website_news:2017241110

រថយន្តបុករថយន្តផ្ទុះឆេះ ស្លាប់ពលករសរុប១៣នាក់ នៅប្រទេសថៃ

http://cambodiapolice.com/ ម៉ោង 1:08 pm 24 វិច្ឆិកា 2017

ប្រទេសថៃ ៖ ពលករដែលមានទិសដៅទៅធ្វើការនៅទីក្រុងបាងកកចំនួន១៣នាក់ រួមជាមួយនឹងអ្នកបើកបរម្នាក់ ដែលជាជនជាតិថៃ ត្រូវបានស្លាប់ព្រមទាំងឆេះខ្លោចសឹងមើលលែងយល់ ខណៈដែលអ្នកបើកបររូបនេះ បានប្រើប្រាស់ល្បឿនលឿនក្នុងពេលយប់ងងឹតហើយជ្រុលទៅបុកនឹងរថយន្តធុនធ្ងន់ ដោយសារបាត់បង់ភាពជាម្ចាស់ការ ហើយត្រូវរថយន្តផ្ទុះឆេះឡើងតែម្តង ។

យោងតាមរបាយការណ៍របស់ថៃដែលយើងទទួលបានគឺ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវអេឈៀ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៩០+៦០០ក្នុងខេត្ត សិង្ហបុរី ប្រទេសថៃ រវាងរថយន្តសាំយ៉ុង ពាក់ស្លាកលេខ បាងកក ៣៣~៣២៤១ជាមួយនឹងរថយន្តធុនដឹកជញ្ជូនកង់១០ ម៉ាក មីតស៊ុយប៊ីស៊ីពណ៌ស ពាក់ស្លាកលេខនគរសុវណ្ណ ៨១~៧៤០៧ ដែលបើកបរក្នុងទិសដៅស្របគ្នា ។

តាមការអះអាងពីឈ្មោះ សុនថន ហ្វាក់ថង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅខេត្តនគរសុវណ្ណ និងជាអ្នកបើកបររថយន្តធំផងនោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុគឺខ្លួនបានបើករថយន្តដឹកអង្ករ ចេញពីខេត្តនគរសុវណ្ណ ឆ្ពោះទៅខេត្តសារៈបុរី លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែឃើញរថយន្តសាំយ៉ុងមួយគ្រឿងនេះ បានបើកមកយ៉ាងលឿន ហើយបុកគូទរថយន្តរបស់លោកពីក្រោយយ៉ាងពេញទំហឹង រួចក៏ជ្រុលទៅមុខប្រហែល១០ម៉ែត្រ ក៏បានផ្ទុះឆេះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ដោយលោកបានត្រឹមតែទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចតម្រួតអោយជួយអន្តរាគមន៍តែប៉ុណ្ណោះ ។

នៅក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅនេះ គ្មានអ្នកណាម្នាក់អាចចូលទៅជួយជនរងគ្រោះនៅក្នុងរថយន្តបានឡើយ រហូតធ្វើអោយមនុស្សទាំងអស់នៅក្នុងរថយន្ត ឆេះក្រៀមខ្លោចសឹងតែមើលមិនដឹងថាជាមនុស្សប្រុស ឬស្រី ហើយមានវ័យប្រហែលប៉ុន្មានឡើយ ប៉ុន្តែក្រោយពេលសមត្ថកិច្ចថៃ ចុះទៅត្រួតពិនិត្យ ព្រមទាំងបានប្រើប្រាស់ឧបករណ៍ កាត់ជញ្ជាំងរថយន្តដើម្បីទាញយកសពចេញពីក្នុងរថយន្ត ដោយសរុបមានចំនួន១៤នាក់។

សមត្ថកិច្ចបានអះអាងថា រថយន្តនេះគឺអ្នកបើកបរជាជនជាតិថៃ ដោយបានដឹកពលករជាជនជាតិភូមា សរុបចំនួន១៣នាក់ ចេញពីស្រុកម៉ែសត ខេត្តតាក ឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ហើយក៏បានជួបនឹងគ្រោះថ្នាក់បែបនេះ ដោយបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសពទាំងអស់ទៅកាន់អង្គភាពជំនាញដើម្បីពិនិត្យ D M A ក្នុងការវិភាគរកអត្តសញ្ញាណ ក្នុងការបញ្ជូនទៅអោយក្រុមគ្រួសាររៀងៗខ្លួន ៕

website_news/2017241110.txt · Last modified: 2017/11/24 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki