៊ុន សែន បើកសិទ្ធិឲ្យពលរដ្ឋខ្មែរនៅបរទេស អាចប្រើសិទ្ធិរបស់ខ្លួនចុះឈ្មោះ បោះឆ្នោតនិងបោះឆ្នោតបាន៖ «យើងបង្ហាញថា ការទាមទារ និងការចង់បោះឆ្នោត និងការចង់ចុះ ឈ្មោះរបស់យើងនេះ វាមានកម្រិតណា។ បើយើងគ្រាន់តែដាក់លិខិត របស់គណបក្សប្រឆាំងមួយខ្ញុំគិតថា វាអត់មានឥទ្ធិពលណាដើម្បីគ្របដណ្ដប់លើការងារអស់ហ្នឹងទេ។

ការយល់ឃើញរបស់ខ្ញុំ គឺខ្ញុំគិតថា មានតែរួបរួមគា្ន ប្រមូលផ្ដុំគ្នាចំពោះអ្នកដែលមាននិន្នាការ ស្នេហាជាតិ គិតអំពីជាតិ គិតថាចង់បោះឆ្នោត នោះគួរតែប្រមូលគ្នាឲ្យ បានច្រើនរាប់រយ រាប់ពាន់នាក់ ដើម្បីធ្វើការតវ៉ាអហិង្សាមួយនៅតាម ស្ថានទូតខ្មែរ»។ លោកបន្តថា ទោះបីជាពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងមាន និន្នាការទៅរកគណបក្សសង្គ្រោះជាតិក្ដី ឬមាននិន្នាការទៅរក គណបក្សកាន់អំណាចក្ដីក៏ពួកគេតែងតែចង់ បោះឆ្នោតជ្រើសរើស មេដឹកនាំប្រទេស តាមឆន្ទៈ និងការប្រើប្រាស់សិទ្ធិរបស់ពួកគេដែរ។

កាលពីថ្ងៃទី១១ ខែសីហា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ៣៣រូប បានផ្ញើសេចក្ដីស្នើ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយថែម ជំពូកមួយទៀតមាន១០មាត្រា ដែលចែងអំពីនីតិវិធីនិងគោលការណ៍ ច្បាប់សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាច ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅប្រទេសដែលខ្លួនកំពុងស្នាក់នៅនិងធ្វើការ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសម្រេច បញ្ជូនទៅគណៈកម្មការនីតិកម្មដើម្បីពិនិត្យ។

ចំណែក លោក ទន សេន ដែលជាពលករខ្មែរក្នុងប្រទេសថៃឯណោះ បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ឧបសគ្គដែលពលករខ្មែរក្នុងប្រទេសថៃ កំពុងជួបការលំបាកទៅចុះឈ្មោះបោះឆ្នោត ឬធ្វើការបោះឆ្នោតក្នុងប្រទេសខ្មែរនោះរួមមាន៖ ការចំណាយច្រើនទាំងថវិកា ពេលវេលា ថៅកែថៃអាចនឹងបណ្ដេញចេញពីការងារ ឬមិនបើកប្រាក់ខែ ការប្រឈមនឹងការយកលុយរបស់តម្រួតការពារព្រំដែនខ្មែរ និងការរើសអើងរបស់អាជ្ញាធរដែនដីខ្មែរ។លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្កើតប្រព័ន្ធ បោះឆ្នោតនៅតាមស្ថានទូត ឬតាមស្ថានកុងស៊ុល ក្នុងប្រទេសថៃបាន នោះពលករខ្មែរភាគច្រើននឹងមានឱកាសសម្ដែងឆន្ទៈសម្រាប់ ជោគវាសនា នៃប្រទេសជាតិរបស់ពួកគេ៖ «ផលវិជ្ជមានដែលពួកគាត់អាចចុះឈ្មោះនៅតាមស្ថានកុងស៊ុលឬតាមស្ថានទូតក្នុងប្រទេសថៃនេះបាន គឺនាំឲ្យពលករចំណាយពេលតិច មានថវិកា ហើយអាចមានលទ្ធភាពក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងប្រទេសថៃបាន»។លោកបន្តថា ជម្រើសចុងក្រោយរបស់ក្រុមពលករក្នុងប្រទេសថៃ គឺការនាំគ្នាទៅតវ៉ានៅមុខស្ថានទូតខ្មែរ ឬស្ថានកុងស៊ុលខ្មែរក្នុងទឹកដីថៃដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតប្រព័ន្ធបោះឆ្នោតនៅក្រៅ ប្រទេស។

លោក លី រតនរស្មី ដែលជាពលករខ្មែរក្នុងប្រទេសថៃដែរនោះមានប្រសាសន៍ ថា លោកគ្មានសង្ឃឹមថារដ្ឋសភានឹងធ្វើការអនុម័ត វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ទៅតាមការចង់បានរបស់ប្រឆាំង នោះទេ៖ «ចំណុចកន្លែងនេះប្រសិនបើអាចធ្វើទៅបានថា បងប្អូនពលករដែលថា អាចអោយគាត់អាចចុះឈ្មោះ និងបោះឆ្នោតបានក្នុងប្រទេសថៃបាន ខ្ញុំគិតថា វាចំណុចល្អបំផុតហើយជាចំណុចងាយស្រួលបំផុតសម្រាប់បងប្អូនប្រជាពលករ។ ប៉ុន្តែខ្ញុំមិនសង្ឃឹមទេ ហើយគ្មានការជឿជាក់ថា គ្មាន សង្ឃឹមណា ដរាបណាគ្មានការអនុម័តពីរដ្ឋសភា ឬពីខាងរាជរដ្ឋាភិបាល ខ្ញុំគិតថា គ្មានអីសង្ឃឹមទេ។ធ្វើហ្នឹងគ្រាន់តែបង្ហាញថា គណបក្សប្រឆាំងចង់បង្ហាញថា ធ្វើម៉េចខ្លួនក៏បានធ្វើរឿងអស់ហ្នឹងដែរ ប៉ុន្តែអារឿងចំណុចគេអោយ ខ្ញុំគិតថា វាមិនមានទេ»។

សំណើរបស់បក្សប្រឆាំងទៅកាន់រដ្ឋសភាជាតិដើម្បីធ្វើវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតដើម្បីផ្ដល់ឱកាសអោយពលរដ្ឋខ្មែរនៅបរទេសអាចបោះឆ្នោតបាន ក្រោយពីមានការជំរុញរបស់ក្រុម អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន ដែលពួកគេធ្លាប់ជំរុញឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបើកស្ថានីយបោះឆ្នោតនៅបរទេស។

ឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមពលករខ្មែរនៅបរទេស អំពីលទ្ធភាពក្នុងការទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតតាមស្ថានទូត ឬតាមស្ថានកុងស៊ុលនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃទី២៣ សីហា ថា គណបក្សកាន់អំណាចក៏មានសុទិដ្ឋិនិយមចង់ឲ្យពលករចំណាកស្រុក ធ្វើការបោះឆ្នោតនៅបរទេសដែរ ប៉ុន្តែការសម្រេចយ៉ាងណានោះគឺស្ថិតលើ ការអនុម័តរបស់រដ្ឋសភាជាតិ៖ «ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាអត់មានចង្អៀតចង្អល់ចំពោះបងប្អូន នៅក្រៅប្រទេសក៏ដូចជា ពលករចំណាកស្រុកអីទេ ពីព្រោះសុទ្ធតែ ជាគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្វែងរក ទីផ្សារពលកម្មឲ្យបងប្អូនបានធ្វើការងារនៅក្រៅប្រទេស។ ហើយការបោះឆ្នោតកន្លងទៅសមាជិក សមាជិការបស់គណបក្សប្រជាជនហ្នឹង ប្រហែល២លាននាក់ ដែលមិនទាន់បានបោះឆ្នោត អញ្ចឹងក្នុងហ្នឹង ក៏យើងអាចចាត់ទុកថា មានបងប្អូនចំណាកស្រុកដែរ។ អញ្ចឹងគឺមិនមានលក្ខណៈចង្អៀតចង្អល់មិនអោយបងប្អូនបោះឆ្នោតទេ គឺវាអាស្រ័យទៅលើការសម្រេចរបស់រដ្ឋសភា»។

ក៏ប៉ុន្តែអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវដឹងគុណដល់ពលករចំណាកស្រុកទាំងឡាយ ដោយពួកគេ ជាកម្លាំងពលកររបស់សង្គមជាតិមួយដ៏ធំធេងក្នុងការ លើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេស។ លោកបន្តថា រដ្ឋាភិបាលត្រូវសម្រួលឲ្យពួកគេអាចប្រើប្រាស់សិទ្ធិចូលរួមការបោះឆ្នោតបាន បើមិនដូច្នោះទេ នោះរដ្ឋាភិបាលនឹងជាប់ឈ្មោះពីការបំបាត់សិទ្ធិ បោះឆ្នោតរបស់ពលករខ្មែរចំណាក ស្រុកដ៏ច្រើនសន្ធឹកសន្ធាប់។ យ៉ាងហោចណាស់មានពលករចំណាកស្រុកប្រហែលជិត២លាននាក់ កំពុងធ្វើការស្របច្បាប់ផង និងខុសច្បាប់ផងក្នុងប្រទេសថៃ ខណៈ ពលករជាង៦ម៉ឺននាក់ផ្សេងទៀតកំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ជាង៣ម៉ឺននាក់ នៅប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១ម៉ឺននាក់ នៅប្រទេសជប៉ុន។

របាយការណ៍របស់ក្រសួងការងារកាលពីឆ្នាំ២០១៦ បង្ហាញថា លុយ ដែលពលករខ្មែរនៅក្រៅប្រទេសបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ មានជាង១ពាន់ ៧លានដុល្លារក្នុងមួយឆ្នាំ៕

website_news/2017240801.txt · Last modified: 2017/08/29 10:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki