website_news:2017240804

លោក ហ៊ុន សែន៖ រដ្ឋាភិបាលប្រឹងណាស់បង្កើតលក្ខខណ្ឌការងារឲ្យពលរដ្ឋនៅក្រៅប្រទេស

http://www.v-o-d-news.html ដោយ លោក ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ 3 ម៉ោងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការិនី ធ្វើការនៅក្រៅប្រទេសស្វែងយល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកថា បានព្យាយាមក្នុងការចរចាជាមួយរដ្ឋាភិបាលនៃប្រទេសនានាបង្កើតលក្ខខណ្ឌការងារស្របច្បាប់ឲ្យពលរដ្ឋខ្មែរធ្វើ។ ថ្លែងនៅក្នុងពិធីជួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្មករកម្មការិនីខ្មែរ កំពុងធ្វើការងារបានស្របច្បាប់នៅក្រៅប្រទេសពេលបច្ចុប្បន្នបាន គឺដោយសារមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។

លោកថ្លែងថា «រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការងារណាស់ ដើម្បីបង្កើតលក្ខខណ្ឌការងារស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ការងារនៅក្នុងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ដោយឡែកប្រទេសកូរ៉េខាងត្បូង យើងចរចាទៅពេលណាក៏ខ្ញុំស្នើសុំគេដែរ ជប៉ុនយើងបានបញ្ជូនទៅ៥ពាន់នាក់រួចទៅហើយ»។ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា រដ្ឋាភិបាលបច្ចុប្បន្នក៏កំពុងប្រឹងប្រែងបង្កើតការងារក្នុងស្រុកដែរ ដើម្បីទុកឲ្យពលករនៅក្រៅប្រទេសទាំងនោះ ពេលត្រឡប់មកវិញមានការងារធ្វើ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ថ្លែងពេលកន្លងទៅថ្មីៗនេះថា កម្ពុជាមានការងារធ្វើមិនគ្រប់គ្រាន់ទេ ទើបពលករទៅស៊ីឈ្នួលនៅក្រៅប្រទេស។ លោកបន្តថា សម្រាប់អ្នកមានជំនាញគួរបញ្ជូនទៅក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាព ប៉ុន្តែសម្រាប់អ្នកមិនមានជំនាញ ដែលទៅធ្វើការងារតាមផ្ទះ ឬធ្វើកម្មករសំណង់ជាដើមនោះលោក មិនលើកទឹកចិត្តអោយទៅទេ ព្រោះងាយរងគ្រោះ។

លោកមានប្រសាសន៍ថា៖ «កាលណាគាត់អត់ចេះភាសា អត់មានជំនាញគាត់ងាយនឹងរងគ្រោះណាស់។ ដូចយើងដឹងហើយ ពលករយើងទៅធ្វើការនៅម៉ាឡេស៊ី ឬ សិង្ហបុរីអី យើងដឹងហើយថា ការទៅធ្វើការងារនៅក្នុងផ្ទះនេះ ងាយរងគ្រោះនឹងការរំលោភ ការកេងប្រវ័ញ្ច ការវាយធ្វើបាប កេងប្រវ័ញ្ចប្រាក់ឈ្នួលជាដើម»។ លោក មឿន តុលា ក៏បានជំរុញឲ្យរដ្ឋាភិបាលបង្កើតការងារ សម្រាប់ពលករមិនមានជំនាញនៅក្នុងស្រុក ប្រសើរជាជាងការទៅធ្វើការនៅក្រៅប្រទេស។

របាយការណ៍ក្រសួងការងារ បង្ហាញថា កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅបរទេសចំនួន៥ប្រទេស រួមមាន ប្រទេសថៃ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី មានពលករប្រមាណ១លាន៥ម៉ឺននាក់ ដែលអាចរកចំណូលបានប្រមាណជិត២ពាន់លានដុល្លារក្នុង១ឆ្នាំ។ ប៉ុន្តែរបាយការណ៍របស់សហជីពមួយចំនួនបង្ហាញថា ពលករដ្ឋខ្មែរទាំងខុសនិង ស្របច្បាប់កំពុងធ្វើការនៅក្រៅប្រទេសមានជាង១លាន៥សែននាក់ ក្នុងនោះនៅថៃមានជាង ១លាននាក់៕

website_news/2017240804.txt · Last modified: 2017/08/29 17:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki