website_news:2017240803

ក្រសួងការបរទេសកម្ពុជាមាតុភូមិនិវត្តន៍ពលករខ្មែរ១៩នាក់ពីម៉ាឡេស៊ីនិងគុយវ៉េត

http://www.rfa.org/khmer/news/ ដោយ ហេង សកល 2017-08-23

ស្ថានទូតកម្ពុជា នៅប្រទេសម៉ាឡេស៊ី (Malaysia) និងរដ្ឋគុយវ៉េត (Kuwait) បានជួយសង្គ្រោះពលករខ្មែរ ១៩នាក់ដែលជួបវិបត្តិ ឲ្យត្រឡប់មកកម្ពុជា វិញ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ឲ្យដឹងថា ជនរងគ្រោះទាំង ១៩នាក់ រួមមានបុរស ១០នាក់ និងស្ត្រី ៩នាក់មកពីខេត្តកំពត ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ក្នុងចំណោមពលករទាំង ១៩នាក់នោះ មាន ១៨នាក់ត្រូវបានចាញ់បោកមេខ្យល់នាំទៅធ្វើការខុសច្បាប់ និងធ្វើការតាមផ្ទះ តាមភោជនីយដ្ឋាន និងតាមរោងចក្រនៅប្រទេសម៉ាឡេស៊ី។ ចំណែកស្ត្រីម្នាក់ទៀតជាជនជាតិចាម ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) តាមរយៈក្រុមហ៊ុនមួយ បានបាត់ដំណឹងជិត ១៣ឆ្នាំ ហើយកាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ នាងបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សុំអន្តរាគមន៍មាតុភូមិនិវត្តន៍នាងឲ្យត្រឡប់មកកម្ពុជា វិញ។ ក្នុងចំណោមពលករខ្មែរទាំង ១៩នាក់ ពលករ ១៨នាក់បានមកដល់អាកាសយានដ្ឋានអន្តជាតិភ្នំពេញកាលពីថ្ងៃទី១៩ ទី២០ ទី២២ ខែសីហា ហើយពលការិនីម្នាក់ជាជនជាតិចាម នឹងមកដល់កម្ពុជា នៅចុងខែសីហា ឬខែដើមកញ្ញា៕

website_news/2017240803.txt · Last modified: 2017/08/29 17:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki