website_news:2017241104

ជប៉ុនគ្រោងទទួលយក ពលករ កម្ពុជាទៅបម្រើមនុស្សចាស់នៅជប៉ុន

http://www.rasmeinews.com/ November 24, 2017

(ភ្នំពេញ)៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួមជាមួយនឹងប្រធានសហជីពធនធានមនុស្សអន្តរជាតិមកពីប្រទេសជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នាមួយ ដើម្បីធ្វើការបញ្ជូនពលករកម្ពុជាទៅបម្រើលើវិស័យសេវាកម្មថែទាំមនុស្សចាស់នៅប្រទេសជប៉ុននាថ្ងៃខាងមុខ។

ថ្លែងបញ្ជាក់ក្រោយបញ្ចប់ជំនួបជាមួយលោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិមកពីប្រទេសជប៉ុន កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងមក លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាបច្ចុប្បន្នកម្ពុជា-ជប៉ុន កំពុងតែស្ថិតនៅក្នុងដំណាក់កាលទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនៈកិច្ចទៅវិញទៅមក ដែលនេះជាការរិតចំណងមិត្តភាពរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ លើសពីនេះទៀតមានអ្នកវិនិយោគជប៉ុនបានចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ហើយក្នុងនោះកំណើនទេសចរណ៍ជប៉ុនមកកម្ពុជាក៏កាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំពោះប្រទេសជប៉ុនដែលមានបំណងមកស្វែងរកពលករកម្ពុជាក្នុងការបម្រើលើសេវាថែទាំមនុស្សចាស់នេះ លោកស្វាគមន៍និងសង្ឃឹមថាកិច្ចពិភាក្សានេះនឹងសម្រេចនៅថ្ងៃខាងមុខ។ជាមួយគ្នានេះលោកក៏ចង់ឃើញកំណើន ប្រជាពលរដ្ឋកម្ពុជាទៅធ្វើការងារនៅជប៉ុន ច្រើនជាងបច្ចុប្បន្នផងដែរ។ ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុនទាំង១៧ កម្ពុជាឈលេខរៀងទី៦ ហើយលោកក៏ចង់ឃើញលេខរៀងតិចជាងនេះ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានបញ្ជាក់ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីនាកន្លងមកដែរកម្ពុជា ជប៉ុនមានតែកិច្ចព្រមព្រៀងតែលើវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់ប៉ុណ្ណោះ ហើយលោកក៏ចង់ឲ្យមានកិច្ចសហការលើវិស័យសេវាកម្មថែទាំមនុស្សចាស់ពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ភាពស្របច្បាប់ និងគិតគូពីសុខទុក្ខរបស់កម្មសិក្សាការីកម្ពុជា។ លើសពីនោះទៀត ខាងសហជីពធនធានមនុស្សអន្តរជាតិ ត្រូវមានការណែនាំ តម្រង់ទិសនិងបណ្តុះបណ្តាលពីភាគីជប៉ុនមុននិងបញ្ជូនកម្មសិក្សាការីទៅបម្រើការងារ ហើយសហជីពត្រូវបង្កើតភ្នាក់ងារដើម្បីណែនាំ និងត្រូវចុះបញ្ជីនៅក្រសួងការងារជាមុនសិន៕ដោយ៖ដេប៉ូ/sn

website_news/2017241104.txt · Last modified: 2017/11/24 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki