website_news:2017241004

សមត្ថកិច្ចថៃបន្តចាប់បញ្ជូនពលករខ្មែរមកកម្ពុជាជារៀងរាល់ថ្ងៃតាមច្រកប៉ោយប៉ែត

http://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2017-10-22

សមត្ថកិច្ចថៃនៅតែចាប់បញ្ជូនពលករខ្មែរ ដែលធ្វើការខុសច្បាប់ក្នុងប្រទេសថៃជាច្រើននាក់ ត្រឡប់កម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅឡើយ ខណៈលោក ហ៊ុន ម៉ាណែត ដែលថ្មីៗនេះ បានទៅជួបសំណេះសំណាលជាមួយពលករនៅប្រទេសនេះ ដើម្បីជួយសម្រួលឲ្យពួកគេបានធ្វើការស្របច្បាប់ក្ដី។ មន្ត្រីទទួលបន្ទុកពលករត្រឡប់ពីប្រទេសថៃ ប្រចាំច្រកព្រំដែនប៉ោយប៉ែត អះអាងថា ពលករខ្មែរដែលថៃចាប់បញ្ជូនមកនេះ មានទាំងអ្នកលួចធ្វើការខុសច្បាប់ និងអ្នកដែលមកធ្វើលិខិតឆ្លងដែន ដើម្បីទៅធ្វើការស្របច្បាប់។

មន្ត្រីទទួលបន្ទុកពលករនៅច្រកព្រំដែនប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង ឲ្យដឹងនៅថ្ងៃទី២២ តុលា ថា យ៉ាងហោចណាស់សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរតាមច្រកមួយនេះ ប្រគល់មកឲ្យអ្នកស្រី ចន្លោះ ពី១ ទៅ ៥រថយន្តក្នុងមួយថ្ងៃ ដោយរថយន្តខ្លះដឹកពលករប្រមាណពី១៥ ទៅ ៥០នាក់ក្នុងមួយរថយន្តនោះ។ អ្នកស្រីបន្ថែមទៀតថា ពលករដែលបញ្ជូនត្រឡប់មកវិញនោះ អ្នកខ្លះលួចធ្វើការខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃចាប់ ខណៈពួកគាត់កំពុងធ្វើការនៅប្រទេសថៃ និងខ្លះទៀតត្រឡប់មកធ្វើលិខិតឆ្លងដែននៅខ្មែរ ដើម្បីចូលទៅធ្វើការស្របច្បាប់នៅកន្លែងដើមវិញ។ អ្នកស្រីអះអាងថា ខណៈពួកគេត្រឡប់មកវិញនោះ ពលករក៏បានដើរចូលឲ្យប៉ូលិសថៃចាប់ ដើម្បីងាយស្រួលបញ្ជូនពួកគេឆ្លងដែនមកកម្ពុជា៖ «ដែលនៅតិចៗនេះជួនកាលគាត់ធ្វើការនៅព្រំដែន អ្នកខ្លះទៅពីរបីថ្ងៃត្រឡប់មកវិញក៏មាន។ ឥឡូវថៃចាប់បញ្ជូនច្រើន ពួកអ្នកដែលចុះមកធ្វើលិខិតឆ្លងដែន បើពួកគាត់មិនមកតាមផ្លូវនេះទេ វាពិបាកឆ្លងដែន ដូច្នេះហើយបានជាពួកគាត់ឲ្យប៉ូលិសថៃចាប់ដឹកមកខ្មែរ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ហៅ ការចាប់បញ្ជូនពលករមកឲ្យអាជ្ញាធរកម្ពុជានេះថា ជារឿងដដែលៗ កើតឡើងជារៀងរាល់ឆ្នាំ។ លោកអះអាងទៀតថា នៅពេលសមត្ថកិច្ចថៃបញ្ជូនពលករមកនេះ ពេលខ្លះគេដឹកពលករ មានទាំងមនុស្សចាស់និងកុមាររួមគ្នា ដោយដាក់បញ្ចូលក្នុងរថយន្តទ្រុងយ៉ាងណែនទៀតផង៖ «ដូច្នេះអ្វីទាំងនេះរដ្ឋាភិបាលគួរតែពិចារណា យកចិត្តទុកដាក់ដល់ពលករទាំងអស់នេះ ឲ្យពួកគាត់រួចផុតពីទុក្ខលំបាក ដោយសារការចាប់បញ្ជូនមកវិញនេះ ព្រោះពេលខ្លះពួកគាត់មានលិខិតឆ្លងដែនហើយក៏គេចាប់ដែរ»។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានទៅជួបសំណេះសំណាលជាមួយពលករនៅទីក្រុងបាងកក និងនៅខេត្តមួយចំនួនទៀតក្នុងប្រទេសថៃ។

នៅក្នុងពេលសំណេះសំណាលនោះ លោក ហ៊ុន ម៉ាណែត ថែមទាំងបានសន្យាជាមួយពលករថា នឹងជួយសម្រួលឲ្យពួកគេបានធ្វើការនៅក្នុងប្រទេសថៃស្របច្បាប់ ដូចជា ការជំរុញឲ្យមន្ត្រីពាក់ព័ន្ធធ្វើលិខិតឆ្លងដែននៅប្រទេសថៃចំនួន៣កន្លែង ដើម្បីធ្វើជូនពលករមួយថ្ងៃរួចជាដើម៖ «កន្លងទៅភាពមិនស្របច្បាប់នេះរដ្ឋាភិបាលបានជួយ គឺបានចុះអនុសារណៈយោគយល់គ្នាជាមួយភាគីថៃ ដោយកាលពីឆ្នាំ២០១៣ ជួយផ្លាស់ប្ដូរពលករដើម្បីឲ្យស្របច្បាប់ ដើម្បីឲ្យយើងមានលទ្ធភាពបញ្ជូនពលករមកធ្វើការ ហើយយើងបានបញ្ជូនមករាប់សែនហើយ។ ហើយរាល់ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយថ្នាក់ដឹកនាំថៃ គេថា ធ្វើយ៉ាងមិចឲ្យរដ្ឋាភិបាលថៃ ជួយការពារពលករខ្មែរមកទីនេះផង។ ហើយក៏អរគុណដល់រដ្ឋាភិបាលថៃ ក្រសួងការងារថៃ និងអាជ្ញាធរថៃ ក៏ដូចជាក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ជួយការពារ និងជួយពលករខ្មែរយើងដែលបានធ្វើការនៅប្រទេសថៃ»។

បច្ចុប្បន្នពលករធ្វើការនៅប្រទេសថៃ មានជាង ១លាននាក់ ក្នុងនោះពលករធ្វើការស្របច្បាប់ប្រមាណ៧០ម៉ឺន (៧០០.០០០) និងពលករខុសច្បាប់មានជាង៣០ម៉ឺននាក់។ អ្នកស្រី ស៊ិន ណាំយ៉ុង ឲ្យដឹងថា សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរតាមច្រកព្រំដែនប៉ោយប៉ែត កាលពីខែកញ្ញាកន្លងទៅ មានជាង ៣ពាន់នាក់៕

website_news/2017241004.txt · Last modified: 2017/10/24 11:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki