website_news:2017240802

ក្រសួងការងារ ប្រាប់នីតិវិធីក្នុងការផ្តល់ឯកសារស្របច្បាប់នានា ដល់ពលករ និយោជក ឬក្រុមហ៊ុនកម្ពុជានៅបរទេស

http://www.thmey-thmey-news.html 24, Aug 2017 , 10:19 am

លេខាធិការដ្ឋានអចិន្ត្រៃយ៍ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានចេញការណែនាំដល់ពលករ និងសាធារណជនទាំងអស់ឲ្យបានដឹង អំពីនីតិវិធី ក្នុងការបើកផ្ដល់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស(OCWC)។ បើតាមសេចក្តីណែនាំនៅថ្ងៃទី២២ ខែសីហា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មានឯកសារតម្រូវមួយចំនួន ដែលពលករ និយោជក និងតំណាងនិយោជក ឬក្រុមហ៊ុន ត្រូវភ្ជាប់ទៅតាមខ្លួន នៅពេលទៅទទួលឯកសារដែលបើកផ្តល់ឲ្យខាងលើ។

សម្រាប់ពលករដែលមកទទួលបានឯកសារដែលបើកផ្តល់ជូន ត្រូវយកមកជាមួយខ្លួន នូវបណ្ណមិនមែនសញ្ជាតិថៃ(បណ្ណស៊ីជម្ពូ)ច្បាប់ដើម និងបង្កាន់ដៃទទួលពាក្យសុំផ្ដល់លិខិតឆ្លងដែន និងបង្កាន់ដៃទទួលថ្លៃ សេវាទ្រទ្រង់។ ករណីបាត់វិក័យបត្រ គឺត្រូវផ្ទៀងផ្ទាត់មុខរបស់ពលករដោយផ្ទាល់។ ចំពោះបុគ្គលដែលមកយកជំនួស ត្រូវយកបណ្ណស៊ីជម្ពូច្បាប់ដើមរបស់ពលករមកបង្ហាញ ដើម្បីទទួលបានជំនួស។

ឯកសារតម្រូវសម្រាប់និយោជក ដែលមកទទួល មានលិខិតបញ្ជាក់អត្តសញ្ញាណរបស់និយោជក ដែលមានដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ឬសៀវភៅគ្រួសារ ដែលជាច្បាប់ថតចម្លង។ បណ្ណស៊ីជម្ពូ ច្បាប់ថតចម្លងរបស់ពលករម្នាក់ៗ និងបង្កាន់ដៃទទួលពាក្យសុំផ្តល់លិខិតឆ្លងដែន និងបង្កាន់ដៃថ្លៃសេវាទ្រទ្រង់ ក៏ត្រូវយកទៅជាមួយដែរ។ ក្នុងករណីបាត់ និយោជក ត្រូវសរសេរបញ្ជាក់ថា បង្កាន់ដៃទាំងពីរខាងលើនេះប្រគល់-ទទួល) (Name List) និងចុះហត្ថលេខាទទួលខុសត្រូវ។

ចំពោះតំណាងនិយោជក ឬក្រុមហ៊ុនមកទទួលវិញ ក៏ត្រូវមានឯកសារមួយចំនួនយកទៅដែរ នៅពេលមកទទួល។ ឯកសារទាំងនោះ រួមមានលិខិតបញ្ជាក់អត្តសញ្ញាណរបស់និយោជក(អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ឬសៀវភៅគ្រួសារ ច្បាប់ថតចម្លង) និងបណ្ណស៊ីជម្ពូច្បាប់ថតចម្លងរបស់ពលករម្នាក់ៗ។ ករណីនិយោជកមិនបានមកដោយផ្ទាល់ មានឯកសារតម្រូវផ្សេងទៀត មានលិខិតផ្ទេរសិទ្ធិពីនិយោជក ឬក្រុមហ៊ុន និងលិខិតបញ្ញាក់អត្តសញ្ញាណរបស់អ្នកតំណាង និងបង្កាន់ដៃទទួលពាក្យសុំផ្តល់ឆ្លងដែន និងបង្កាន់ដៃទទួលថ្លៃសេវាទ្រទ្រង់។ ករណីបាត់បង្កាន់ដៃ អ្នកតំណាងត្រូវសរសេរបញ្ជាក់ថាបាត់បង្កាន់ដៃ លើបញ្ជីឈ្មោះប្រគល់-ទទួលរបស់ពលករ)(Name List) និងចុះហត្ថលេខាទទួលខុសត្រូវ។

ក្នុងករណីមិនបើកផ្ដល់ ឬមិនចេញវិក័យបត្រ ដល់ពលករ និយោជក ឬអ្នកតំណាងក្រុមហ៊ុន ក្រុមការងារត្រូវរាយការណ៍ និងបញ្ជាក់មូលហេតុមកលេខាធិការដ្ឋានអចិន្ត្រៃយ៍។ នេះបើតាមសេចក្ដីណែនាំដដែល ដែលបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីនៃគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យមកទទួលយកលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការបរទេស ជំនួសពលករ និយោជក និងក្រុមហ៊ុនណាមួយឡើយ៕

website_news/2017240802.txt · Last modified: 2017/08/29 17:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki