website_news:2017241101

តុលាការបន្ទាយមានជ័យឃុំខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធរឿ ធ្វើអាជីកម្មលើកុមារ ជាង១០នាក់

http://ann.com.kh/ ថ្ងៃព្រហស្បតិ៍, 23 ខែវិច្ឆិកា 2017 3:20 ល្ងាច

បន្ទាយមានជ័យ៖ យោងតាមការឱ្យដឹងរបស់លោក សុខ កែវបណ្ឌិត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមរយៈ Telegram នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថា លោក មុយ សុភក្រ ជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទប្រុសស្រី ២នាក់ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីបង្ខំឱ្យកុមារដើរសុំទាន ជាថ្នូរនឹងកាវហិត។ លោក សុក កែវបណ្ឌិត បញ្ជាក់ថា លោកស្រី ឆេង ហាក់ងិង តំណាងអយ្យការបានចោទប្រកាន់លើជនត្រូវចោទ ទី១.ឈ្មោះ ឈៀង វណ្ណរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២.ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទជ្រើសរើសមិនស្របច្បាប់ សម្រាប់ការកេងប្រវ័ព្ចាន៍ យោងតាមមាត្រា១២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា ជនត្រូវចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួនបានធ្វើឡើងក្រោយពីសមត្ថកិច្ចជំនាញ បានរកឃើញថា ជនត្រូវចោទទាំង២នាក់ខាងលើ បានបង្ខំឲ្យកុមារា កុមារីរងគ្រោះចំនួន ១១នាក់ ដើរសុំទាន នៅក្នុងផ្សាររុងក្លឿ ក្នុងប្រទេសថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនៅក្នុងបរិវេណកាស៊ីណូ ដោយកំណត់ក្នុង១ថ្ងៃ ម្នាក់សុំទានឲ្យបានប្រាក់៥ម៉ឺនរៀល ទើបឲ្យបាយហូប និងកាវហិត បើមិនដូច្នោះទេ នឹងបង្អត់បាយដល់កុមាររងគ្រោះទាំងអស់នោះ៕

website_news/2017241101.txt · Last modified: 2017/11/24 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki