website_news:2017241002

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខពលករខ្មែរ ដែលកំពុងបំរើការងារ នៅខេត្តឈុនបុរី ប្រទេសថៃ

http://www.freshnewsasia.com/index.php/en/localnews 2017-10-21

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូរាជ រដ្ឋាភិបាល អញ្ជើញទៅសួរសុខទុក្ខពលករខ្មែរប្រមាណ៣ពាន់នាក់ ដែលកំពុងបំរើការងារ នៅខេត្តឈុនបុរី ប្រទេសថៃ។ លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានថ្លែងឲ្យដឹងថា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូមួយក្រុម ដែលមានសមាជិកសភា អភិបាលរងសាលារាជធានីភ្នំពេញ អភិបាលរងខេត្តសៀមរាប និងអភិបាលរងខេត្តមួយចំនួនទៀតផងដែរ ទៅសួរសុខទុក្ខកម្មករ-កម្មការិនីកម្ពុជា ដែលកំពុងធ្វើការនៅក្នុងរោងចក្រសាច់មាន់មួយកន្លែង នៅប្រទេសថៃ ដែលមានកម្មករកម្ពុជាធ្វើការនៅទីនោះ មានចំនួនប្រមាណ៣ពាន់នាក់។ នៅក្នុងឱកាសជួបសួរសុខទុក្ខកម្មករខ្មែរ ធ្វើការនៅរោងចក្រសាច់មាន់ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កម្មករទាំងអស់បំរើការនៅទីនោះ។ នាឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី សន្យាជួយកម្មករកម្ពុជា នៅពេលបំពេញការងារ ជួបការលំបាកពេលបំពេញការងារ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៥ក្រុម សម្រាប់ចុះដោះស្រាយបញ្ហាលំបាក នៅពេលកម្មករជួបប្រទះបញ្ហាលំបាកពេលធ្វើការនៅថៃ។ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរាជរដ្ឋាភិបាលថៃ បានផ្តល់លិខិតការងារស្របច្បាប់នៅប្រទេសថៃ បានប្រមាណ៧០% ហើយរួមទាំងឯកសារចេញចូលប្រទេសថៃ។ សព្វថ្ងៃនេះមានកម្មករ-កម្មការិនីខ្មែរកំពុងធ្វើការក្នុងវិស័យផ្សេងៗ នៅប្រទេសថៃមានចំនួនជាង១លាននាក់។ គណៈកម្មការរាជរដ្ឋាភិបាល នៅបន្តសហការជាមួយអាជ្ញាធរថៃ ក្នុងការផ្តល់ប័ណ្ណការងារស្របច្បាប់ជូនដល់កម្មករ-កម្មការិនីខ្មែរ នៅសេសសល់ឲ្យទៅបាននូវភាពស្របច្បាប់ជាបន្តទៀត និងមានសិទ្ធិទទួលបាននូវផលប្រយោជន៍ផ្សេងៗ ដូចជាទទួលបានប្រាក់ខែសមរម្យពីថៅកែថៃ និងមានយកចិត្តទុកដាក់មើលថែរក្សាផងដែរ ពីរដ្ឋាភិបាលថៃ៕

website_news/2017241002.txt · Last modified: 2017/10/24 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki